ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ
ទីបំផុត ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានយល់ព្រមជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ដើម្បីបើកផ្លូវឈានឆ្ពោះទៅរកសន្តិភាពហើយ ប៉ុន្តែប្រមុខរដ្ឋាភិបាលទីក្រុងកៀវ បានដាក់លក្ខខណ្ឌមួយថា លោកពូទីន ត្រូវឯកភាពលើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមុនសិន។

ឆ្លើយតបទៅសំណើរុស្ស៊ីដែលសុំរៀបចំកិច្ចចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌក្នុងប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ខាងមុខ លោកហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥ថា «ខ្ញុំរង់ចាំជួបពូទីនទល់មុខគ្នានៅប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍ខាងមុខ។ ខ្ញុំនៅតែរក្សាជំហរថា ទីក្រុងកៀវរង់ចាំបទឈប់បាញ់ពេញលេញនិងយូរអង្វែង ចាប់ពីថ្ងៃស្អែកទៅដើម្បីផ្តល់មូលដ្ឋានចាំបាច់សម្រាប់ផ្នែកការទូត។ ខ្ញុំរំពឹងថា ទីក្រុងមូស្គូនឹងមិនរកលេសទៀតទេលើកនេះ»។
កាលពីថ្ងៃសៅរ៍ លោក ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល នាថ្ងៃទី១៥ខែឧសភាខាងមុខ ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។
លោកសង្កត់ធ្ងន់ថា កិច្ចពិភាក្សាដែលស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ។ លោកលើកឡើងថា៖ «យើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់ ដើម្បីដកចេញនូវឫសគល់នៃជម្លោះ ហើយចាប់ផ្តើមឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងរឹងមាំ»។

ជុំវិញសំណើនេះដែរ មេដឹកនាំអឺរ៉ុបដែលមានការគាំទ្រដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញឱសានវាទដល់លោក ពូទីន ឲ្យយល់ព្រមបទឈប់បាញ់រយៈពេល៣០ថ្ងៃដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែនត្រឹមថ្ងៃទី១២ខែឧសភា បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្មកាន់តែខ្លាំងដែលផ្តោតលើវិស័យថាមពលនិងធនាគាររបស់រុស្ស៊ី។
ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងកៀវកាលពីថ្ងៃទី១០ឧសភា មេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ុយក្រែន បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អរិភាព។
ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង ព្រមានថា ការរំលោភលើបទឈប់បាញ់ដែលស្នើឡើងនឹងបង្កឲ្យមានការដាក់ទណ្ឌកម្ម«ដ៏ធំ» ពីសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិក។ បទឈប់បាញ់មានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នានៅទូទាំងផ្ទៃដី សមុទ្រ និងផ្លូវអាកាស ដោយផ្តល់ជាការត្រួសត្រាយសម្រាប់កិច្ចចរចាការទូត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួកគី ត្រៀមខ្លួនធ្វើជាអ្នកត្រួតពិនិត្យបទឈប់បាញ់នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


