ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តវាយប្រហារលីបង់, មនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង
ក្រោយពេលអ៊ីស្រាអែល សម្លាប់មនុស្សជិត៥០០នាក់ក្នុងប្រទេសលីបង់, កងកម្លាំងរបស់លោក Benjamin Netanyahu នៅតែបន្តវាយប្រហារគោលដៅក្រុមហេសបូឡា រាប់រយកន្លែងទៀត ខណៈពលរដ្ឋរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង នៅភាគខាងត្បូងឆ្ពោះទៅភាគខាងជើងប្រទេសលីបង់។

យ៉ាងណា តាមតួលេខបឋម, ចំនួនមនុស្សស្លាប់នៅតែ ៤៩២នាក់ដដែល ខណៈការវាយប្រហារថ្មីមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនៅឡើយ។
សរុបការវាយប្រហារទាំងអស់គិតត្រឹមរសៀលថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤, អ៊ីស្រាអែល បានបាញ់មីស៊ីលលើគោលដៅជាង ១ ៦០០កន្លែង កម្ទេចបានឃ្លាំងអាវុធនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមហេសបូឡា ហើយនោះគឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានសោះក្នុងការបាញ់ស្រោចដាក់គ្នាឆ្លងដែនរវាងអ៊ីស្រាអែលនិងហេសបូឡានៅប្រទេសលីបង់ ចាប់តាំងពីឆ្នាំ២០០៦មក។

ជាការតបត ចលនាប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់ ក៏បាញ់រ៉ុកកែតជាង២០០គ្រាប់ វាយបកទៅភាគខាងជើងប្រទេសអ៊ីស្រាអែលវិញផងដែរ ដោយបណ្តាលឲ្យមនុស្ស២នាក់ រងរបួស។
ក្រៅពីការជម្លៀសមនុស្សទ្រង់ទ្រាយធំ សាលារៀនជាច្រើននៅក្នុងប្រទេសលីបង់ ក៏ត្រូវបង្ខំចិត្តបិទទ្វារផងដែរ ដោយសារតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយមានសាលាមួយចំនួន ត្រូវគេយកធ្វើជាទីជ្រកកោនសម្រាប់ជនភៀសខ្លួន។

ពាក់ព័ន្ធភាពតានតឹងនៅមជ្ឈិមបូព៌ានេះដែរ, រដ្ឋមន្ត្រីមកពីក្រុមប្រទេស G7 បានព្រមានក្រោយកិច្ចប្រជុំខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា តំបន់មជ្ឈិមបូព៌ាកំពុងប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងជម្លោះកាន់តែរីករាលដាល។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ G7 ប្រកាសថា «សកម្មភាពនិងប្រតិកម្មប្រថុយប្រថាននេះ កំពុងបញ្ឆេះអំពើហិង្សាដ៏គ្រោះថ្នាក់ ហើយអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូល ទម្លាក់ចូលទៅក្នុងជម្លោះតំបន់កាន់តែធ្ងន់ធ្ងរ ជាមួយផលវិបាកដែលគ្រប់គ្នាស្មានមិនដល់»។

ចំណែក ចិនក៏ថ្កោលទោស ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល លើប្រទេសលីបង់ដែរ ដោយអ្នកការទូតកំពូលលោក Wang Yi បានប្រាប់សមភាគីលីបង់ Abdallah Bou Habib ថា រដ្ឋាភិបាលទីក្រុងប៉េកាំង គាំទ្រយ៉ាងមុះមុតក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខលីបង់ ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ។
រីឯក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានចេញការថ្កោលទោសយ៉ាងចាស់ដៃ ចំពោះទង្វើកាន់តែគឃ្លើនរបស់អ៊ីស្រាអែលលើលីបង់ ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះរដ្ឋាភិបាលទីក្រុងបេរូតនិងពលរដ្ឋរបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា