Connect with us

សេដ្ឋកិច្ច

​អ្នកឧកញ៉ា លឹម ហេង៖ ព្រំដែនបិទ ខាតទាំងកម្ពុជា និងថៃ

បានផុស

នៅ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ​ការបិទព្រំដែនរវាងថៃ និងកម្ពុជា ​ខាតបង់​ផលប្រយោជន៍ទាំងសងខាង ​ដូចប្រមុខ​រដ្ឋាភិបាលបានអំពាវ​នាវថា ការប៉ះទង្គិចគ្នាតាមព្រំដែន សុំកុំពង្រីកទំនាស់ឱ្យ​រាល​ដាល​ធំដល់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ាបានលើកឡើងថា៖ «ធម្មតាទេ អ្នកនាំចូលនាំ-នាំចេញច្រើន គឺខាតច្រើន តែខាត ទាំងអស់គ្នា ពិត​មែនតែ អ្នកខ្លះថា កម្ពុជា​ខាតតិច តែកុំភ្លេចថាជាង ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ មិនមែនតិចទេ ទំហំពាណិជ្ជ​កម្មកម្ពុជា-ថៃ គឺធំណាស់ យើងនាំចេញទៅកាណាដា និងប្រទេសអឺរ៉ុបមួយចំនួន អត់បាន ៥០០ លានផង ដូច្នេះ ប្រទេសជិតខាងហ្នឹងឯង​ដែលទទួលទិញ​លំហូរ​ផលិតផលកម្ពុជា​ដែលជាវត្ថុធាតុដើម ដែល​យើង​មិនអាចនាំចេញក្រៅពីប្រទេសជិតខាង ដូច្នេះ ភាពចាំបាច់រវាងពាណិជ្ជកម្មសេដ្ឋកិច្ច ប្រទេស​ជិតខាង មិនថាតែថៃទេ វៀតណាម ក៏ដោយតែបិទ គឺមានបញ្ហា»។

​អ្នកឧកញ៉ា លឹម ហេង បន្ថែមថា៖ «ទស្សនៈមួយចំនួនគាត់យល់ថា ការបិទព្រំដែនថៃ នឹងបង្កើត​ឱកាស ក្នុងការផលិត កែច្នៃ ពង្រឹងខ្លួនឯងក្នុងប្រទេស ខ្ញុំឯកភាពការពង្រឹងខ្លួនឯង គឺយើងមិន​បាច់​តែបិទ​ព្រំដែនទេ យើងពង្រឹងឱ្យហើយទៅ លទ្ធភាព​ដែល​យើងអាចផលិតនាំចេញ​បានគឺយើង​កំពុងតែនាំចេញ លទ្ធភាពខ្លះ យើងមិនអាចនាំចេញ​បាន ដែលប្រកួតប្រជែងមិនឈ្នះគេ យើងនាំ​ចូល នេះជាចរន្តសេដ្ឋកិច្ចជាសកល យើងមិនអាចផលិតបានគ្រប់មុខទេ ប្រទេសមួយៗ»។

​​អ្នកឧកញ៉ាបានថ្លែងបន្តទៀថា៖«បើបិទព្រំដែនថៃ កុំភ្លេចថា ទំនិញវៀតណាម ​ទំនិញចិន និងប្រទេសផ្សេងៗ​នៅតែហូរ​ចូល​ចឹង ហើយបើបិទទាំងអស់ ​យើងថាទស្សនៈដើម្បីផលិតខ្លួនឯង ខ្ញុំសួរថា ផលិតផល បន្លែត្រី សាច់ របស់​ប្រើប្រាស់ ​មិនមែនផលិតមួយអាទិត្យបានទេ គឺត្រូវការពេលរាប់ខែ រាប់ឆ្នាំ ​តើផលប៉ះ​ពាល់​មាន​ទំហំប៉ុណ្ណាដល់ដល់កម្មករ បុគ្គលិក មន្ត្រីរាជការដែលមានប្រាក់ខែ​នៅមានកម្រិត វាប៉ះពាល់​ខ្លាំង​ណាស់ ការបិទព្រំដែន»។

​អ្នកឧកញ៉ាក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋមួយចំនួន កុំមានការញុះញង់ បង្ករអរិភាពរវាងប្រទេសជិត​ខាង​ ព្រោះកម្ពុជាមិនអាច​លើកប្រទេសទៅផ្សេងបានទេ ព្រោះវានៅជាប់​គ្នារហូត​រាប់រយឆ្នាំ ដូច្នេះកម្ពុចាត្រូវតែបង្ករ​ភាព​ល្អ​​ប្រសើរអភិវឌ្ឍរួមគ្នានៅតាមបណ្ដោយព្រំដែន។

​សភាពាណិជ្ជកម្មថៃប្រចាំខេត្តច័ន្ទបុរី ​បានសម្តែងការព្រួយបារម្ភចំពោះការបិទជា​បណ្តោះអាសន្ន​នៃច្រកព្រំដែន​ជាមួយប្រទេសកម្ពុជា ដោយព្រមានថា វិធានការបែបនេះអាចបណ្តាល​ឱ្យមានការ​ខាតបង់​ផ្នែកសេដ្ឋកិច្ច «រាប់ពាន់លានបាត»។​

​អ្នកជំនាញជាច្រើនបាន​មើលឃើញពីការខាតបង់ ឬរំខានផ្នែកសេដ្ឋកិច្ចចំពោះការបិទព្រំដែន ជាពិ​សេសសម្រាប់ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយ​កម្ពុជាប្រមាណ ៤,១ ប៊ីលានដុល្លារ កាល​ពីឆ្នាំ ២០២៤។

យោង​តាមអគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ១,៨៨ ពាន់លានដុល្លារ ក្នុងនោះ​កម្ពុ​ជានាំចេញទៅថៃ ៣៩៦ លានដុល្លារ កើន ១,១% ចំណែកឯថៃនាំទំនិញចូល​មកវិញ មានទំហំ​ទឹក​ប្រាក់ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១០,៤%។

​យោងក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ។

​កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម