Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចបិទសាលារៀននៅជាប់ព្រំដែនកម្ពុជាថៃជិត៦០០កន្លែងមួយរយៈសិនបន្ទាប់ពីមានការផ្ទុះអាវុធទ្រង់ទ្រាយធំ ដែលបង្កឡើងដោយភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួនវិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥កក្តដានេះថា ដើម្បីធានាសុខសុវត្តិភាពដល់សិស្ស លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋ ក្រសួងបានសម្រេចបិទសាលារៀនចំនួននៅជាប់ព្រំដែនកម្ពុជាថៃ ដែលកំពុងផ្ទុះអាវុធដែលបង្កឡើងដោយភាគីថៃ។

ក្នុងនោះសាលារៀននៅខេត្តឧត្តរមានជ័យចំនួន២៦០ទីតាំងត្រូវបានបិទទាំងស្រុង ក្នុងនោះមានសាលាមតេយ្យសិក្សា១១៥ សាលាបឋមសិក្សា២២១សាលាអនុវិទ្យាល័យ២៨និងវិទ្យាល័យ១១។

តាមសេចក្តីរាយការណ៍របស់នាយកសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង បានឱ្យដឹថានៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៥កក្តដា នៅបរិវេណ ទីធ្លាមុខសាលាបឋមសិក្សា គោកប្រាសាទ មានគ្រាប់ផ្លោងរបស់ទាហានថៃ ធ្លាក់ចំនួន២គ្រាប់ បានបាក់ឈើ បានផុងដីយ៉ាងជ្រៅ និងធ្វើកគ្រើកយ៉ាងខ្លាំង។ ប៉ុន្តែសាលាបានផ្អាកដំណើរការពុំមានសិស្សនិងគ្រូនៅសិក្សាទេ។

លោកស្រីបានបន្តទៀតថា ក្រៅពីនេះសាលារៀននៅស្រុកជាំក្សាន្តខេត្តព្រះវិហារ ក៏ត្រូវបានបិទផងដែរ ខណៈសាលារៀនចំនួន៣២៦ស្មើនឹង ២,៣០៥ថ្នាក់ សិស្សរងផលប៉ះពាល់ចំនួន ៧០,៥២០នាក់ ស្រី ៣៤,៩៤២នាក់ គ្រូបង្រៀនចំនួន ២,៨៤៧នាក់ ស្រី ១,៤៣០នាក់ នៅខេត្តបន្ទាយមានជ័យក៏បានបិទជាបន្តបន្ទាប់ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈមាន ២០៥កន្លែង ស្មើនឹង ១,៣៥៣ថ្នាក់ សិស្សសរុប ៤៦,៩៧៩នាក់ ស្រី ២៣,៤៥៧នាក់ គ្រូបង្រៀន ១,៣៨៧នាក់ ស្រី ៦៤២នាក់និងគ្រឹះស្ថានសិក្សាឯកជនមាន ១២១កន្លែង ស្មើនឹង ៩៥២ថ្នាក់ សិស្សសរុប ២៣,៥៤១នាក់ ស្រី ១១,៤៨៥នាក់ គ្រូបង្រៀន ១,៤៦០នាក់ ស្រី ៧៨៨នាក់។

លោកស្រីបានបញ្ជាក់ថា ស្ថានភាពនៃការផ្អាកការសិក្សាជាបណ្តោះអាសន្ននៅក្នុងខេត្តបន្ទាយមានជ័យ ចែកចេញជាពីរប្រភេទអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង និងលក្ខណ្ឌភូមិសាស្ត្រ ដែលផ្អាកការសិក្សាទាំងស្រុង ទូទាំងស្រុក ក្រុង និងផ្អាកការសិក្សានៅតំបន់ដែលប្រឈម។

ចំពោះដំណោះស្រាយបឋមចំពោះមុខ សាលារៀនដែលបានផ្អាកការសិក្សាជាបណ្តោះអាសន្ន នឹងត្រូវអនុវត្តការសិក្សាពីចម្ងាយ បន្តតាមដានការវិវត្តសភាពការសន្តិសុខក្នុងតំបន់របស់ខ្លួន និងអនុវត្ត តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬអនុសាសន៍របស់ថ្នាក់ដឹកនាំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម