ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា រំលឹកថាដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។

គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ មានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)…។ បើតាមលោក ប៉ែន បូណា នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

លោក ប៉ែន បូណា បន្តរម្លឹកថា បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរនិងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពខ្មែរដ៏អង់អាចក្លាហាននិងស្តែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំប្រឹងប្រែងនិងប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។ ការប្តេជ្ញាចិត្តនេះមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែ គឺជាសកម្មភាពជាក់ស្តែង។ ការចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់ព្រំដែនដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើគឺជាឧទាហរណ៍ស្រាប់។

លោក ប៉ែន បូណា ប្រាប់ឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាលចំពោះការដាក់បណ្ដឹងវិវាទព្រំដែនទាំង៤ទៅតលាការអន្តរជាតិទីក្រុងឡាអេថូច្នេះ÷”ឥឡូវនេះភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចំពោះបូរណភាពទឹកដី។ សូមកុំភ្លេចថា ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ទាំងសម្តេចធិបតី មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពរឹងប៉ឹងណាស់ ហើយដឹងច្បាស់ថា ដំណាក់កាលណាត្រូវធ្វើអ្វី។“។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យពលរដ្ឋស្ងប់ចិត្ត កុំចាញ់បោកភាគីឈ្លានពានកម្ពុជាឱ្យសោះ។
លោក ប៉ែន បូណា អំពាវទៅកាន់ពលរដ្ឋដូច្នេះ ÷”សូមបងប្អូនយើងស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីយើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតីនៅថ្ងៃនេះដែលសម្តេចបានលើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាសកុំរារែកក្នុងការវាយលុក»“៕
ដោយ÷ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


