ព័ត៌មានជាតិ
Alibaba យកម្រេចកំពតនិងស្វាយចន្ទីកម្ពុជាចែកចាយលក់លើទីផ្សារ
ភ្នំពេញ៖ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (Enterpreneuship Development Fund) កម្ពុជាបានជ្រើសរើសយកផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចកំពត GI សម្រាប់ការដាក់លក់នៅលើផ្លេតហ្វមរបស់ក្រុមហ៊ុនយក្សរបស់ចិន ( Alibaba) ។
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (Enterpreneuship Development Fund) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី៣ ខែ សីហា នេះ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយតំណាងក្រុមហ៊ុន Alibaba.com ស្តីពីការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី E-commerce និងលទ្ធភាពក្នុងការទទួលបានការដាក់លក់ទំនិញរបស់កម្ពុជានៅលើ Platform របស់ក្រុមហ៊ុន Alibaba ពិសេសសម្រាប់ទីផ្សារប្រទេសចិន។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះភាគីទាំង ២ បានលើកពិភាក្សាអំពីបញ្ហាឡូជីស្ទិកនិងការធ្វើសាមញ្ញកម្ម នីតិវិធីគយនៃប្រទេសទាំង២ដើម្បីអាចស្វែងរកដៃគូយុទ្ធសាស្ត្រ និងចេះធ្វើទីផ្សារបែបឌីជីថលផលិតផលសម្រាប់ទីផ្សារប្រទេសចិន។ ជាលទ្ធផលផលិតផលស្វាយចន្ទីនិងម្រេចកំពត GI ត្រូវបានជ្រើសរើសត្រៀមលក្ខណៈធ្វើការសាកល្បងដាក់លក់នៅលើ Platform របស់ក្រុមហ៊ុន Alibaba។
ផលិតផលគ្រាប់ស្វាយចន្ទីនិងម្រេចកំពត GI ជាផលិតផលគំរូផ្តល់ឱ្យភាគីក្រុមហ៊ុន Alibaba។ ដោយសារផលិតផលទាំង ២ នេះមានសក្តានុពលខ្លាំង ពីព្រោះការនាំចេញគ្រាប់ស្វាយចន្ទីមានកំណើនខ្ពស់ ដូចនេះបើកំណើននេះស្រូបទាញទីផ្សារចិនបានមួយចំនួនធំ នឹងអាចជំរុញសកម្មភាពផលិតកម្មកាន់តែច្រើនថែមទៀតហើយម្រេចក៏ដូចគ្នាដែរ ហើយនេះជាការជួយដល់កសិករកម្ពុជា ។

បើតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូង ដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ២ម៉ឺន២ពាន់តោនមានការកើនឡើងជាង៥០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះបរិមាណនាំចេញម្រេចទៅកាន់ប្រទេសវៀតណាម មានចំនួនច្រើនជាងគេបំផុត។
ទិន្នន័យបញ្ជាក់ថា ម្រេចរបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាមក្នុងបរិមាណ២ម៉ឺន២ ពាន់២០០តោន ខណៈការនាំចេញទៅអាឡឺម៉ង់ជាង ២២៥តោន នាំចេញទៅកោះតៃវ៉ាន់ជាង ១៥តោន ឥណ្ឌា ៤២តោន បារាំង ២០តោន ប៊ែលហ្សិកជាង ១៥តោន និងក្រៅពីនោះមាននាំចេញទៅ ប៉ូឡូញជាង ៧តោន និងបន្តបន្ទាប់មានស្វីស ជប៉ុន អង់គ្លេស និងសឹង្ហបុរីជាដើម។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានស្វាគមន៍ ចំពោះរដ្ឋាភិបាលក្នុងការជួយជំរុញឱ្យផលិតផលម្រេចកំពត GI ចូលទៅផ្លេតហ្វមក្រុមហ៊ុន Alibaba។ លោកបានសំដែងការរីករាយនិងចូលរួមសហការលើកិច្ចការនេះ ដើម្បីរួមគ្នារកទីផ្សារឱ្យម្រេចកំពត ។
ចំណែកអ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរបានថ្លែងថាគំនិតផ្តួចផ្តើមនេះនឹងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យកាន់តែល្បីលើទីផ្សារអន្តរជាតិ ។ អ្នកស្រីបន្តថា វាជាដំណឹងដ៏រីករាយដែលជាសកម្មភាពជួយរកទីផ្សារឱ្យស្វាយចន្ទី៕
អត្ថបទ៖ណារី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


