ព័ត៌មានជាតិ
អាជីវករលក់ដូរតាមផ្សារក្នុងក្រុងបាត់ដំបង នៅតែនិយមប្រើថង់ប្លាស្ទិក វេចខ្ចប់អាហារដល់អតិថិជន
នៅតាមទីផ្សារនានានៅក្នុងក្រុងបាត់ដំបងក៏ដូចជាតាមបណ្តាស្រុក អាជីវករភាគច្រើននៅតែបន្តប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់វេចខ្ចប់ ម្ហូបអាហារ នំចំណី ត្រីសាច់ ជាដើម។

ពលរដ្ឋរស់នៅក្រុងបាត់ដំបង អ្នកស្រី ធារី បានលើកឡើងថា «បើនិយាយពីថង់ប្លាស្ទិកគ្រាន់តែគ្រួសារខ្ញុំវិញ ចង់ ២ ការ៉ុង។ ពេលខ្ញុំចូលផ្សារម្តងៗអាជីវករច្រកត្រីសាច់ម្តងថង់ ២ ចុះនៅបន្លែ និងគ្រឿងផ្សេងៗទៀតជិត ១០ ថង់ប្លាស្ទិកបាត់ទៅហើយ»។
ពលរដ្ឋមួយរូបទៀត អ្នកស្រី ចាន់ នី ដែលរស់នៅសង្កាត់រតន: ក្រុងបាត់ដំបងបានឲ្យដឹងថា «គ្រួសារខ្ញុំកូនច្រើន មិនទាន់គិតអំពីថង់វេចខ្ចប់ទិញម្ហូបពីផ្សារផង។ គ្រាន់តែកូនៗទិញនំចំណីមួយថ្ងៃៗខ្ញុំដើរប្រមូលចង់ហត់ ហើយបើគិតទាំងថង់ប្លាស្ទិកដែលខ្ញុំខ្ចប់ទិញម្ហូបមកពីផ្សារទៀត មួយខែអាច ២ ការ៉ុង។ តែខ្ញុំបានប្រមូលដុតក្នុងរណ្តៅ ដែលបានជីកទុកសម្រាប់ប្រមូលថង់ទុកដុតម្តងៗ តែវាក៏បង្កក្លិនស្ងៀមដល់អ្នកជិតខាង»។
ទាក់ទងគ្រប់គ្រងការប្រើប្រាស់ថង់ប្លាស្ទិក ពលរដ្ឋលើកឡើងប្រហាក់ប្រហែលគ្នាថា បើសិនជាចង់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក មន្ត្រីជំនាញឬអាជ្ញាធរពាក់ព័ន្ធគួរតែចុះណែនាំទៅអាជីវករលក់ដូរតាមទីផ្សារ មិនមែនគ្រាន់តែចុះតាមបណ្តាស្រុកហើយធ្វើការណែនាំដល់សិស្សសាលាប៉ុណ្ណោះទេ នាំតែខាតពេលនិងថវិកាធ្វើដំណើរដោយគ្មានប្រសិទ្ធិភាព។
ពលរដ្ឋថា ការប្រើប្រាស់ថង់ប្លាស្ទិកពិតប្រាកដមិនមែនកូនសិស្ស ឬពលរដ្ឋនៅតាមមូលដ្ឋានទេ គឺជាអាជីវករលក់ដូរតាមទីផ្សារឯនោះទេ ដែលជាអ្នកប្រើប្រាស់ពិតប្រាកដ គួរមន្ត្រីជំនាញអនុវត្តឲ្យបានចំចំណុចនិងគោលដៅច្បាស់លាស់។

មន្ត្រីបរិស្ថានធ្លាប់បានឲ្យដឹងថា ខាងមន្ត្រីជំនាញតែងតែងចុះណែនាំតាមសាលារៀននានានៅតាមបណ្តាស្រុក អំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយដាក់ក្រោមប្រធានបទ “យើងទាំងអស់គ្នាចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក”។ តែការឆ្លើយតបពីប្រជាពលរដ្ឋថា រហូតមកដល់ពលនេះ អត់មានប្រសិទ្ធិភាព ចំនួនការប្រើប្រាស់ហាក់គ្មានការថយចុះ បើសិនជាមន្ត្រីជំនាញមិនកំណត់យកអាជីវករលក់ដូរតាមទីផ្សារជាគោលដៅចម្បង។
កម្ពុជាថ្មីមិនទាន់បានការឆ្លើយតបពីលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត ខណះលោកបានចូលមើលសំណួរ កម្ពុជាថ្មី តែមិនមានការឆ្លើយតបនៅឡើយ។
បើយោងតាមកំណត់ត្រាស្តីពីកម្រិតនៃការបំបែកធាតុអំពីផលិតផលប្លាស្ទិកគឺ ថង់ប្លាស្ទិកមានកម្រិតរយះពេលពី ១០ ដល់ ២០ ឆ្នាំ ,កន្ទុយបារី ១០ ដល់ ១២ ឆ្នាំ ,កែវកាហ្វេខ្ចប់យកតាមខ្លួន ៣០ ឆ្នាំ ,កែវស្នេា ៥០ ឆ្នាំ ,បំពង់បឺតប្លាស្ទិក ២០០ ឆ្នាំ ប្រដាប់ដាក់ភេសជ្ជៈធ្វើពីប្លាស្ទិក ៤០០ ឆ្នាំ ,ដបប្លាស្ទិក ៤៥០ ឆ្នាំ ,កែវប្លាស្ទិក ៤៥០ ឆ្នាំ, កន្ទបកូនក្មេងដែលប្រើប្រាស់ហើយចោល ៥០០ ឆ្នាំ ,ច្រាសដុសធ្មេញជ័រប្លាស្ទិក ៥០០ ឆ្នាំ ,ខ្សែសន្ទូចជ័រប្លាស្ទិក ៦០០ ឆ្នាំ និងសំឡីអនាម័យ ៥០០-៨០០ ឆ្នាំ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


