ព័ត៌មានជាតិ
ក្រុមអភិរក្ស ដាក់ចេញយុទ្ធនាការហែលទឹកទន្លេមេគង្គ ដើម្បីសង្គ្រោះសត្វផ្សោតកម្ពុជា
ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាកានេះ ព្រោះជាទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ លោកថា៖«ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។
មូលនិធិដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះនឹងផ្ដល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្មាំទន្លេ ដែលតែងតែចុះល្បាតជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដាន និងការពារទីជម្រករបស់សត្វផ្សោត។ បន្ថែមពីលើនេះ ធនធានទាំងនេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែខ្លាំងរវាងកម្មវិធីអភិរក្សសត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។

លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រនិងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ លោកបញ្ជាក់ថា យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស។
ចំណែកលោកស្រី Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍ តំណាងឱ្យក្រុមអ្នកហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែល ជិតផុតពូជរបស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ។ លោកស្រីបន្តថា៖«យើងត្រូវតែ ធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលរីកចម្រើននៅក្នុងទន្លេមេគង្គ»។
សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ១២០គីឡូម៉ែត្រ
រវាងខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ(ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការនេសាទខុសច្បាប់ជាដើម។
ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្មាំទន្លដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និងការលះបង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ងនេសាទដែលបោះបង់ចោលចេញពីទន្លេ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


