ព័ត៌មានជាតិ
លោក ហេង សួរ ៖ TVET ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា កម្មវិធី TVET ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគ្រប់ភាគីទាំងអស់។

ការលើកឡើងនេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ធាវ ឡេឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កាលពីរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ហេង សួរ មានប្រសាសន៍ថា ថ្នាក់ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ ដែលត្រូវបានបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាពេលនេះ ស្របពេលភាគីទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ គឺជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥ សែននាក់ (TVET 1.5M) ដែលជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី លើកឡើងថា «កម្មវិធី TVET មិនត្រឹមតែជាមធ្យោបាយផ្ដល់ជំនាញ និងការផ្ដល់ការងារដល់យុវជននោះទេ ប៉ុន្តែក៏ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគ្រប់ភាគីទាំងអស់»។

លោកបន្ថែមថា សិង្ហបុរី ជាដៃគូដ៏សំខាន់ដែលបានគាំទ្រដល់ការផ្ដល់ជំនាញថ្នាក់ម្ហូបអាហារសិង្ហបុរី-ខ្មែរ។ លើសពីនេះ ក៏បានចូលរួមបង្កើតផលិតភាពទំនើបៗ បង្កើតកម្មវិធីប្រកួតប្រជែងក្នុងក្របខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពគ្រូបង្គោល ពង្រឹងសមត្ថភាពអភិបាលកិច្ចរបស់វិទ្យាស្ថាន និងចែករំលែកបទពិសោធទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារការងារនៅលើឆាកអន្តរជាតិ។

សូមរំឭកថា ទំនាក់ទំនងការទូតរវាង កម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៥ ហើយរយៈពេល ៦០ ឆ្នាំ នៃចំណងការទូតនេះ ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស៕
អត្ថបទ ៖ ពិសី


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


