ព័ត៌មានជាតិ
លោក សុខ ឥសាន ថា វិសោធនកម្មមាត្រា៣៣ ពុំមែនធ្វើឡើងដោយអត្តនោម័តិឡើយ
សមាជិកព្រឹទ្ធសភា លោក សុខ ឥសាន លើកឡើងថា សេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពីការវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺពុំមែនធ្វើឡើងដោយអត្តនោម័តិដោយសភា ឬរាជរដ្ឋាភិបាលនោះឡើយ តែលោកអះអាងថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ ស្របតាមទម្រង់ច្បាប់ជាធរមាន។

លោក សុខ ឥសាន លើកឡើងយ៉ាងដូច្នេះថា«ការធ្វើរបស់អង្គការនីតិបញ្ញត្តិរបស់យើង គឺធ្វើមិនចេះតែអត្តនោម័តិទេ គឺស្របទៅតាមនីតិវិធី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើង»។ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ កាលពីទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកបានពន្យល់ថា អនុលោមតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា ការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ដូច្នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ខាងលើ គឺមានភាពត្រឹមត្រូវស្របតាមទម្រង់ច្បាប់ ត្រង់ថា ព្រះមហាក្សត្រនៃកម្ពុជា បានទទួលសំណើតាមការទូលថ្វាយរបស់រាជរដ្ឋាភិបាល និងក្រុមតំណាងរាស្ត្រហត្ថលេខីចំនួន ១២៥លើ១២៥ ដែលស្មើនឹង១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សមានអាសនៈក្នុងរដ្ឋសភា។ លោក សុខ ឥសាន អះអាងដូច្នេះ។
ចំពោះការអនុម័តជាឯកច្ឆន្ទដោយសមាជិករដ្ឋសភាលើវិសោធនកម្មមាត្រា៣៣នេះ ក្នុងសំឡេង ១២៥លើ១២៥សំឡេង ក៏សមាជិកព្រឹទ្ធសភារូបនេះ បញ្ជាក់ថា មានភាពត្រឹមត្រូវ និងស្របតាមលទ្ធិប្រជាធិបតេយ្យផងដែរ ផ្អែកតាមរដ្ឋធម្មនុញ្ញ ដែលបានចែងថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

គួរជម្រាបថា សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ កាលពីព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥ ហើយត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាជាវិសាមញ្ញ ឯកភាពទាំងស្រុង ដោយឥតកែប្រែក្នុងសំឡេង ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
សេចក្ដីស្នើច្បាប់នេះ នឹងអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរចំពោះប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈការឃុបឃិតជាមួយបរទេស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


