ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានស្នើឲ្យអ្នកសារព័ត៌មានរួមគ្នាប្រើស្លាបប៉ាកាតម្កល់ប្រយោជន៍ជាតិជាធំ និងផ្តល់ព័ត៌មានពិតដល់ពលរដ្ឋរឿងជម្លោះព្រំដែនកម្ពុជា-ថៃ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកសារព័ត៌មានទាំងអស់សូមរួមគ្នាប្រើប្រាស់ស្លាបប៉ាការបស់ខ្លួន ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ និងចូលរួមផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ប្រជាពលរដ្ឋទាក់ទងនឹងព័ត៌មានជម្លោះព្រំដែនកម្ពុជា និងថៃ។

ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបើកកិច្ចប្រជុំតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី បានស្នើយ៉ាងដូច្នេះថា៖ «យើងចាំបាច់ត្រូវរួមកម្លាំងគ្នា ទោះបីជាយើងមាននិន្នាការផ្សេងគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែសូមឱ្យតម្កល់ផលប្រយោជន៍ជាតិជាធំ យើងប្រើដងស្លាបប៉ាការយើងការពារជាតិយើង។ សូមឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់នូវប្រភពព័ត៌មាន យកមកផ្សាយពីព្រោះឱកាសនេះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺមានព័ត៌មានពិត និងព័ត៌មានមិនពិតនៅក្នុងហ្នឹង»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏ស្នើសូមឱ្យសមាគមអ្នកសារព័ត៌មានទាំងអស់ ណែនាំដល់សមាជិកជាអ្នកព័ត៌មាន ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យខ្ពស់ចំពោះការផ្សព្វផ្សាយ និងចែកព័ត៌មាន អត្ថាធិប្បាយព័ត៌មាននានា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ គឺត្រូវតែមានប្រភពព័ត៌មានផ្លូវការ និងធ្វើយ៉ាងណាកុំឱ្យមានរើសអើសពូជសាសន៍។ កម្ពុជា គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិជុំវិញបញ្ហាព្រំដែន ប៉ុន្តែ អ្នកសារព័ត៌មានត្រូវឆ្លុះបញ្ចាំងឱ្យមានច្បាស់លាស់ទៅនឹងស្ថានភាពពិតប្រាកដ ពិសេសព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានណែនាំដល់អ្នកសារព័ត៌មាន ដែលទៅយកព័ត៌មាននៅខ្សែត្រៀមជួរមុខ ត្រូវប្រុងប្រយ័ត្ន ព្រមទាំងបញ្ជាក់ពីអត្តសញ្ញាណជាអ្នកសារព័ត៌មានឱ្យបានច្បាស់លាស់ ដោយពាក់កាតសារព័ត៌មាន ដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។ ព្រមជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ក៏បានប្រកាសចែកអាវអ្នកសារព័ត៌មាន Press ប្រមាណ២,៥០០អាវ ជូនដល់អ្នកសារព័ត៌មានបន្ថែមទៀត ជាពិសេសសូមអ្នកសារព័ត៌មាន ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការពារខ្លួននៅពេលចុះយកព័ត៌មាន និងមិនត្រូវចុះយកព័ត៌មាននៅទីតាំងសម្ងាត់របស់យោធា ឬកន្លែងដែលហាមឃាត់ជាដើម។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ជុំវិញការផ្សព្វផ្សាយព័ត៌មានពីបញ្ហាព្រំដែននៅតំបន់មុំ៣ កម្ពុជា ត្រូវបានវាយតម្លៃថា មានភាពច្បាស់លាស់ និងមានភាពចាស់ទុំ មានវិន័យ អត់ធ្មត់។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានកម្ពុជាទាំងអស់ ដែលបានរួមគ្នាជាធ្លុងមួយ សំឡេងតែមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ ប្រកាន់នូវប្រភពព័ត៌មានច្បាស់លាស់។ អ្នកសារព័ត៌មាននៅកម្ពុជា បានរួមគ្នាប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានពេលខ្លះលឿន ប៉ុន្តែមិនមានប្រភពច្បាស់លាស់នឹងនាំឱ្យមានការយល់ច្រឡំ ជាពិសេសនៅក្នុងដំណាក់កាលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ ការផ្ទៀងផ្ទាត់ និងប្រកាន់នូវគោលជំហរប្រភពព័ត៌មាន ត្រឹមត្រូវ ច្បាស់លាស់ ជាមូលដ្ឋានដើម្បីធានាបាននូវស្ថិរភាព សន្តិភាព មិត្តភាព មិនបង្កចលាចល មិនធ្វើឱ្យប្រជាពលរដ្ឋមានភាពស្លន់ស្លោ ដូចនេះសូមឱ្យប្រជាលរដ្ឋបន្តតាមដានព័ត៌មានទាក់ទងការវិវត្តថ្មីចំពោះស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវ និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ខណៈរាជរដ្ឋាភិបាលកម្ពុជាដែលបានបោះជំហានដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយស្វែងរកប្រភពឱ្យបានច្បាស់លាស់។ ចំណុចនេះគោលការណ៍សំខាន់ដែលត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន គឺប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល សារដែលត្រូវបញ្ចេញសម្រាប់ផ្សព្វផ្សាយជាផ្លូវការ គឺជាសារតែមួយដែលជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់ការ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ នៅក្នុងដំណាក់កាលផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានបញ្ជាក់ឱ្យកាន់តែច្បាស់ថា ប្រភពព័ត៌មានរបស់កម្ពុជា គឺមានសណ្តាប់ធ្នាប់ និងមានភាពច្បាស់លាស់ មានភាពចាស់ទុំក្នុងការងារគ្រប់គ្រងព័ត៌មាន មានសំលេងតែមួយ សារតែមួយជុំវិញស្ថានភាពពិត ជាក់ស្តែងពីបញ្ហាព្រំដែន។
លោក រដ្ឋមន្ត្រីបានថ្លែងថា ប្រភពព័ត៌មាន ៣សំខាន់ ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

-
នយោបាយ២៣ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន