ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទឹកប្រាក់ជិត ២៣ពាន់លានដុល្លារ
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទឹកប្រាក់ចំនួន ២២,៩២ ពាន់លានដុល្លារកើនឡើងប្រមាណ១៧,២ ភាគរយក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)។

អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ RCEP មានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
របាយការណ៍ដដែលបានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,០៥ពាន់លានដុល្លារទៅកាន់ប្រទេសជាសមាជិកនៃRCEP កើនឡើង ១៥ ភាគរយពីចំនួន ៥,២៦ ពាន់លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះកម្ពុជាក៏នាំចូលទំនិញពីក្រុមប្រទេសជាសមាជិក RCEP ក្នុងទឹកប្រាក់ជាង ១៨ពាន់លានដុល្លារផងដែរ កើនឡើងជិត ១៨ភាគរយពីចំនួន ១៤,២៩ពាន់លានដុល្លារ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ទោះបីពេលនេះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលទើបកើតមានថ្មីៗបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន … និងបញ្ហាអតិផរណា គឺបានធ្វើឱ្យកម្លាំងបញ្ជាទិញនៅលើទីផ្សារធំៗធ្លាក់ចុះផងដែរ។ លោកបន្តថា ទោះយ៉ាងណា ដោយសារកម្ពុជាជាសមាជិករបស់ RCEP ដូច្នេះកំណើននៃការនាំចេញគឺនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត។
លោកថ្លែងថា៖«RCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.)ដែលជាអ្នកចូលរួមគូសវាសឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ក្នុងការចរចាជំពូកស្តីពីវិនិយោគក្រោមកិច្ចព្រមព្រៀង RCEP កាលពីឆ្នាំ២០១១ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ RCEP កាលពីថ្ងៃទី៩ ខែកញ្ញានៅប្រទេសចិនបានលើកឡើង និងចែករំលែកនូវទស្សនទាន ក៏ដូចជាបទពិសោធនៃការចរចាច្រើនជុំរហូតដល់ឆ្នាំ២០១៤ ជាមួយវាគ្មិននៃប្រទេសហត្ថលេខី និងសហគមន៍ធុរកិច្ចដែលបានចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។

លោកបានគូសរំលេចអំពីសាវតារនៃការចរចា ក៏ដូចជាចំណុចពិសេសនៃជំពូកស្តីពីវិនិយោគបើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់អំពីផ្លែផ្កាដែលព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងតែប្រមូលផលពីកិច្ចព្រមព្រៀងដ៏មានឧត្តមប្រយោជន៍មួយនេះដោយរាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។
សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


