ព័ត៌មានអន្ដរជាតិ
អ្វីទៅ ជា «ពន្ធឆ្លើយតបឱ្យស្មើគ្នា» ឬ Reciprocal Tariff របស់ ត្រាំ?
ក្នុងជំហានដើម្បីបង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មពិភពលោក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធទ្រង់ទ្រាយធំ លើប្រទេស និងតំបន់ចំនួន ១៨០ នៅជុំវិញពិភពលោក ដោយលើសពីចិន កាណាដា និងម៉ិកស៊ិក។

ពន្ធនោះមានឈ្មោះថា «ពន្ធឆ្លើយតបឱ្យស្មើគ្នា» ឬ Reciprocal Tariff ដោយកំណត់ដាក់លើប្រទេស ឬតំបន់ដទៃ សូម្បីតែកូនកោះគ្មានមនុស្សរស់នៅ ឬប្រទេសកោះមានមនុស្សរស់នៅតិចតួច ក៏ដូចជាប្រទេសដែលដុនដាបដោយសង្រ្គាមដូចជាមីយ៉ាន់ម៉ា និងអ៊ុយក្រែន ជាដើម។ សម្ព័ន្ធមិត្តទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដូចជាសហភាពអឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន ក៏មិនត្រូវបានលើកលែងដែរ។
ពន្ធនេះ ត្រូវបានដាក់ក្នុងអត្រារៀងៗខ្លួន ជាមួយនឹងអត្រាមូលដ្ឋាន ១០ ភាគរយ លើគ្រប់មុខទំនិញនាំចូលសហរដ្ឋអាមេរិក និងខ្ពស់បំផុតរហូតដល់ ៥០ ភាគរយ (លើប្រទេសឡេសូថូ នៅអាហ្រ្វិក) ៤៩ ភាគរយ (លើកម្ពុជា) និង ៤៨ ភាគរយ (លើឡាវ) ជាដើម។
១. តើអ្វីជាពន្ធឆ្លើយតបឱ្យស្មើគ្នា?
ពន្ធឆ្លើយតបឱ្យស្មើគ្នា សំដៅលើពន្ធដែលសហរដ្ឋអាមេរិកដាក់លើប្រទេសដទៃ ក្នុងអត្រាដែលប្រទេសដទៃដាក់មកលើខ្លួន។ យ៉ាងណាមិញ អត្រាពន្ធ ដែលលោក ត្រាំ បានប្រកាសឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកម្ពុជា) ត្រូវបានបន្ធូរបន្ថយមួយភាគធំ ក្នុងអ្វីដែលលោកហៅថា «ពន្ធសប្បុរស» ព្រោះវានៅតែទាបជាងអត្រាពន្ធ ឬរបាំងពាណិជ្ជកម្ម ដែលប្រទេសដទៃដាក់លើទំនិញអាមេរិក។

លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតថា អាមេរិកបានរងនូវភាពអយុត្តិធម៌នៅលើពាណិជ្ជកម្មសេរីរបស់ពិភពលោក ដោយប្រទេសជាច្រើនមិនសូវនាំចូលទំនិញអាមេរិក ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មជាមួយអាមេរិករាប់ពាន់លានដុល្លារ។
លោក ត្រាំ ថា លោកដាក់ពន្ធនេះឡើង ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក ហើយជំរុញមកវិញនូវផលិតកម្មក្នុងស្រុក តាមរយៈបង្កើនការវិនិយោគពីបរទេស និងបង្កើតការងារ ដែលជួយលើកកំណើនសេដ្ឋកិច្ចជាតិ។ របាំងពាណិជ្ជកម្មផ្សេងៗលើទំនិញអាមេរិក ក៏ដូចជាគោលនយោបាយអត្រាការប្រាក់របស់ប្រទេសដទៃដើម្បីជំរុញការនាំចេញរបស់ប្រទេសពួកគេ ក៏ជាកត្តាបន្ទាប់បន្សំ ដែលមន្រ្តី រដ្ឋបាល ត្រាំ បានលើកឡើងនាពេលកន្លងមកផងដែរ។
បើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាល ត្រាំ ពន្ធឆ្លើយតបឱ្យស្មើភាពគ្នាមូលដ្ឋាន ១០ ភាគរយ នឹងចូលជាធរមាននៅថ្ងៃសៅរ៍ ទី ៥ មេសា នេះ ខណៈអត្រាខ្ពស់ជាងនេះ នឹងចូលជាធរមាននៅថ្ងៃពុធ ទី ៩ មេសា។
ពន្ធថ្មីដដែល គឺបន្ថែមពីលើពន្ធដែលមានស្រាប់ ក៏ដូចជាពន្ធផ្សេងៗទៀត ដែលមេដឹកនាំអាមេរិកដដែលបានប្រកាសក្រោយឡើងកាន់អំណាចនៅអាណត្តិទី ២ កាលពីខែមករា រួមមានពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម និងរថយន្ត និងគ្រឿងបន្លាស់នាំចូល។
២. តើវាជះឥទ្ធិពលបែបណាដល់សេដ្ឋកិច្ចពិភពលោក?
ខណៈ ត្រាំ និងមន្រ្តីរដ្ឋបាល ត្រាំ ខ្លួនឯងផ្ទាល់ច្រានចោលការណ៍ដែលថា វិធានការពន្ធរបស់ខ្លួនអាចធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋវិទូនៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផ្ទាល់ បានព្រមានថា វិធានការពន្ធនឹងបង្កើនសម្ពាធអតិផរណា ដោយនឹងបង្កើនតម្លៃគ្រប់មុខទំនិញសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក ស្របពេលដែលបង្កើតភាពមិនប្រាកដប្រជាសេដ្ឋកិច្ចផ្សេងៗទៀត។

ក្នុងមាត្រដ្ឋានធំវិញ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ពន្ធថ្មីនឹងបង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មសកល ដោយនឹងទម្លាក់ទំហំពាណិជ្ជកម្ម ហើយជះឥទ្ធិពលដោយផ្ទាល់លើកំណើនសេដ្ឋកិច្ចពិភព ឬក៏អាចឈានដល់វិបត្តិសេដ្ឋកិច្ចផង ក៏មាន។ បើមើលពីបញ្ជីពន្ធរបស់ ត្រាំ ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសមានទីផ្សារកំពុងរីកចម្រើន ទាំងតូច និងធំ ដែលពឹងផ្អែកខ្លាំងលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច សុទ្ធតែជាប់ពន្ធអាមេរិក ក្នុងអត្រាខ្ពស់។
ការដាក់ពន្ធខ្ពស់ មានន័យថា នឹងបន្ថយការប្រកួតប្រជែងនៃទំនិញរបស់ប្រទេសទាំងនោះក្នុងស្រុកអាមេរិក ដែលនឹងធ្វើឱ្យការលក់ ឬការនាំចេញចុះខ្សោយ ប៉ះពាល់ដល់ដំណើរការផលិតកម្ម កាត់បន្ថយការងារ ហើយទម្លាក់កំណើនសេដ្ឋកិច្ចទាំងមូលជាដើម។
ក្នុងសេណារីយ៉ូដ៏អាក្រក់មួយ នោះគឺប្រទេសដទៃបង្កើនរបាំងពាណិជ្ជកម្មដើម្បីឆ្លើយតបនឹងពន្ធរបស់ លោក ត្រាំ ផ្ទាល់ ឬក៏ដើម្បីទប់ស្កាត់ទំនិញដែលស្វែងរកទីផ្សារជំនួសអាមេរិក ដែលនឹងប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មសេរីរបស់ពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ