Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារពីការនាំចេញទៅកាន់សមាជិក RCEP ត្រឹមរយៈ៤ខែ

បានផុស

នៅ

ភ្នំពេញៈ កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៣,៦១ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជា​សមា​ជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ កើន​ឡើង ៧,៦ ​ភាគ​រយ​បើ​ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤ ដោយ​សារ​ភាព​ល្អ​ប្រសើរ​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភព​លោក​ក្នុង​រយៈ​ពេលប៉ុន្មាន​ខែដើមឆ្នាំ​​នេះ​។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែលកម្ពុជាថ្មី​ទទួល​បាន​កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា គិត​ចាប់​ពី​ខែ​មករា​ដល់​ខែមេសា​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៣,​៦១៦​ពាន់​លាន​ដុល្លារ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​ឈាន​មុខ​គេ​ទាំង ៥ បស់ RCEP រួមមាន​វៀតណាម ថៃ សិង្ហ​បុរី ចិន និង​ជប៉ុន​។​ ជាមួយគ្នានេះដែរ ការនាំចូលប្រទេសជាសមាជិកមានទឹកប្រាក់ប្រមាណ៩,​៣១ពាន់លានដុល្លារ កើនឡើង១៨,៨៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ដែលមានទឹកប្រាក់ចំនួន ៦,៨៣ពាន់លានដុល្លារ។

សម្រាប់ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ជាមួយ​ចំណោម​បណ្ដា​ប្រទេស​សមា​ជិក​របស់ RCEP ទាំង​នោះ សម្រេច​បាន​ជិត ១៣ ពាន់​លាន​ដុល្លារ ក្នុងរយៈពេល៤ខែមកនេះ កើនឡើង១៥,​៤៧ភាគរយឬតំណាងឱ្យ៦៥,​៦១នៃការនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលមានទឹកប្រាក់សរុបចំនួន១៩,៧ពាន់លានដុល្លារ​។​

កិច្ច​ព្រម​ព្រៀង RCEP ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន បច្ចុប្បន្ន​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​(FTA) ឈាន​មុខ​គេ​ទូទាំង​ពិភព​លោក ដែល​រួម​មាន​ប្រទេស​ចំនួន ១៥​។ ក្នុង​នោះ​រួមមាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សំខាន់ៗ​ចំនួន​៥​ទៀត​គឺ​អូស្ត្រាលី ចិន ជប៉ុន នូវែល​សេឡង់ និង​កូរ៉េ​ខាង​ត្បូង។

លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ប្រាប់កម្ពុជាថ្មីនៅ​ថ្ងៃទី​៩ ខែមិថុនា ថា ជាមួយ​នឹង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង RCEP កម្ពុជា​កំពុង​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក ដែល​កំពុង​ក្លាយ​ជា​កំណើន​ប្រកប​ដោយ​សក្តានុ​ពល​ថ្មី​មួយ​នៅ​ក្នុង​តំបន់​។​

លោក​ថ្លែងថា​៖​«​ការ​ចូល​ជា​ធរមាន​របស់​កិច្ច​ព្រម​ព្រៀង​RCEP នៅ​ឆ្នាំ ២០២២ ក្លាយ​ជា​កត្តា​ជំរុញ​ថ្មី​មួយ​សម្រាប់​កំណើន​ការ​នាំ​ចេញ​រយៈ​ពេល​វែង​របស់​កម្ពុជា ខណៈ​ដែល​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ មាន​ការ​កាត់​បន្ថយ​ពន្ធ​មួយ​ចំនួន​ដែល​អាច​ឱ្យ​កម្ពុជា​ទាញ​យក​ឱកាស​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​»​។​

លោក សុវិជាតិ បាន​បញ្ជាក់ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ជា​ពិសេស​សម្រាប់​ផលិត​ផល​កសិកម្ម​ប្រកប​ដោយ​សក្តានុ​ពល​ដូចជា អង្ករ ចេក​លឿង ស្វាយ មៀន និង​ម្រេច​ជាដើម​។​

លោក​បាន​បញ្ជាក់​ថា អត្ថ​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​ព្រម​ព្រៀង​នេះ រួម​មាន​ការ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)​។​

​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​RCEP តំណាងឱ្យ​ប្រជាជន​ប្រហែល ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ដែល​រួម​ចំណែក​ដល់ ២៦,២​ពាន់​ពាន់​លាន​ដុល្លារ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ដែល​ស្មើ​នឹង ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ទូទាំង​ពិភព​លោក​។ ប្រទេស​ជា​សមាជិក​ទាំង​នេះ​មាន​ចំនួន​ប្រហែល ២៨​ភាគរយ​នៃ​ពាណិជ្ជ​កម្ម​ពិភព​លោក​។ នេះ​បើ​យោង​តាម​ក្រសួង​។​

យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម