ព័ត៌មានជាតិ
ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន
ទីម័របង្ហាញបំណងចង់យកនាមរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីដាក់ឱ្យឈ្មោះតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសខ្លួន ដែលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខ។ បំណងនេះ ត្រូវបានបង្ហើបឱ្យដឹងដោយឯកអគ្គរដ្ឋទូតទីម័រប្រចាំកម្ពុជា លោក អ៊ីមេណេហ្គីដូ គូប៉ា ឡូប៉េស (Ermenegido Kupa Lopes) ក្នុងជំនួបជាមួយឧនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ។

ថ្លែងចេញពីពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេចនូវខ្លឹមសារនៃជំនួបនេះ ដោយលោកឯកអគ្គរដ្ឋទូត បានបង្ហើបអំពីផែនការជាតិរបស់ប្រទេសទីម័រ គឺបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា។

ជុំវិញគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស បើតាមការទម្លាយឱ្យដឹងដោយឯកអគ្គរដ្ឋទូត គឺរដ្ឋាភិបាលទីម័រ បានសម្រេចរួចរាល់ហើយ ដើម្បីដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់នឹងនាមសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការសម្រេចយកនាមសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចនេះ គឺដោយសារទីម័រចាត់ទុកសម្ដេចតេជោ ជាបិតាអាស៊ានម្នាក់ និងជាគុណូប្បការជនមួយរូបដែលបានជួយជ្រោមជ្រែងទីម័រឱ្យឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ថ្វីដ្បិតកម្ពុជាមិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ាន ក៏ប៉ុន្តែកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់ឱ្យដឹងដូច្នេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានប្រកាសថា ប្រទេសទីម័រ នឹងត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ខាងមុខ។ ការបញ្ចូលប្រទេសទីម័រ ជាសមាជិកពេញសិទ្ធិរបស់អាស៊ានពេលនេះ គឺបានទាញរំលេចឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានខិតខំជួយជំរុញប្រទេសទីម័រឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន។

រឿងមួយដែលគេចងចាំមិនភ្លេច គឺការជោគជ័យរបស់ប្រទេសទីម័រ ក្នុងការបោះជំហានដំបូងចូលក្នុងអាស៊ានកើតឡើងក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២២។ កាលណោះ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលទីម័រ ជាសមាជិកអង្កេតការណ៍របស់អាស៊ាន។ រហូតដល់ពេលនេះ សម្ដេចតេជោ ក៏នៅតែខិតខំជំរុញឱ្យទីម័របានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


