Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា អ៊ុយក្រែន គ្មានថ្ងៃយកទឹកដីដែលធ្លាក់ទៅដៃរុស្ស៊ីក្នុងឆ្នាំ២០១៤ បានមកវិញទេ 

បានផុស

នៅ

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែន គ្មានថ្ងៃយកតំបន់ដែលធ្លាក់ចូលកណ្តាប់ដៃរុស្ស៊ីក្នុងឆ្នាំ២០១៤ទៅហើយនោះ បានមកវិញទេ រួមទាំងឧបទ្វីបគ្រីមៀផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តំបន់គ្រីមៀ (រូបថត៖ Sputnik)

ការអះអាងនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio នៅក្នុងបទសម្ភាសជាមួយFox News កាលពីថ្ងៃសុក្រទី២ខែឧសភាឆ្នាំ២០២៥ ហើយវាកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា លោកគ្មានថ្ងៃទទួលស្គាល់ទឹកដីគ្រីមៀ ថាជារបស់រុស្ស៊ីដាច់ខាត។

កាលពីចុងខែមុន លោកហ្សេលេនស្គី បានប្រាប់ទៅអ្នកសារព័ត៌មានថា «គ្រីមៀ គឺជាទឹកដីរបស់យើង ទឹកដីរបស់ប្រជាជនអ៊ុយក្រែន ហើយយើងគ្មានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ ព្រោះវានៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង»។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងព្រមានទៀតថា «ការពិភាក្សាបញ្ហាអធិបតេយ្យភាពគ្រីមៀនេះ មានតែនាំទៅរកការប្រយុទ្ធគ្នាកាន់តែខ្លាំងប៉ុណ្ណោះ។ ពេលណា យើងចាប់ផ្តើមនិយាយអំពីគ្រីមៀ អំពីទឹកដីអធិបតេយ្យរបស់យើង នោះយើងនឹងឈានចូលទម្រង់នៃការអូសបន្លាយសង្រ្គាម! នេះជាអ្វីដែលរុស្ស៊ីចង់បាន»។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវលោក Rubio លើកឡើងថា «អ៊ុយក្រែន មិនអាចដេញរុស្ស៊ីឲ្យចេញពីទឹកដីដែលពួកគេដណ្តើមយកបានកាលពីឆ្នាំ២០១៤នោះទេ។ យើងអាចមើលឃើញខ្លះៗនូវលក្ខ​ខណ្ឌដែលអាចឲ្យអ៊ុយក្រែនឈប់ប្រយុទ្ធ ហើយយើងក៏អាចមើលឃើញនូវលក្ខខណ្ឌដែលអាចឲ្យរុស្ស៊ីឈប់ប្រយុទ្ធបានដែរ។ ដូច្នេះលក្ខខណ្ឌរវាងភាគីទាំងពីរ គឺខុសគ្នាឆ្ងាយ មិនដាច់ស្រឡះសោះ។ យើងត្រូវតែធ្វើរឿងក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យភាគីទាំងពីរព្រមព្រៀងគ្នា ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតីនឹងត្រូវធ្វើការសម្រេចចិត្តថាតើ យើងនឹងត្រូវលះបង់ពេលវេលាប៉ុន្មានទៀតសម្រាប់រឿងនេះ»។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

សូមជម្រាបថា គ្រីមៀ បានរៀបចំធ្វើប្រជាមតិដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនថ្មី រួមជាមួយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន មិនដែលទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី ប្រកាសមិនទទួលស្គាល់ថា គ្រីមៀ ជារបស់រុស្ស៊ី ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម