ព័ត៌មានជាតិ
ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន
មានឈ្មោះថា អន្លង់ផ្សោត ប៉ុន្តែរមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល គ្មានវត្តមានសត្វផ្សោតរស់នៅទៀតឡើយ។ ទោះគ្មានផ្សោតរស់នៅក៏ដោយ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចទៅទស្សនាឆ្អឹងផ្សោត និងជិះទូក បោះតង់សម្រាកកម្សាន្តនៅទីនោះបាន។ នេះបើតាមការចុះផ្សព្វផ្សាយដោយទំព័ហ្វេសប៊ុកអច្ឋរិយភាពនៃទន្លេមេគង្គ។

តាមសំណេរដដែល នៅមុនឆ្នាំ២០២១ រមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិិល នៅមានសេសសល់សត្វផ្សោតត្រឹមតែ៣ក្បាលប៉ុណ្ណោះ ដែលរស់រានមានជីវិត។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយមានការរំខានទីជម្រកពីសំណាក់អ្នកនេសាទ និងការប្រែប្រួលលំហូរទឹកពីទំនប់វារិអគ្គីសនី បានបណ្តាលឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់ នៅអំឡុងខែ មិថុនា ឆ្នាំ២០២១ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយបង្អស់ ទម្ងន់ ១៨០គីឡូក្រាម ប្រវែង ២៣០សង់ទីម៉ែត្រ ក៏បានបាត់បង់ជីវិត ដោយសារតែជាប់មងរបស់អ្នកនេសាទ។
បើទោះបីនាពេលបច្ចុប្បន្ន សត្វផ្សោតរមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតបានបាត់បង់ជីវិតអស់ក៏ពិតមែន ភ្ញៀវទេសចរក៏នៅតែអាចទៅកំសាន្តនៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំងបង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងផ្ទាំងរូបភាព ដែលបរិយាយអំពីរឿងនិទាននៃដើមកំណើតសត្វផ្សោត ឬក៏ទទួលយកសេវាកម្មជិះទូកកំសាន្ត និងការបោះតង់លើវាលខ្សាច់ តាមកោះនានាៗ ក្នុងទន្លេមេគង្គវិញ។ នេះបើតាមសំណេរដដែល។

អច្ឋរិយភាពនៃទន្លេមេគង្គ បានស្រង់សម្ដី សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិលលោក ផយ វណ្ណា ថា៖ “យើងបង្វែរសេវាកម្មពីជិះទូកមើលផ្សោត ទៅជាសេវាកម្មជិះទូកមើលដើមឈើធំៗ និងការបោះតង់សម្រាកកំសាន្ត នៅតាមកោះនានា ក្នុងទន្លេមេគង្គវិញ”។ លោក ផយ វណ្ណា បានបន្ថែមថា “សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល មិនត្រូវងាប់តាមផ្សោតឡើយ”។
គួរឱ្យដឹងថា រមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល គឺជារមណីយដ្ឋានដែលបង្កើតឡើងដោយសហគមន៍ កាលពីឆ្នាំ២០០២ ស្ថិតនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ រម្មណីយដ្ឋានអេកូទេសចរណ៍នេះ មានបម្រើសេវាកម្មទេសចរណ៍ដូចជា ជូនភ្ញៀវជិះទូកទស្សនាសត្វផ្សោតទន្លេមេគង្គ និងបោះតង់សម្រាកកំសាន្តលើវាលខ្សាច់ តាមកោះនានា ក្នុងទន្លេមេគង្គ។ មុនឆ្នាំ១៩៩៣ នៅក្នុងតំបន់អន្លង់ផ្សោតព្រះរំកិលនេះ មានដើមឈើទាល តូច-ធំ ដែលមានអាយុរាប់រយឆ្នាំ ជាច្រើនដើម ដុះលើច្រាំងទន្លេ ទើបអ្នកស្រុកហៅទីនេះថា អន្លង់ឈើទាល នេះបើយោងតាមការបញ្ជាក់របស់លោក ផយ វណ្ណា។ បច្ចុប្បន្ននេះ មិនមានដើមឈើទាល នៅសេសសល់ទៀតឡើយ៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ