ព័ត៌មានជាតិ
ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានចល័តគ្រឿងចក្រទៅតាមគោលដៅ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែន ផ្តោតសំខាន់ទៅទិស ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់តាំងពី ខែធ្នូ ឆ្នាំ ២០២៤ មកម៉្លះ។

ការសាងសង់ផ្លូវនេះ ដោយប្រើប្រាស់ថវិកា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជិត ២៧ លានដុល្លារ ដែលទទួលបានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ ស្រទាប់ វណ្ណៈ។ បើតាមផែនការ និងការសិក្សា ពេលវេលានៃការស្ថាបនាផ្លូវនេះ នឹងត្រូវប្រើរយៈពេលសាងសង់ប្រមាណ ៣០ ខែ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ ២០២៧។
លោក គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា ផ្លូវក្រវាត់ព្រំដែន ត្រូវបានវិស្វករសិក្សាកំណត់ស្ថាបនាផ្លូវក្រាលល្បាយថ្មមួយខ្សែជាផ្លូវថ្មី ដែលមានតួផ្លូវប្រវែងពី ៩ ទៅ ១០ម៉ែត្រ ទទឹងផ្លូវ ៧ ម៉ែត្រ និងមានប្រវែងសរុបប្រមាណ ២៥០ គីឡូម៉ែត្រ មាន៤ខ្សែរត់។ ក្នុងនោះខេត្តមណ្ឌលគិរី ប្រវែងប្រមាណ ១៤៧ គីឡូម៉ែត្រ និងខេត្តរតនគិរី មានប្រវែងប្រមាណ ១០២ គីឡូម៉ែត្រ។

គិតចាប់ពីខែធ្នូ ឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន កងកម្លាំង នៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ្យនៅតំបន់មួយចំនួនរួមមាន លូប្រអប់ ដាក់លូមូលបេតុងគ្រប់ប្រភេទ និងស្ថាបនាសម្រេចជាស្ថាពរនូវថ្នល់បេតុងបង្រៀរទឹក។
វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែន ក្រុមការងារ បានឈូសព្រៃទទឹងសម្រាប់រកផ្លូវខ្សែដំបូង លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយ កសាងតួផ្លូវ ការចិតជញ្ជាំងភ្នំ ក្រាលល្បាយ និងបានកម្ទេចថ្មសម្រេចជាច្រើនកន្លែង។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន គិតត្រឹមរយៈពេល ៥ ខែនៃការចាប់ផ្តើមមក គឺសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។

ក្នុងបេសកកម្មនេះ ក្រុមការងារ បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ២.៧៥២.៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។ នេះគិតត្រឹមរយៈពេល ៥ខែ ប៉ុណ្ណោះ។
ចំពោះមុខនេះ ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និង ភាពធន់នឹងអាកាសធាតុ បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ធ្វើយ៉ាងណាឱ្យសម្រេចជាស្ថាពរ នៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សា។

ទោះបីស្ថិតក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃក្តី កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បាននឹងកំពុងមមាញឹក អនុវត្តន៍ការងារតាមគោលដៅនីមួយៗ ដើម្បីធានាឱ្យបានតាមលក្ខណៈបច្ចេកទេសសំណង់ ទាំងគុណភាពរឹងមាំ និងមានសោភ័ណភាព ឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក ក្នុងឆ្នាំ ២០២៧។ សមិទ្ធផលផ្លូវក្រវាត់ព្រំដែនជាសរសៃឈាមតភ្ជាប់យ៉ាងសំខាន់ពីតំបន់ព្រំដែនទៅកាន់តំបន់នានាក្នុងប្រទេស និងជាការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
សូមរំឮកថា ការផ្តួចផ្តើមស្ថាបនាផ្លូវក្រវាត់ព្រំដែននេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ និង វៀតណាម (CLV-DTA)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


