Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពី​រចនាសម្ព័ន្ធ ភារកិច្ចការងារ​នៅ​ក្រសួង​​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ប្រគល់បេសកកម្មឱ្យដឹកនាំ​ និងគ្រប់គ្រងវិស័យការងារ​​និងវិស័យបណ្តុះបណ្តាល​វិជ្ជាជីវៈនៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋាភិបាល​នីតិកាលទី ៧ នៃ​រដ្ឋសភា ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមាន​ការ​ផ្លាស់ប្តូរ​ដោយ​លោក ហេង សួរ អតីតរដ្ឋលេខាធិការ​​ ត្រូវ​បាន​តែងតាំងជា​រដ្ឋមន្រ្តីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានមុខងារនិងភារកិច្ចដូចតទៅ៖

– អនុវត្តច្បាប់ស្តីពីការងារ សំដៅធានា កែលម្អអនាម័យនិងសន្តិសុខការងារ សុខភាព កម្មករ​និយោជិត និង​លក្ខខណ្ឌធ្វើការងារ​នៅក្នុងសហគ្រាស គ្រឹះស្ថាន
– ធ្វើអធិការកិច្ចតាម​សហគ្រាស គ្រឹះស្ថានតាមការកំណត់​នៃបទប្បញ្ញត្តិស្តីពីរដ្ឋបាលការងារ
– តាមដានការអនុវត្តច្បាប់​ស្តីពីការងារ​និងបទប្បញ្ញត្តិពាក់ព័ន្ធ​ទៅនឹងបទដ្ឋានការងារ លក្ខខណ្ឌ​ការងារ អនាម័យ និង​សន្តិសុខ​ការងារ និងការការពារសុខភាពកម្មករនិយោជិត
– ជួយការពារ និងសម្របសម្រួលទំនាក់ទំនង​រវាងបណ្តាអង្គការ​តំណាងរបស់កម្មករ និយោជិត និង​សមាគមនិយោជក និងបណ្ដាការងារនៃសេដ្ឋកិច្ចមិនរៀបរយ
– ធ្វើការសម្របសម្រួលរាល់ទំនាក់ទំនង​ជាមួយក្រសួង ស្ថាប័ន អង្គការនានា ក្នុងតំបន់​និង​លើសកលលោក​ដើម្បីជំរុញវិស័យការងារ​ដោយសហការជាមួយក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ
– ដំណើរការតាមនីតិវិធីនូវការ​ដោះស្រាយវិវាទការងាររួម​និងបុគ្គល
– គ្រប់គ្រងការងារ​ប្រើប្រាស់ពលកម្មកម្ពុជាទាំងក្នុង​និងក្រៅប្រទេស និងសហការក្នុងការ គ្រប់គ្រង​ជនបរទេស​ដែលចូលមកប្រកបមុខរបរនៅក្នុងប្រទេស
– សិក្សា និង​រៀបចំគោលនយោបាយជាតិ​ស្តីពីការគ្រប់គ្រងមុខរបរ និង​ហត្ថពលកម្ម
– ដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបប​សន្តិសុខ​សង្គម សម្រាប់​ជនទាំងឡាយ​ដែលស្ថិត​នៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ស្តីពី​ការងារ និង​ដំណើរការ​បេឡាជាតិ​របបសន្តិសុខ​សង្គម
– អនុវត្ត​គោលនយោបាយ​របស់រាជរដ្ឋាភិបាល អនុសញ្ញា និង​សន្ធិសញ្ញាអន្តរជាតិដែល​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ
– សិក្សា​និងរៀបចំ​គោលនយោបាយ​ជាតិស្ដីពីមុខរបរ ដើម្បីធ្វើការបូក​សរុប​សេចក្តីត្រូវការ​នៃ​ទីផ្សារ​ការងារ
– តាក់តែង​និងអភិវឌ្ឍគោលនយោបាយ​ស្ដីពីមុខរបរ ដោយឈរលើនយោបាយជាតិ​សម្រាប់ ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ
– តាក់តែងនិង​អភិវឌ្ឍគោលនយោបាយជាតិសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈ
– តាក់តែង​គោលការណ៍​និងគ្រប់គ្រងប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ
– ពិនិត្យ​សំណើសុំបង្កើត ទទួលស្គាល់គ្រឹះស្ថាន មជ្ឈមណ្ឌល ថ្នាក់រៀន​អប់រំបណ្ដុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈគ្រប់ប្រភេទ
– គ្រប់គ្រង ត្រួតពិនិត្យ និង​វាយតម្លៃគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈសាធារណៈ និង​ឯកជន
– ធ្វើការ​សម្របសម្រួល​រាល់ទំនាក់ទំនង​ជាមួយក្រសួង ស្ថាប័ន អង្គការ​នានា ក្នុងតំបន់និង លើ​សកលលោក ដើម្បីជំរុញការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជា្ជជីវៈ ដោយ​សហការជាមួយ​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ
– សហការជាមួយ​សហគ្រាស គ្រឹះស្ថាន បច្ចេកទេស​និងវិជ្ជាជីវៈ​ដើម្បី​ពង្រឹងនិង​លើកកម្ពស់ការអប់រំ​បណ្ដុះបណ្ដាល
– តាក់តែង​និងអភិវឌ្ឍស្តង់ដាមុខរបរ ស្របតាមសេចក្តីត្រូវការ​ទីផ្សារការងារក្នុងនិង​ក្រៅ​ប្រទេស
– រៀបចំនិងគ្រប់គ្រងការធ្វើតេស្តអំពី​កម្រិតវិជ្ជាជីវៈគ្រប់ប្រភេទមុខរបរ និង​ធ្វើការផ្តល់ឬដកហូត​បណ្ណទទួលស្គាល់​វិជ្ជាជីវៈដោយយោងតាមលទ្ធផលនៃការធ្វើតេស្ត
– គ្រប់គ្រងការងារ​ហ្វឹកហ្វឺន​កូនជាងនិង​បេឡានៃការហ្វឹកហ្វឺនកូនជាង តាមច្បាប់ស្តីពីការងារ
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត​តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានរចនាសម្ព័ន្ធដូចតទៅ៖

ក-ថ្នាក់កណ្តាល

-ខុទ្ទកាល័យរដ្ឋមន្ត្រី
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
-អគ្គនាយកដ្ឋានការងារ
-អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
-អគ្គាធិការដ្ឋាន។

ខ-អង្គភាពមូលដ្ឋាន

គ-គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាល

អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួនជាជំនួយ​ការតាម​ការចាំបាច់។
អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងមានអគ្គាធិការរងមួយចំនួនជាជំនួយការតាមការ​ចាំបាច់។
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន​ជាជំនួយការតាម​ការចាំបាច់។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និង​រដ្ឋលេខាធិកា​រដ្ឋាន។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុក​អនុវត្តភារកិច្ច​តាមអនុក្រឹត្យ​លេខ ៤០ អនក្រ.បក ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិង​ការប្រព្រឹត្តទៅនៃ​សវនកម្មផ្ទៃក្នុងនៅតាមបណ្តា​ស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទទួលបន្ទុកការងារទំនាក់ទំនងសម្របសម្រួលគ្រប់គ្រង កិច្ចការ​រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ផែនការ ស្ថិតិ នីតិកម្ម និង​សហប្រតិបត្តិការអន្តរជាតិ។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានរចនាសម្ព័ន្ធដូចខាងក្រោម៖

– នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
– នាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
– នាយកដ្ឋានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

អគ្គនាយកដ្ឋានការងារ

អគ្គនាយកដ្ឋានការងារទទួលបន្ទុកការងារទំនាក់ទំនង សម្របសម្រួល គ្រប់គ្រងកិច្ចការអធិការកិច្ចការងារ វិវាទការងារ មុខរបរនិងហត្ថពលកម្ម ការងារកុមារ និងពេទ្យការងារ។

អគ្គនាយកដ្ឋានការងារមានរចនាសម្ព័ន្ធដូចខាងក្រោម៖

-នាយកដ្ឋានអធិការកិច្ចការងារ
-នាយកដ្ឋានវិវាទការងារ
– នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម
– នាយកដ្ឋានការងារកុមារ
-នាយកដ្ឋានពេទ្យការងារ។

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ ទទួលបន្ទុកការងារ​តាក់តែងគោលនយោបាយ​អភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជ្ជាជីវៈ​និងគ្រប់គ្រងលើការងារអប់រំ បណ្ដុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង តាមច្បាប់ស្តីពីការងារ ព័ត៌មានទីផ្សារការងារក្នុងនិងក្រៅប្រទេស ធានា​គុណភាព​អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​អភិវឌ្ឍស្តង់ដានិងកម្មវិធីសិក្សា។

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ​មានរចនាសម្ព័ន្ធដូចមានខាងក្រោម៖

– នាយកដ្ឋានព័ត៌មានទីផ្សារការងារ
– នាយកដ្ឋានបណ្តុះបណ្តាល
– នាយកដ្ឋានស្តង់ដានិងកម្មវិធីសិក្សា
– នាយកដ្ឋានធានាគុណភាព
– នាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត
– នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានមានតួនាទីនិងភារកិច្ចដូចតទៅ៖

– ធ្វើអធិការកិច្ចជាប្រចាំលើគ្រប់អង្គភាពក្រោមឱវាទរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ពិនិត្យ សម្រុះសម្រួល និងដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធដល់សមត្ថកិច្ចនិង សកម្មភាព​របស់មន្ត្រី​និងភ្នាក់ងាររបស់ក្រសួង
– ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅរបស់អង្គភាព ដែលបានធ្វើអធិការកិច្ចហើយនិង​អំពីវិធានការ​កែលម្អ​ការប្រព្រឹត្តរបស់អង្គភាពនោះ
– អនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូនប្រគល់ជូន។

អង្គភាពមូលដា្ឋន

នៅតាមរាជធានី ខេត្តនីមួយៗ មានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដែលទទួលបន្ទុកអនុវត្តនិងសម្របសម្រួលសកម្មភាពនានារបស់ក្រសួង។

នៅតាម​ក្រុង ស្រុក ខណ្ឌ មានការិយាល័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបន្ទុក អនុវត្ត និង​សម្របសម្រួលសកម្មភាព​នានារបស់ក្រសួង​និងតាមបទបញ្ជារបស់មន្ទីរ។

គ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមអាណាព្យាបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាលនានា ដែលស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម លក្ខខណ្ឌ​នៃបទបញ្ជា​កំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ស្ថាប័នត្រួតពិនិត្យ​ហិរញ្ញវត្ថុលើការ​ចំណាយថវិកាក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២៨ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២៩ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម