សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”
ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះបានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានគាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតងដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ក្រុមហ៊ុនដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០.០០០ (ដប់ម៉ឺន) ដុល្លារអាម៉េរិក សម្រាប់រយៈពេល ៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រដល់ថ្នាលបណ្តុះកូនឈើរបស់ក្រសួងដែលមានគោលបំណងបណ្តុះកូនឈើ ៣ លានដើមសម្រាប់ចែកចាយ និងដាំនៅទូទាំងប្រទេសកម្ពុជាដែលជាគោលដៅប្រកាសដោយក្រសួងកាលពីពេលថ្មីៗនេះ។

ចាប់ផ្តើមក្នុងឆ្នាំ២០២៣ យុទ្ធនាការ “ពន្លកបៃតង” របស់ក្រសួង គឺជាគំនិតផ្តួចផ្តើមដែលផ្តោតទៅលើការបង្កើនគម្របព្រៃឈើ និងជំរុញការដាំស្តារឡើងវិញ និងរួមបញ្ចូលការចែកចាយកូនឈើ បង្កើតថ្នាលបណ្តុះកូនឈើនៅតាមតំបន់ និងការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការដាំកូនឈើដល់សាធារណជន។ យុទ្ធនាការនេះមានគោលបំណងដាំស្តារកូនឈើឡើងវិញ ការពារជីវៈចម្រុះ និងលើកស្ទួយវប្បធម៌នៃការគាំពារបរិស្ថានទូទាំងប្រទេស។ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការសហការជាមួយក្រសួងដើម្បីពង្រីកគម្របព្រៃឈើតាមរយៈយុទ្ធនាការ “ពន្លកបៃតង”។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ គឺផ្តោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់ប្រធានព្រឹទ្ធសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអំពាវនាវអំពី “ឆ្នេរសមុទ្រគ្មានប្លាស្ទិក” និង “ទេសចរម្នាក់ ដើមឈើមួយដើម”។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តកេរដំណែលនេះ និងធ្វើឱ្យប្រទេសកម្ពុជាកាន់ស្រស់បំព្រង និងបៃតងព្រមទាំងលើកទឹកចិត្តផ្តល់គុណតម្លៃនៃព្រៃឈើផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា “ដោយធ្វើការរួមគ្នាជាមួយដៃគូដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ យើងអាចពង្រីកកិច្ចខិតខំប្រឹងប្រែងដាំស្តារកូនឈើឡើងវិញ ពង្រឹងការចូលទៅជិតសហគមន៍ និងសម្រេចគោលដៅបៃតង ស្អាត និងអព្យាក្រឹតកាបូនក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស”។
មានមតិទៅលើការសហការនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសដែលបានសហការជាមួយក្រសួង និងគាំទ្រដល់យុទ្ធនាការពន្លកបៃតង ជាយុទ្ធនាការបណ្តុះ និងចែកចាយកូនឈើសម្រាប់ដាំស្តារឡើងវិញទូទាំងប្រទេសកម្ពុជា”។ គាត់បានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុន យើងទទួលស្គាល់តួនាទីរបស់យើងក្នុងការជួយប្រទេសកម្ពុជាបង្កើនគម្របព្រៃឈើដល់ ៦០% និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំជាច្រើនទៀតរបស់យើង។ រាល់កូនឈើដែលត្រូវបានដាំ នឹងជួយសម្រេចគោលបំណងដែលបានកំណត់ខាងលើ។ ដូចពាក្យស្លោកនៃប្រទេសក្រិចបុរាណបានបញ្ជាក់ថា “សង្គមរីកលូតលាស់ល្អនៅពេលមនុស្សចាស់ដាំដើមឈើដែលគាត់ប្រហែលមិនបានជ្រកម្លប់ដើមឈើនោះឡើយ មានន័យថា ប្រសិនបើគាត់មិនអាចជ្រកម្លប់ដើមឈើដែលគាត់បានដាំ ម្លប់ឈើនោះនឹងផ្តល់ម្លប់ដល់កូនចៅជំនាន់ក្រោយ”។ គាត់បានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងបរិស្ថានដើម្បីជំរុញចក្ខុវិស័យរបស់ប្រទេសកម្ពុជាដើម្បីភាពកាន់តែស្រស់បំព្រងសម្រាប់ទាំងអស់គ្នា”។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍បេះដូងសប្បុរសបានកំណត់គោលដៅដាំកូនឈើឱ្យបាន ៣០.០០០ (៣ ម៉ឺន) ដើមដោយសហការជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថានពាក់ព័ន្ធជាច្រើនទៀត។ លើសពីនេះ ណាហ្គាវើលដ៍ក៏បានសន្យាឧបត្ថម្ភ ១ ដុល្លារអាម៉េរិកដល់កម្មវិធីដាំកូនឈើសម្រាប់រាល់ការកក់បន្ទប់ស្នាក់នៅសណ្ឋាគាររបស់ភ្ញៀវក្នុងឆ្នាំ២០២៥ ផងដែរដែលអនុញ្ញាតឱ្យភ្ញៀវចូលរួមដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពជាច្រើនដែលផ្តល់ប្រយោជន៍ដល់កិច្ចការពារបរិស្ថាន អប់រំ កីឡា និងការអភិវឌ្ឍសហគមន៍។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំពារបរិស្ថានត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា កម្មវិធីសាលារៀន និងបរិស្ថានបៃតង កម្មវិធីសាប៊ូនៃក្តីសង្ឃឹម កម្មវិធីនិរន្តរភាពកម្ពុជា និងការគ្រប់គ្រងកាកសំណល់ ៥R ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១៧០.០០០ នាក់តាមរយៈសកម្មភាព ៤៥៧ គិតមកដល់បច្ចុប្បន្ន។
សូមរំឭកថា កាលពីពេលថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើ ៨.០០០ (៨ ពាន់) ដើមនៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពដាំកូនឈើនៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ៩ ផ្សេងទៀតរួមមានខេត្តកំពង់ស្ពឺ កំពត ពោធិ៍សាត់ កោះកុង ព្រៃវែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងតាកែវ។ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ