ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ការដាក់ចេញរបបសន្តិសុខសង្គមផ្នែកសោធន ធ្វើឱ្យកម្ពុជាមានប្រព័ន្ធគាំពារសង្គមកាន់តែមានសង្គតិភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ការដាក់ចេញរបបសន្តិសុខសង្គមផ្នែកសោធន ធ្វើឱ្យកម្ពុជាមានប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសន្តិសុខសង្គម កាន់តែមានសង្គតិភាព និងមានសមធម៌។

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា កាលពីពេលថ្មីៗ នេះ លោករដ្ឋមន្ត្រី បានបន្តថា «មកដល់ពេលនេះ ទាំងវិស័យសាធារណៈ ទាំងវិស័យឯកជន គឺទទួលបាននូវរបបសន្តិសុខសង្គមដូចគ្នា ខណៈកាលពីមុនវិស័យឯកជនទទួលបានតែរបបហានិភ័យការងារ និងផ្នែកថែទាំសុខភាព ប៉ុន្តែមិនទទួលបានផ្នែកសោធននោះទេ។ ចំណែកមន្ត្រីសាធារណៈទទួលបានផ្នែកសោធន តែមិនទទួលបានផ្នែកហានិភ័យការងារ និងថែទាំសុខភាព តែឥឡូវនេះ ទាំងវិស័យឯកជន និងសាធារណៈ គឺទទួលបាន ៣ ដូចគ្នា ដែលធ្វើឱ្យកម្ពុជាមានប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសន្តិសុខសង្គមមួយមានសង្គតិភាព ហើយអាចធ្វើឱ្យប្រជាពលរដ្ឋជ្រើសរើសគន្លងអាជីពរបស់ខ្លួនជាមន្ត្រីរាជការក៏បាន ជាបុគ្គលិកក្រុមហ៊ុនក៏បាន ព្រោះថា ទោះបីជាខ្លួនបំពេញការងារក្នុងវិស័យឯកជន ឬសាធារណៈ ថ្ងៃក្រោយអាចផ្លាស់ប្ដូរគ្នាបាន អាចបូកយោងបន្តគ្នាបាន មិនអាចផ្តាច់ពីការបង់ភាគទាន ឬខាតបង់នូវអត្ថប្រយោជន៍ពេលយើងផ្លាស់ប្ដូរតួនាទី ឬអាជីពនៅក្នុងជីវិតរបស់យើងនោះឡើយ»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានលេចរូបរាងជាលើកដំបូងនៅកម្ពុជា នាទសវត្សរ៍ឆ្នាំ ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ”។ ប៉ុន្តែគួរឱ្យសោកស្ដាយ កម្មវិធីគាំពារសុខភាពនេះ ត្រូវបានបំផ្លាញទាំងស្រុងក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានស្ដារឡើងវិញជាជំហានៗ ហើយរហូតដល់ឆ្នាំ ២០០២ ច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ ២០០៧។

លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍន៍លើរបបសន្តិសុខសង្គមសម្រាប់សង្គមជាតិ ជាក់ស្ដែងនៅឆ្នាំ ២០១៩ ច្បាប់ស្ដីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សេដ្ឋកិច្ច និងសង្គម ដោយផ្ដោតលើ ៤ ចំណុចសំខាន់ៗ ៖ (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។ បន្ទាប់មកទៀត កម្មវិធីគាំពារសង្គមតាមរយៈរបបសន្តិសុខសង្គម ត្រូវបានអនុវត្តកាន់តែទូលំទូលាយ ទាំងក្របខណ្ឌរាជរដ្ឋាភិបាល និងវិស័យឯកជន តាមជំហានបន្តបន្ទាប់ ដែលផ្ដល់នូវភាពសំខាន់បំផុតក្នុងការថែទាំសុខភាពរបស់កម្មករ-និយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

គួរបញ្ជាក់ថា គិតមកត្រឹមខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៨ ៦៦៩ នាក់ ស្រី ១៥០ ៩០៨ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ១២២ នាក់ ស្រី ១ ១២៤ ៨០១ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់ និងអ្នកក្នុងបន្ទុក ១៨៧ ០៥៥ នាក់ ស្រី ១០៧ ៧៥៩ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


