ព័ត៌មានជាតិ
រដ្ឋមន្រ្តីឆ្នើមកម្ពុជា ៤រូប ត្រូវបានតែងតាំងឱ្យរៀបចំឯកសារប្តឹងទៅ ICJ ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការមួយទទួលខុសត្រូវរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ បានតែងតាំងរដ្ឋមន្រ្តី ៤ រូប ក្នុងនោះរួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាប្រធាន។ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន។
បន្ថែមពីលើនេះ មានអនុប្រធានពីររូបទៀតគឺ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីនោះមានសមាជិកដែលជាមន្រ្តីជំនាញមួយចំនួនត្រូវបានចាត់តាំងឱ្យចូលរួមដើម្បីគាំទ្រដល់ដំណើរការផ្លូវច្បាប់លក្ខណៈអន្តរជាតិដ៏សំខាន់មួយនេះ។

គណៈកម្មការនេះ មានភារកិច្ចពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់ ហើយពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។
គណៈកម្មការ ក៏មានភារកិច្ចពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់, ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ឃើញថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនាពេលនេះ បានបញ្ជាក់ពីជំហរច្បាស់លាស់របស់កម្ពុជាសម្រាប់ការដោះស្រាយវិវាទរវាងកម្ពុជា និងថៃ ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ លោកបញ្ជាក់បន្ថែមថា ពីព្រោះកម្ពុជាចង់បានការវែកញែកពិភាក្សាលក្ខណៈអន្តរជាតិ ដើម្បីរកឃើញនូវបញ្ហា និងភាពត្រឹមត្រូវច្បាស់លាស់នៅក្នុងទំនាស់អធិបតេយ្យនេះ ហើយបើសិនជាថៃអះអាងថាខ្លួនត្រឹមត្រូវនោះ មិនគួរខ្លាចតុលាការយុត្តិធម៌អន្តរជាតិនោះទេ។
ចំណែកអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងថា ការប្តឹងទៅតុលាការអន្តរជាតិគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

ការសម្រេចឈានជំហានថ្មីទៅកាន់តុលាការ ICJ ធ្វើឡើងចំពេលមានភាពតានតឹងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីព្រំដែនទាំងពីរមានសភាពស្ងប់ស្ងាត់ចាប់តាំងពីឆ្នាំ ២០១៣មក។ ការឡើងកម្តៅជាថ្មីនេះ បានកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារលើលេណដ្ឋានកងទ័ពកម្ពុជានៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិត។
គួរជម្រាបថា ករណីទាំង៤ខាងលើដែលកម្ពុជាសម្រេចប្តឹងទៅតុលាការអន្តរជាតិនេះ ពុំមាននៅក្នុងរបៀបវារៈ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនោះទេ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ