ព័ត៌មានជាតិ
លោកនេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន បរិច្ចាគឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»
ភ្នំពេញ ៖ ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាមជាចាំបាច់, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។

ពិធីបរិច្ចាគឈាមនេះ បានធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ ក្នុងគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដែលសស្រាក់សស្រាំចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ចំពោះការបរិច្ចាគឈាមនេះរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ក៏មិនមែនជាលើកទី១ នោះទេ។

លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត និងជំរុញឱ្យមន្ត្រីរាជការ បណ្តុះគំនិតរួមគ្នាបរិច្ចាគឈាមក្នុងបុព្វហេតុទុកជួយសង្គ្រោះដល់អាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។ ការផ្តល់ឈាម គឺជាការធ្វើបុណ្យមួយដ៏មានសន្ធាមួយដ៏ជ្រះថ្លា ឈាមគឺជាជីវិត ដូច្នេះការចូលរួមបរិច្ចាគឈាម ជាសកម្មភាពមនុស្សធម៌មួយ ដែលចូលរួមជួយសង្គ្រោះអាយុជីវិតមនុស្សតែម្តង។

លោក នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយតាមធម៌ព្រះពុទ្ធវិញ ការធ្វើទានតាមរយៈការផ្តល់ឈាម ជាអានិសង្ឃមួយខ្ពស់ ដែលបានចូលរួមផ្តល់ជីវិតដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ សម្រាប់សង្គ្រោះជីវិតចេញពីមច្ចុរាជ។ លោកជឿជាក់ថា បុគ្គលដែលបានចូលរួមបរិច្ចាគឈាម នឹងមានអារម្មណ៍ជ្រះថ្លា និងបញ្ជាក់ថាខ្លួនមិនបានស្តាយក្រោយនោះទេ ចំពោះការសម្រេចចិត្តផ្តល់ឈាមរបស់ខ្លួន ពីព្រោះឈាមដែលបានដែលបានបរិច្ចាគ គឺជាការជួយសង្គ្រោះអាយុជីវិតរបស់ខមនុស្ស។ ការធ្វើបុណ្យអ្វីក៏ដោយ គឺមិនស្មើនឹងការជួយសង្គ្រោះជីវិតមនុស្សនោះទេ។

ជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា សង្ឃឹមថា កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនេះនឹងជំរុញឱ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀតយល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះផងដែរ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលត្រូវការឈាម មួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា ប៉ុន្តែ ការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។ លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ៕












-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


