Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរី និងក្រុម Druze ឈានដល់បទឈប់បាញ់ថ្មី បន្ទាប់ពីអ៊ីស្រាអែលផ្លោង​គ្រាប់​ដាក់​ក្រុងដាម៉ាស

បានផុស

នៅ

កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយ ត្រូវបានសម្រេច​ឡើង​កាលពីថ្ងៃពុធ​ទី​១៦​ខែ​កក្កដា រវាងរដ្ឋាភិបាលស៊ីរី និងមេដឹកនាំនៃ​ក្រុម​ជនជាតិភាគតិច Druze បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃនៅទីក្រុង Suwayda និងការវាយប្រហារតាមអាកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់អ៊ីស្រាអែល​ចំ​កណ្ដាល​រដ្ឋធានី​ដាម៉ាស។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​ដាម៉ាស (រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី និងមេដឹកនាំ Druze បានបញ្ជាក់ថា ភាគីទាំងពីរបានយល់ព្រមលើ«ការបញ្ឈប់ទាំងស្រុង និងជាបន្ទាន់ចំពោះអរិភាពទាំងអស់» ជាមួយនឹងគណៈកម្មាធិការរួមមួយ ដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់។

ក្រសួង​មហាផ្ទៃ​ស៊ីរី ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​​ថា កងកម្លាំង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​ទីតាំង​សំខាន់ៗ​ក្នុង​ទីក្រុង Suwayda ដែល​ជា​បន្ទាយ​រឹងមាំ​របស់​ Druze។

បទឈប់បាញ់នេះ ត្រូវបានប្រកាសត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏កម្រ និងខ្លាំងក្លាមួយទៅលើទីក្រុង​ដាម៉ាស ដោយផ្តោតលើទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិស៊ីរី និងទីតាំងជាច្រើននៅជិតវិមានប្រធានាធិបតី។ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី យ៉ាងហោចណាស់ទាហានរដ្ឋាភិបាល ៣​នាក់ត្រូវបានសម្លាប់ និងជាង ៣០​នាក់ផ្សេងទៀតបានរងរបួស។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមាន​ថា ការវាយប្រហារបន្ថែមទៀតនឹង​កើត​ឡើង​ ប្រសិនបើកងកម្លាំងស៊ីរីមិនដកខ្លួនចេញពី​ទីក្រុង Suwayda។ 

រដ្ឋាភិបាលស៊ីរីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលថាជា «ការរំលោភលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់ប្រទេសស៊ីរី» ខណៈដែលអង្គការសហប្រជាជាតិបានអំពាវនាវ​ឲ្យ​មាន«ការអត់ធ្មត់ជាអតិបរមា» និងកាត់​បន្ថយជម្លោះ។

ពាក់ព័ន្ធ​នឹង​ជម្លោះ​​មួយ​នេះ​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការ«តាមរយៈបណ្តាញការទូត» ដើម្បីគាំទ្របទឈប់បាញ់ និងជួយធ្វើ​​ឲ្យ​មានស្ថិរភាពក្នុងតំបន់។ ទីក្រុងវ៉ាស៊ីនតោនបានជំរុញ​ឲ្យ​ភាគីទាំងអស់ «គោរពបទឈប់បាញ់​ឲ្យបានពេញលេញ ហើយត្រឡប់​ទៅកិច្ច​សន្ទនាវិញ»។

សូម​ជម្រាប​ថា កាល​ពី​ខែ​មេសា និង​ខែ​​ឧសភា កងកម្លាំងរដ្ឋាភិបាល​ស៊ីរី បានប្រយុទ្ធជាមួយក្រុមយុទ្ធជន Druze នៅក្នុងទីក្រុង Suwayda និងនៅជិត​ទីក្រុងដាម៉ាស ដែលបានបណ្តាល​ឲ្យ​មនុស្សជាង ១០០​នាក់បានបាត់បង់​ជីវិត ខណៈសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា​ត្រូវ​​រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

(រូបថត៖ WP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម