Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ពុល​ចំណី លុបចោល​ការ​ផ្ដល់​សក្ខីកម្ម​នៅតុលាការ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

បានផុស

នៅ

ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអាទិត្យ​​ទី​២០​ខែ​កក្កដា​ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាពុលអាហារ ដោយបង្ខំ​ឲ្យ​គាត់ត្រូវ​លុបចោលការ​ផ្ដល់​សក្ខីកម្ម​នៅ​តុលាការដែលបានគ្រោងទុក ក្នុង​សំណុំ​រឿង​ពុករលួយ និង​ត្រូវ​សម្រាកនៅផ្ទះជាច្រើនថ្ងៃ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍ លោក ណេតាន់យ៉ាហ៊ូ អាយុ ៧៥​ឆ្នាំ បានចាប់ផ្តើមមានរោគសញ្ញានៃ​ការរលាកពោះវៀន និងខ្សោះជាតិទឹក កាលពីល្ងាចថ្ងៃសៅរ៍។ បច្ចុប្បន្ន​គាត់​កំពុង​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​​ចាក់​ទឹក​តាម​សរសៃ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​​ឲ្យ​​ធ្វើការ​ពី​ចម្ងាយ និង​សម្រាក​យ៉ាង​ហោច​ណាស់​បី​ថ្ងៃ។

សេចក្តីថ្លែងការណ៍ដដែល បាន​លើក​ឡើង​ថា «គាត់​នឹង​បន្ត​មើល​ការ​ខុស​ត្រូវ​កិច្ចការ​រដ្ឋាភិបាល​ពី​គេហដ្ឋាន​របស់​គាត់​នៅ​ក្រុង​យ៉េរូសាឡឹម»។

លោក ណេតាន់យ៉ាហ៊ូ បានខកខានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអាទិត្យ ហើយបាន​ពន្យារពេលការបង្ហាញខ្លួនរបស់គាត់នៅក្នុងតុលាការនា​ថ្ងៃ​ទី​២១​និង​២២​​កក្កដា ដែលគាត់ត្រូវផ្តល់សក្ខីកម្មនៅក្នុងករណីមួយក្នុងចំណោមករណីជាច្រើនដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត។

សវនាការ​របស់​លោក ណេតាន់យ៉ាហ៊ូ នឹង​ត្រូវ​លើក​ដល់​ថ្ងៃ​ទី​៥​ខែ​កញ្ញា ដោយសារ​​បន្ទាប់​ពីសវនាការ​​លើក​នេះ ​ប្រព័ន្ធ​តុលាការ​អ៊ីស្រាអែល​នឹង​បិទ​​សម្រាក​​សម្រាប់​រដូវ​ក្ដៅ​រហូត​ដល់ខែ​កញ្ញា​ទើប​ដំណើរការ​ឡើង​វិញ។​​

សូម​រឭក​ថា សវនាការ​របស់​លោក ណេតាន់យ៉ាហ៊ូ ទាក់​ទង​នឹងការកាត់ក្តីពុករលួយ ត្រូវបានពន្យារពេលជាច្រើនដង​រួច​មក​ហើយ បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​ជាផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​។ មូលហេតុ​ចម្បងៗ​សម្រាប់​ការ​ខកខាន មាន​ដូចជា បញ្ហាសុខភាព សង្រ្គាមនៅតំបន់​ហ្គាហ្សាស្ទ្រីប ជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល និង​ការធ្វើដំណើរទៅបរទេស ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម