ព័ត៌មានជាតិ
លោក ហេង សួរ ៖ ការចូលរួមពីពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ រឹតតែធ្វើឲ្យកម្លាំងការពារជាតិកម្ពុជាកាន់តែរឹងមាំ
លោក ហេង សួរ បញ្ជាក់ថា ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខនេះ គឺ រឹតតែធ្វើឲ្យកម្លាំងការពារជាតិកម្ពុជាកាន់តែរឹងមាំ។

ការបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហជីព អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ ៤២ ដែលកំពុងឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោក ហេង សួរ បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ ៤២ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករ-និយោជិត ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងព្រះសង្ឃ បព្វជិតសាសនាផ្សេងៗ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្មករ-និយោជិត ទាំងវិស័យឯកជន អាជីវករ ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខនេះ គឺ រឹតតែធ្វើឲ្យកម្លាំងការពារជាតិយើងកាន់តែរឹងមាំ»។

លោករដ្ឋមន្ត្រីបន្តទៀតថា ការសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ដោយផ្ទាល់នេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សហជីព កម្មករ-និយោជិត នៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។ កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ មិននៅឯកោទេ ពោលគឺមានតែទទួលបានការគោរពដឹងគុណ ផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅណាស់ ពីព្រោះយើងទាំងអស់គ្នាក៏ជាកូនចៅរបស់កងកម្លាំងប្រដាប់អាវុធផងដែរ។

ជាមួយនេះ លោក ហេង សួរ ក៏បានបង្ហាញការប្ដេជ្ញាចិត្តគាំទ្រគ្រប់បែបយ៉ាងជូនកងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗ របស់កងទ័ព សំដៅធានាឲ្យបាននូវជ័យជម្នះក្នុងការការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ជាតិកម្ពុជា។

គួរជម្រាបថា គ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ ៤២ រួមមាន ៖ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់គោងៀត ទឹកបរិសុទ្ធ ថ្នាំសង្កូវ តង់កៅស៊ូ កំសៀវ ម៉ាស៊ីនភ្លើង ព្រីខ្សែភ្លើង និងប្រេងម៉ាស៊ូត៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


