Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ រំពឹងថា ទំនាក់ទំនងកម្ពុជា-កូរ៉េ នឹងឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រំពឹងថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង នឹងអាចឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ ដែលជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្ដីរំពឹងរបស់សម្ដេចតេជោ បានបង្ហាញឡើងក្នុងជំនួបជម្រាបលារបស់លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះអាណត្តិការងាររបស់លោកឯកអគ្គរដ្ឋទូត Park Jong-Wook ដែលបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។

ដោយក្នុងឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ សម្ដេចតេជោ រំពឹងថា ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ បញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ឯការវិនិយោគកូរ៉េក៏មានកើនឡើង។ ខណៈជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ បើទោះជាអំឡុងពេលការរីករាលជំងឺកូវីដ-១៩។

បើតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត សមិទ្ធផលដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺសម្រេចបាននូវផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ថែមពីនេះ គឺតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។ លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា។

លោក ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថា ជាការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម