ព័ត៌មានជាតិ
រយៈពេល៦ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបង្ក្រាបបានបទល្មើស៩០ករណី និងបញ្ជូនជនសង្ស័យ ៥១នាក់ទៅតុលាការ
ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥នេះ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចេញប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិផ្សេងៗទូទាំងខេត្តបានចំនួន៩០ ករណី និងដកហូតវត្ថុតាងបទល្មើសជាច្រើន ក្នុងនោះបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៥១ នាក់ ទៅសាលាដំបូងខេត្ត។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត, មន្រ្តីមន្ទីរបរិស្ថានទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីការពារសម្បត្តិធនធានធម្មជាតិនៅទូទាំងខេត្ត និងអនុវត្តច្បាប់ក្រមបរិស្ថាន១០០ភាគរយ។ លោកបញ្ជាក់ថា៖«ក្នុងនោះមន្រ្តីមន្ទីរបរិស្ថានខេត្តបានចុះល្បាតជាប់ជាប្រចាំ និងតាមបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃទាំង៥ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដោយក្នុងឆមាសទីមួយពោលរយៈពេល ៦ខែនេះ បង្ក្រាបបទល្មើសចំនួន៩០ករណី នឹងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៥១ នាក់ ទៅសាលាដំបូងខេត្ត»។

លោកបានបញ្ជាក់ថា វត្ថុតាងដែលបានរឹបអូសពីបទល្មើសបង្ក្រាបធនធានធម្មជាតិក្នុងនោះរួមមាន ដកហូតរថយន្តបានចំនួន១៣គ្រឿង អាបុលរុញដីចំនួន១គ្រឿង គោយន្តកន្ត្រៃចំនួន២គ្រៀង ម៉ូតូចំនួន៩១គ្រឿង រ៉ឺម៉កម៉ូតូ៤គ្រឿង និងកង់រទេះ២គ្រឿង។ លើសពីនេះ មានរណាយន្ត១២៨គ្រឿង អាវុធកែឆ្នៃ២២ដើម អាវុធអាកា(AKស្វ័យប្រវត្តចំនួន១ដើម ) គ្រាប់បាដាង២ប្រអប់ គ្រាប់គីបតូចចំនួន១ខ្សែ រំសេវកន្លះប្រអប់ អន្ទាក់៣១ខ្សែ អន្ទាក់មាន់ព្រៃ ២២៥ ខ្សែ អន្ទាក់គោ ១.៣៤៤ម៉ែត្រ អន្ទាក់ខ្សែកាបចំនួន៦ខ្សែ ជំរុំខុសច្បាប់១៤រោង ឈើអារចម្រុះប្រណិត និងវត្ថុតាងជាច្រើនទៀត។

បន្ថែមពីការបង្ក្រាបបទល្មើសផ្សេងៗ លោកប្រធានមន្ទីរបានដឹកនាំមន្ត្រីក្រោមឱវាទលើកស្លាកហាមឃាត់ នៅក្នុងដែនជម្រកសត្វព្រៃមួយចំនួន និងបណ្តុះកូនឈើជាច្រើនប្រភេទ ដើម្បីចែកជូនកូនឈើជូនប្រជាពលរដ្ឋ និងតាមស្ថាប័នជាច្រើនទៀតយកទៅដាំដុះលើកកម្ពស់សោភ័ណភាពបៃតង។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ តាមយុទ្ធសាស្ត្រចក្រារបស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមគោរពនូវក្រមបរិស្ថានដែលច្បាប់បានកំណត់ដូចជា កុំឱ្យរុករានទន្ទ្រានដីរបស់រដ្ឋ កាប់ឆ្ការ រំលោភព្រៃធនធានធម្មជាតិ កុំបរបាញ់សត្វព្រៃ និងកែច្នៃអាវុធខុសច្បាប់ ដែលអាចឈានទៅដល់ការជាប់ទោសទណ្ឌ និងកុំប្រើប្រាស់ថង់ប្លាស្ទិកទៅលើម្ហូបអាហារព្រោះវាអាចបង្កចេញជាតិពុលប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ។

លោក ហាស់ វិបុល សង្កត់ធ្ងន់ថា៖«ការចូលរួមចំណែក ថែរក្សារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយជារឿងសំខាន់ ព្រោះប្រទេសរបស់យើងសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិដ៏មហាសាល ហើយអាចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តរបស់យើង ដើម្បីជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


