ព័ត៌មានអន្ដរជាតិ
ហាម៉ាស ប្រកាសដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកតែម្នាក់គត់ដែលនៅរស់
ក្រុមហាម៉ាស បានប្រកាសថា ខ្លួននឹងដោះលែងលោក Edan Alexander អាយុ២១ឆ្នាំ ដែលជាទាហានអាមេរិកដើមកំណើតអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ លោក Alexander ដែលគេជឿថាជាចំណាប់ខ្មាំងជនជាតិអាមេរិកដែលនៅរស់ចុងក្រោយគេនៅតំបន់ហ្គាហ្សា ត្រូវគេរំពឹងថានឹងត្រូវបានដោះលែងក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការចរចាយ៉ាងសម្ងាត់ជាច្រើនថ្ងៃរវាងក្រុមហាម៉ាស និងសហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប។ ក្រុមហាម៉ាស បាននិយាយថា ការដោះលែងលោក Alexander គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីបង្កើតបទឈប់បាញ់ បើកច្រកព្រំដែនហ្គាហ្សាឡើងវិញ និងបើកការផ្ដល់ជំនួយមនុស្សធម៌។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការដោះលែង ដោយពណ៌នាថា វាជា«ជំហានដោយស្មោះត្រង់»ឆ្ពោះទៅរកការបញ្ចប់ជម្លោះ និងធានាសេរីភាពនៃចំណាប់ខ្មាំងទាំងអស់។ លោកបានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការចរចា។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff គ្រោងនឹងទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីជួយសម្រួលដល់ការដោះលែងលោក Alexander មកវិញ។ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានគេជូនដំណឹងអំពីផែនការដោះលែងនេះ ប៉ុន្តែមិនបានចូលរួមដោយផ្ទាល់ក្នុងការចរចាឡើយ។
ក្រុមគ្រួសារនៃចំណាប់ខ្មាំង បានស្វាគមន៍ចំពោះព័ត៌មាននេះ ប៉ុន្តែជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការដោះលែងអ្នកជាប់ឃុំទាំងអស់។ សមាគមក្រុមគ្រួសារចំណាប់ខ្មាំង និងអ្នកបាត់ខ្លួន បាននិយាយថា៖ «ប្រសិនបើការដោះលែងនេះត្រូវបានបញ្ជាក់ ការដោះលែង Edan Alexander ត្រូវតែបង្កើតជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលនឹងធានានូវសេរីភាពនៃចំណាប់ខ្មាំងដែលនៅសល់ទាំងអស់»។
សូមជម្រាបជាថ្មីថា អ៊ីស្រាអែលបានបើកយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស ១ ២០០នាក់ និងមានមនុស្ស ២៥១នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងចូលទៅក្នុងតំបន់ហ្គាហ្សា។
យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥២ ៨០០នាក់ ហើយបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប ដោយធ្វើឲ្យប្រជាជនចំនួន ២,៣លាននាក់រងទុក្ខវេទនា និងត្រូវការជំនួយជាបន្ទាន់ ជាពិសេសក្រោយអ៊ីស្រាអែលបានបិទផ្លូវចេញចូលហ្គាហ្សាទាំងស្រុងកាលពីខែមីនាកន្លងទៅ។

ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំង ៣៨នាក់មកហើយក្រោមបទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥។ ក្នុងខែមីនា យោធាអ៊ីស្រាអែលបានបន្តការវាយលុកលើតំបន់ហ្គាហ្សាឡើងវិញ ដោយបញ្ឈប់ការអនុវត្តបទឈប់បាញ់ បន្ទាប់ពីក្រុមហាម៉ាសបានបដិសេធសំណើដើម្បីបន្តបទឈប់បាញ់។
មន្ត្រីអ៊ីស្រាអែល បាននិយាយថា ការវាយលុកនឹងធ្វើឡើងរហូតដល់ចំណាប់ខ្មាំងទាំង ៥៩នាក់ដែលនៅសេសសល់ត្រូវបានដោះលែង ហើយក្រុមសកម្មប្រយុទ្ធទាំងអស់ត្រូវបានកម្ចាត់។ ក្រុមហាម៉ាសទទូចថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម តែបានបដិសេធការទាមទារដែលឲ្យពួកគេទម្លាក់អាវុធចុះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


