ព័ត៌មានជាតិ
ពេលចុះទៅព្រំដែន បណ្ឌិត ជេត ជាលី មើលឃើញពីភាពអង់អាចក្លាហានរបស់កងទ័ព និងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ពលរដ្ឋខ្មែរ
បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសរសេរលើបណ្តាញសង្គមនារសៀលថ្ងៃទី១១ ខែមិថុនា ថា អំឡុងពេលដែលលោកបណ្ឌិតចុះជួបកងទ័ពជួរមុខ និងពលរដ្ឋដែលជម្លៀសខ្លួននៅព្រំដែន ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា លោកសង្កេតឃើញ ៥ចំណុច ក្នុងនោះ គឺភាពអង់អាចក្លាហានការពារទឹកដីរបស់កងទ័ពជួរមុខកម្ពុជា និងសាមគ្គីភាពរបស់ប្រជាជនខ្មែរក្នុងការជួយគ្នាការពារទឹកដីពីការឈ្លានពាន។

លោកបណ្ឌិត បានបញ្ជាក់ថា រយៈពេល២ថ្ងៃ ក្នុងដំណើរចុះជួបកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែន មកទីមានសុវត្ថិភាព លោកបានជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខកម្ពុជាយ៉ាងខ្លាំង ដោយលើកឡើងពីការយល់ឃើញ ៥ចំណុច។
ចំណុចទី១ លោកបណ្ឌិត ជេត ជាលី បានឃើញពីភាពក្លាហាន និងការត្រៀមខ្លួនប្រកបដោយយុទ្ធសាស្ត្ររបស់កម្ពុជា ដោយមិនមានការដកទ័ពតាមព្រំដែនដូចការផ្សព្វផ្សាយចចាមអារ៉ាមលើបណ្តាញសង្គមឡើយ។ ទី២ អំឡុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ លោកបានឃើញពីការស្រឡាញ់ជាតិ ការជួយគ្នា សាមគ្គីភាពរបស់ប្រជាជនគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ក្នុងការពួតដៃគ្នាជួយឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់កងទ័ពជួរមុខនៅព្រំដែន។

ទី៣ លោកបានមើលឃើញពីសន្ទុះនៃការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ស្អាតស្អំ និងការស្វែងរកយុត្តិធម៌សម្រាប់កម្ពុជា ដោយលោកបញ្ជាក់ថា៖ “យើងមិនចង់បានទឹកដីអ្នកណាសូម្បី១មីល្លីម៉ែត្រ។ តែយើងក៏មិនឲ្យជនបរទេសណាលួច ប្លន់ ឈ្លានពានទឹកដីយើង១មីល្លីម៉ែត្រផងដែរ”។ បន្ថែមពីនេះ ចំណុចទី៤ លោកថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ការពារអាយុជីវិតមនុស្ស ទាំងកងទ័ព និងជនស៊ីវិល។ ចុងក្រោយ លោកបន្ថែមទៀតថា គ្រប់សមរភូមិទាំងអស់ កម្ពុជាបានត្រៀមរួចរាល់ទាំងផ្លូវការទូត ផ្លូវច្បាប់ និងកងទ័ព។
សូមជម្រាបថា នៅរសៀលថ្ងៃទី១១ ខែមិថុនា ដដែលនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានផុសលើបណ្តាញសង្គមហ្វេសប៊ុកថា ស.ស.យ.ក. បានធ្វើចលនាគៀរគរជំនួយជាថវិកា និងសម្ភារៈចាំបាច់មួយចំនួនពីប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់កងទ័ពនៅព្រំដែន។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណប្រជាជនខ្មែរដែលស្ម័គ្រចិត្តចូលរួមជួយទៅកាន់វីរយុទ្ធជនការពារជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖ “ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះគឺ ជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត”៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


