លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដែលបានជូនដំណឹងដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ មិនមានអ្វីប្រែប្រួលទេ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្ដិទី៥។
គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ មានប្រជាពលរដ្ឋចំនួន៧០៤០៥៩៤ ដែលស្មើនិង៨៩,៥២ បានទៅបោះឆ្នោត ហើយក្នុងនោះ មានគណបក្សចំនួន១២ បានចូលរួម។ គណបក្សទាំង១២នោះរួមមាន ១- គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ២- អតីតគណបក្សសង្គ្រោះជាតិ របស់លោក កឹម សុខា ៣- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ៤- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ៥- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោក យ៉េង វីរៈ ៦- គណបក្សសញ្ជាតិកម្ពុជា របស់លោក សេង សុខេង ៧- គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៨- គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ៩- គណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា ១០- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យកម្ពុជា របស់លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ១១- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា របស់លោក ប្លាង ស៊ីន ១២- គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់។
តែសម្រាប់អាណត្តិនេះ គេមិនទាន់ដឹងថា មានគណបក្សណាខ្លះ អាចមានលទ្ធភាពចូលប្រកួតប្រជែងបាននោះទេ។
ទាក់ទងបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មានគ្រោងរៀបចំការបោះឆ្នោតតាមអនឡាញ (Online) នៅឆ្នាំ២០២១នេះផងដែរ ដែលជាការបោះឆ្នោតសាកល្បង មុននឹងឈានទៅធ្វើការអនុវត្តជាក់ស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣ខាងមុខ៕
ដោយ ៖ កោះកែវ