ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បរិស្ថាន អំពាវនាវពលរដ្ឋចូលរួមការពារព្រៃកោងកាង និងដាំឡើងវិញការពារធនធាន និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃកោងកាង និងដាំឡើងវិញ ដើម្បីទុកជាប្រយោជន៍ផ្ដល់ទីជម្រក និងប្រភពចំណីដល់ពពួកធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចនៅសិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាក្រៀម នាសហគមន៍ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ព្រៃកោងកាង គឺជាប្រភពរក្សាផលស្តុក និងប្រភពមេពូជរបស់ធនធានសមុទ្រដ៏សម្បូរបែប ដោយបានផ្ដល់ផលវារីវប្បកម្មមានដូចជា ៖ បង្គា បង្កង ក្ដាម និងប្រភេទត្រីសមុទ្រជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងតែជាប្រភពចំណូលសម្រាប់សហគមន៍តាមតំបន់ឆ្នេរសមុទ្រ និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក៏បានផ្ដល់នូវគុណប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រដូចជា ៖ ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករិចរិល ការពារបរិស្ថាន ទប់ខ្យល់ព្យុះ បន្សាំការប្រែប្រួលអាកាសធាតុ ជាដើម។

លោករដ្ឋលេខាធិការ បានបន្តថា ការអភិរក្សព្រៃកោងកាង គឺជាការការពារពីគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងផ្តល់នូវជីវចម្រុះគ្រប់ប្រភេទ ដែលជាប្រភពចំណីអាហារយ៉ាងសំខាន់ និងជាផ្នែកមួយ នៃសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច។

បើតាមលោក វង្ស តារា ប្រធានសហគមន៍ពាមក្រសោប និងជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាក្រៀម បានឲ្យដឹងថា ផលនេសាទ និងវារីវប្បកម្ម ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចសហគមន៍របស់ខ្លួន គឺពឹងផ្អែកលើព្រៃកោងកាង។
លោកបានបន្តថា បច្ចុប្បន្ន ក្នុងសហគមន៍របស់លោក គឺជាអ្នកការពារព្រៃកោងកាងពីការកាប់បំផ្លាញ និងការដាំឡើងវិញ ដោយសារមានការយល់ដឹងថា វាមានសារៈសំខាន់ទាំងផ្នែកកត្តាជីវសាស្ត្រ និងសេដ្ឋកិច្ច។
លោក វង្ស តារា បន្តទៀតថា ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ សហគមន៍របស់លោកបានរួមគ្នាស្ដារព្រៃកោងកាង តាមរយៈការដាំឡើងវិញ បានប្រមាណជាង ៣០០ ហិកតា។
យោងតាមរបាយការណ៍ បង្ហាញថា ប្រទេសកម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុបចំនួនជិត ៥ ម៉ឺនហិកតា ក្នុងនោះនៅខេត្តកែបមានទំហំ ១ ពាន់ហិកតា ខេត្តកំពតមានទំហំជិត ២ ម៉ឺនហិកតា ខេត្តព្រះសីហនុមានទំហំ ៩ ពាន់ហិកតា និងខេត្តកោះកុងមានទំហំជាង ៤ ម៉ឺន ៦ ពាន់ហិកតា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


