Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ​ទម្លាក់អត្រាពន្ធ​ខ្ពស់សម្រាប់ឥណ្ឌូណេស៊ីមកត្រឹម ១៩% ក្រោមការចរចាថ្មី

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ទម្លាក់អត្រាពន្ធខ្ពស់សម្រាប់ឥណ្ឌូណេស៊ីពី ៣២ ភាគរយ មកនៅត្រឹម ១៩ ភាគរយ ក្រោយ​មាន​ការចរចាគ្នា​ជាថ្មី ​ក្រោម​លក្ខខណ្ឌ​ផ្សេងៗ រួមទាំងការទិញ​យន្តហោះប៊ូអ៊ីង ៥០ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីថ្លែងការណ៍ប្រកាសលើបណ្ដាញសង្គម Truth Social លោក ត្រាំ បាន​និយាយថា ការព្រមព្រៀងទម្លាក់ពន្ធមកត្រឹម ១៩ ភាគរយ ​ដែលទាបជាងពន្ធ ២០ ភាគរយ លើវៀតណាម ធ្វើឡើងក្រោយ​ពីលោក​បាន​និយាយចរចាគ្នាជាមួយ​ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ។

ជាថ្នូរនឹង​ការទម្លាក់អត្រាពន្ធនេះ លោក ត្រាំ បាន​និយាយថា ឥណ្ឌូណេស៊ីនឹង​បើកទីផ្សារទាំងមូលសម្រាប់ទំនិញ​អាមេរិក ​ដោយ​ការនាំចូលរបស់អាមេរិកទៅឥណ្ឌូណេស៊ីកំណត់ថានឹង​មិនជាប់របាំងពន្ធ និងមិនមែនពន្ធគយ ហើយ «ជាផ្នែកមួយ​នៃការព្រមព្រៀងគ្នា ឥណ្ឌូណេស៊ីប្ដេជ្ញាទិញថាមពលអាមេរិក​តម្លៃ ១៥ ប៊ីលាន​ដុល្លារ ​ទំនិញ​កសិកម្ម ៤,៥ ប៊ីលាន​ដុល្លារ និង​យន្តហោះប៊ូអ៊ីង ៥០ គ្រឿង»។

ទន្ទឹមនឹង​ពន្ធ ១៩ ភាគរយ លោក ត្រាំ បាន​និយាយថា រាល់ទំនិញ​ឆ្លងកាត់ (Transshipment) មកពីប្រទេសដែលជាប់ពន្ធខ្ពស់ នឹង​ត្រូវរងពន្ធ ១៩ ភាគរយ បូកនឹងអត្រា​ពន្ធ​របស់ប្រទេសនៃប្រភពទំនិញនោះ។

ជុំវិញការសម្រេច​ចុង​ក្រោយ​ដដែល ឥណ្ឌូណេស៊ីកំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងលម្អិតព័ត៌មានបន្ថែម រួមទាំងវិធានការមិនគិតពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​នៅពេល​ក្រោយ​។ នេះបើតាម​ការឱ្យដឹង​របស់​លេខាធិការក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Susiwijono Moegiarso ​កាលពីល្ងាចថ្ងៃអង្គារនៅទីក្រុងហ្សាកាតា។ ​ភ្នាក់ងារព័ត៌មាន​ AFP វិញ បាន​រាយការណ៍ដោយស្រង់សម្ដីអតីតការទូតឥណ្ឌូណេស៊ី ដែលនិយាយថា មន្រ្តីរដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ពេញ​ចិត្តនឹងកិច្ចព្រមព្រៀងថ្មី។

គូរគូសបញ្ជាក់ថា រាប់តាំងពីលោក​ ត្រាំ ប្រកាសពន្ធខ្ពស់ ៣២ ភាគរយ លើឥណ្ឌូណេស៊ីនៅដើមខែមេសា មក មន្រ្តីឥណ្ឌូណេស៊ី​បាន​ចរចាជាបន្តបន្ទាប់ ដោយដាក់សំណើផ្សេងៗ រួមទាំងការទម្លាក់ពន្ធជិតសូន្យភាគរយ លើជិត ៧០ ភាគរយ នៃទំនិញ​នាំចូល​ពីអាមេរិក​ ការបង្កើនការនាំចូលនូវថាមពល ​ផលិតផលកសិកម្ម​ និងគ្រឿងការពារជាតិអាមេរិក​ ក៏ដូចជា​សំណើវិនិយោគរួមលើរ៉ែសំខាន់ៗរបស់ឥណ្ឌូណេស៊ី។ យ៉ាងណា​មិញ លោក ត្រាំ នៅតែបន្តរក្សាអត្រាពន្ធ ៣២ ភាគរយ​ នៅពេល​ផ្ញើលិខិតមកឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន។ ​

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ

គេមើលឃើញថា ការព្រមព្រៀងគ្នា​ចុង​ក្រោយ ធ្វើឡើងក្រោយ​អ្នកចរចាកំពូលរបស់​ឥណ្ឌូណេស៊ី លោករដ្ឋមន្ត្រី Airlangga Hartarto កាលពីសប្តាហ៍មុន បានជួបជាមួយមន្ត្រី​អាមេរិក រួមទាំងតំណាងពាណិជ្ជកម្មលោក​ Jamieson Greer រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​ Howard Lutnick និងលេខាធិការរតនាគារ លោក​ Scott Bessent ជាដើម​។

តាមអ្វីដែលរដ្ឋបាល ត្រាំ បាន​ទទូចនាពេល​កន្លងមក ពន្ធខ្ពស់គឺមាន​គោលបំណងដោះស្រាយឱនភាពពាណិជ្ជកម្ម​ ដែល​ជាការគំរាមកំហែងដ៏ធំសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិអាមេរិក ដោយសារតែគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធ និងមិនមែនពន្ធគយរបស់​ប្រទេសផ្សេងៗ រួមទាំងឥណ្ឌូណេស៊ី ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិក​ប្រមាណ ១៧,៩ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១២ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

អត្ថាធិប្បាយ២០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

Sokha Hotels

ព័ត៌មានពេញនិយម