ព័ត៌មានជាតិ
លោក ហេង សួរ ៖ វិទ្យាស្ថានNPIC បានដើរតួនាទីយ៉ាងសំខាន់បណ្ដុះបណ្ដាល ក្រុមយុវជនគោលដៅ និងពលរដ្ឋកម្ពុជា ឲ្យមានជំនាញច្បាស់លាស់
លោក ហេង សួរ សង្កត់ធ្ងន់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលជំនាញដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋកម្ពុជា ឲ្យមានជំនាញច្បាស់លាស់។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក PARK Jong-Wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប ២០ ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងពិព័រណ៍ការងារលើកទី ៤ ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះដែរ លោក ហេង សួរ បានមានប្រសាសន៍ថា ក្នុងរយៈពេល ២០ ឆ្នាំ មកនេះ វិទ្យាស្ថានNPIC បានក្លាយជាគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញដ៏លេចធ្លោមួយ ដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិ តាមរយៈការរក្សាបាននូវគុណភាពបណ្ដុះបណ្ដាលបច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារ ជាកត្តាផ្ដល់ជូនសិស្ស-និស្សិត និងសិក្ខាកាម ឲ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈ ដែលបានធ្វើឲ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា កត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្ដានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមិទ្ធផលដំបូង នៃកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញនេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ ២០០៥ ដែលមានសិស្សចំនួនត្រឹម ២០០ នាក់ ជាមួយនឹង ៨ មុខជំនាញ ប៉ុន្តែមកដល់បច្ចុប្បន្ន វិទ្យាស្ថានមានសិស្ស-និស្សិតចំនួនជាង ៧.៨ ពាន់នាក់ កំពុងសិក្សាលើមុខជំនាញ ២៤ ខណៈសិស្ស-និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណជាង ១,៣ ម៉ឺននាក់ គិតត្រឹមឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ខណៈរាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ១,៥ លាននាក់ យ៉ាងសកម្មនោះ វិទ្យាស្ថាន ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុងការបណ្ដុះបណ្ដាលជំនាញដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋកម្ពុជា ឲ្យមានជំនាញច្បាស់លាស់ ដែលបាននិងកំពុងផ្ដល់ឱកាសឲ្យសិក្ខាកាមមានការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ»។
យ៉ាងណាក៏ដោយជាមួយនឹងមោទនភាព នៃខួប ២០ ឆ្នាំនេះ លោក ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានសង្កត់ធ្ងន់ពីការចូលរួមចំណែករបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និងដូចមានកំណត់ក្នុងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ក្រសួងដែលរួមមានគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ២០២៤-២០២៨ និងគោលនយោបាយ និងផែនការពាក់ព័ន្ធផ្សេងទៀតផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


