ព័ត៌មានជាតិ
ឆ្លើយតបក្ដីបារម្ភរឿងព្រំដែន សម្ដេចធិបតី ប្រាប់ពលរដ្ឋខ្មែរនៅបារាំងពីការប្ដេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់ឡើយ
មុនការវិលត្រលប់មកកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារនៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន ដែលជារបស់ពលរដ្ឋខ្មែរនៅទីក្រុងនីស។ ក្នុងគ្រាចុះប្រាស្រ័យដោយផ្ទាល់នេះ ពលរដ្ឋខ្មែរនៅទីនោះ បានលើកឡើងពីក្ដីបារម្ភចំពោះបញ្ហាព្រំដែន ដែលកំពុងកើតមានឡើងរវាងកម្ពុជា និងថៃ តែជាការឆ្លើយតប សម្ដេចធិបតី បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំបំផុតចំពោះកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

បើតាមសម្តេចធិបតី អមដោយវីដេអូជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ប្រទេសបារាំង បានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋខ្មែរនៅបរទេស នៅតែមានចិត្តនឹកចំពោះស្រុកកំណើត និងបានបង្ហាញក្តីបារម្ភចំពោះបញ្ហាព្រំដែន ហើយជាមួយគ្នានេះ សហគមន៍ខ្មែរបានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន និងធានារក្សាឱ្យបាននូវសន្តិភាព។
សំណេររបស់សម្ដេចធិបតី៖ «ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើន ហើយកុំឱ្យមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅ»។

ឆ្លើយតបនឹងក្ដីបារម្ភខាងលើ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងទៅកាន់ប្រជាពលរដ្ឋនៅទីនោះ ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាដាច់ខាតក្នុងការការពារបូរណភាពទឹកដី និងស្វែងរកដំណោះស្រាយតាមសន្តិវិធី ដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។
ថ្លែងក្នុងសមាជសភា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ហើយសម្រាប់ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែន គឺកម្ពុជាប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។

ក្នុងន័យនេះ កម្ពុជា នៅតែរក្សាជំហរនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងកើតមានឡើងដ៏ក្ដៅគគុកពេលនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែនច្រំដែលនេះជាមួយប្រទេសថៃ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។
បន្ថែមពីនេះ កម្ពុជា ក៏បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។

ជាការកត់សម្គាល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំយករឿងកងទ័ពថៃឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាទៅទៅប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ និងបានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការបន្តរក្សាសន្តិភាព មិនចង់ធ្វើសង្គ្រាម និងការដោះស្រាយវិវាទ តាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


