ព័ត៌មានជាតិ
តំណែងជាប្រធានព្រឹទ្ធសភា នឹងនាំឲ្យសម្ដេច ហ៊ុន សែន ក្លាយជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីនេះទៀតទេ តែសម្ដេចតេជោ នឹងទៅឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយតាមការគ្រោងទុកសម្ដេច នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា។ តាមរយៈតំណែងជាប្រធានព្រឹទ្ធសភានេះ នឹងអនុញ្ញាតឱ្យសម្ដេចតេជោ ហ៊ុន សែន ក្លាយជាប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ ដោយស្វ័យប្រវត្តិ។

ក្រុមប្រឹក្សារាជសម្បត្តិ គឺជាស្ថាប័នកំពូលរបស់ជាតិក្នុងការជ្រើសរើសព្រះមហាក្សត្រ និងធានាដំណើរការជាប្រក្រតីភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិ មានចំនួន ៩អង្គ/នាក់ ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ជាតិ ទាំងស្ថាប័នសភា រាជរដ្ឋាភិបាល និងសម្ដេចព្រះសង្ឃរាជ។

បើតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ ឆ្នាំ២០០៤ និងអនុលោមទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា គឺសមាសភាពក្រុមប្រឹក្សារាជសម្បត្តិ មានប្រធានព្រឹទ្ធសភា ជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ ប្រធានរដ្ឋសភា ជាអនុប្រធានទី១ នាយករដ្ឋមន្ត្រី ជាអនុប្រធានទី២ និងមានសមាជិកចំនួន ៦អង្គ/នាក់ រួមមាន សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ អនុប្រធានទី១ នៃព្រឹទ្ធសភា អនុប្រធានទី១ នៃរដ្ឋសភា អនុប្រធានទី២ នៃព្រឹទ្ធសភា និងអនុប្រធានទី២ នៃរដ្ឋសភា។
ដូច្នេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ នឹងអនុញ្ញាតឱ្យសម្ដេចតេជោ ហ៊ុន សែន មានសិទ្ធិក្នុងការកោះអញ្ជើញអនុប្រធាន និងសមាជិកទាំងអស់របស់ក្រុមប្រឹក្សារាជសម្បត្តិ ដើម្បីបើកកិច្ចប្រជុំរបស់ខ្លួន ខណៈសមាជិកយ៉ាងតិច៣រូប ក៏អាចលើកសំណើសុំឲ្យកោះប្រជុំបានដែរ។ កិច្ចប្រជុំក្រុមប្រឹក្សារាជសម្បត្តិ ចាត់ទុកជាបានការ លុះត្រាតែមានសមាជិកយ៉ាងតិច ៥រូបបានចូលរួមប្រជុំ។ ទន្ទឹមនេះ រាល់ការអនុម័តរបស់ក្រុមប្រឹក្សារាជសម្បត្តិ ត្រូវបានយកតាមមតិភាគច្រើនដាច់ខាត គឺ៥សំឡេងឡើងតាមរយៈការបោះឆ្នោតដោយសម្ងាត់។

ប្រធានក្រុមប្រឹក្សារាជសម្បត្តិ មានភារកិច្ចដឹកនាំអង្គប្រជុំក្រុមប្រឹក្សារាជសម្បត្តិ ក៏ដូចជា ទទួលសេចក្ដីសម្រេចនានាដែលក្រុមប្រឹក្សារាជសម្បត្តិបានអនុម័ត ហើយចាត់ចែង និងរ៉ាប់រងការអនុវត្តច្បាប់ទាំងឡាយទាក់ទងនឹងការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។
ក្សត្រាដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ លុះត្រាជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មយ៉ាងតិច ៣០ព្រះវស្សា ហើយជាព្រះញាតិវង្សនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬព្រះមហាក្សត្រ ស៊ីសុវត្ថិ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជារាស្ត្រ និងមាតុភូមិ។ មុនឡើងគ្រងរាជសម្បត្តិ ព្រះមហាក្សត្រថ្មីទ្រង់ថ្លែងសច្ចា ប្រណិធាននៅបន្ទាប់ពីថ្ងៃដែលក្រុមប្រឹក្សារាជសម្បត្តិចេញសេចក្ដីសម្រេចផ្លូវការ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ