ព័ត៌មានជាតិ
ជូនតាមសំណូមពរ! រាជបណ្ឌិត្យសភាកម្ពុជា ដាក់លក់វចនានុក្រមខ្មែរជាផ្លូវការតម្លៃ ៣៦ ដុល្លារ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច បានប្រកាសជាសាធារណៈដាក់លក់វចនានុក្រមខ្មែរ ក្នុងតម្លៃ ៣៦ ដុល្លារ ចាប់ពីថ្ងៃទី២៣ខែមេសានេះតទៅ ដើម្បីឆ្លើយតបទៅនឹងសំណូមរបស់មហាជនដែលចង់បានជាប្រភេទសៀវភៅ។

តាមរយៈវីដេអូរបស់លោក សុខ ទូច ដែលបានបង្ហោះនៅថ្ងៃទី ២៣ បានជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពវចនានុក្រមខ្មែរលើកទី ២ ជាប្រភេទសៀវភៅ ដើម្បីចេញលក់ជាសាធារណៈ។ លោកបន្តថា ការបោះពុម្ភលើកទី ១ សម្រាប់ជូនជាកាដូ អនុស្សាវរីយ៍ ប៉ុន្តែដោយមានសំណូមពរពីមហាជន និងតម្រូវការចាំបាច់ ទើបរាជបណ្ឌិត្យសភា សម្រេចបោះពុម្ពលក់ជាផ្លូវការ។ លោកបញ្ជាក់ថា៖«តាមពិតយើងមាន App វចនានុក្រមខ្មែររួចហើយ មិនត្រូវចំណាយថវិកាទេ ។ ប៉ុន្តែដោយមានការសំណូមពរជាច្រើនរបស់មហាជនឱ្យយើងរៀបចំបោះពុម្ព ទើបយើងបោះពុម្ពលក់»។
លោកបណ្ឌិត សុខ ទូច បញ្ជាក់ពីមូលហេតុបន្ថែមថា ការបោះពុម្ពលក់សៀវភៅនាពេលនេះ ក៏ដើម្បីយកថវិកាទាំងនោះ ទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តដែលមានកម្រាស់ជិត ៥០០ ទំព័រឯណោះ។ លោកថា៖« ហេតុអីបានលក់ យើងលក់ដើម្បីយកថវិកានេះ ទៅបោះពុម្ពប្រវត្តិសាស្រ្តដែលមាន ៤៨៥ ទំព័រ ពីសម័យឧដុង្គ មកដល់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលនឹងបោះពុម្ពនៅពេលខាងមុខនេះ»។
លោកបញ្ជាក់ថា៖«ដូច្នេះការជូនជាកាដូ ឬ អនុស្សាវរីយ៍ មិនមានទេ យើងលក់ដើម្បីមិនចង់ឱ្យរាជរដ្ឋាភិបាលលំបាកក្នុងបោះពុម្ព ដូច្នេះយើងលក់ផលិតផលដែលចេញពីក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតវចនានុក្រមនេះ ហើយវចនានុក្រមនេះ បោះពុម្ពយកថវិកាមក គឺយកទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តតទៅទៀត»។

បើតាមប្រធានរាជបណ្ឌិត្យសភា ការបោះពុម្ពលើកនេះ ដោយមានឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំនួន ១ ០០០ ក្បាល ។ ក្រៅពីនេះ ក៏មានការឧបត្ថម្ភពី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួយផ្តល់១០០ក្បាល ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ១៤០ ក្បាល រដ្ឋមន្រ្តីក្រសួងធនធានទឹក ១០០ក្បាល រដ្ឋមន្រ្តីក្រសួងសុខាភិបាល ១០០ ក្បាល រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ១០០ ក្បាល រដ្ឋមន្រ្តីក្រសួងការងារ ១០០ ក្បាល និងរដ្ឋមន្រ្តីក្រសួងនវានុវត្តន៍ ជួយ ១០០ ក្បាល។
ជាមួយនឹងការឧបត្ថម្ភនេះ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ការបោះពុម្ពលើកនេះ។
សូមជម្រាបថា វចនានុក្រមខ្មែរ(ថ្មី ) ជាប្រភេទបោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែ កញ្ញា ឆ្នាំ ២០២៣។ ជនរួមជាតិដែលមានបំណងជាវសៀវភៅនេះអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៧ ២៧២ ៧៨ ២៦ ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


