ព័ត៌មានជាតិ
ពលរដ្ឋត្រូវស្វែងយល់នីតិវិធី ៥ ចំណុច របស់ក្រសួងការងារ ដើម្បីធ្វើការនៅកូរ៉េដោយស្របច្បាប់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញនីតិវិធីចំនួន ៥ ចំណុច របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីការទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជក។

លោក កត្តា អ៊ន គូសបញ្ជាក់ថា នីតិវិធីទាំង ៥ មានដូចជា ៖ ទី១.ការប្រឡងតេស្តសមត្ថភាព បេក្ខជនត្រូវឆ្លងកាត់ប្រឡងតេស្តសមត្ថភាព ២ ដំណាក់កាល ក្នុងនោះមានការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េតាមប្រព័ន្ធកុំព្យូទ័ររយៈពេល ៥០ នាទី ចែកចេញជា ២ វិញ្ញាសា គឺ វិញ្ញាសាអាន ២៥ នាទី និងវិញ្ញាសាស្តាប់ ២៥ នាទី។ វិញ្ញាសាប្រឡង និងកំណែវិញ្ញាសា ត្រូវបានចងក្រងផលិតដោយ HRD-Korea តាមរយៈប្រព័ន្ធកុំព្យូទ័រ។ ការប្រឡងតេស្តជំនាញ និងវាយតម្លៃសមត្ថភាព ធ្វើឡើងបន្ទាប់ពីការប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េ ការប្រឡងមាន ៣ វិញ្ញាសាដូចជា តេស្តជំនាញមូលដ្ឋាន តេស្តកាយសម្បទា និងសម្ភាសជាភាសាកូរ៉េ។ ទី២.បេក្ខជនត្រូវដាក់ពាក្យស្វែងរកការងារតាមប្រព័ន្ធ SPAS ដែលសុពលភាព នៃការដាក់ពាក្យស្វែងរកការងារមានរយៈពេល ២ ឆ្នាំ គិតចាប់ពីលទ្ធផលជាប់ស្ថាពរបេក្ខជនអាចតាមដានដំណើរការអន្តោប្រវេសន៍តាមរយៈគេហទំព័ររបស់ HRD-Korea (WWW.eops.og.kr) ក្រោយដាក់ពាក្យរយៈពេល ៣០ ថ្ងៃ បេក្ខជនត្រូវភ្ជាប់មកជាមួយពាក្យសុំស្វែងរកការងារធ្វើ, វិញ្ញាបនបត្រពិនិត្យសុខភាព(ពេទ្យការងារ), លិខិតឆ្លងដែនច្បាប់ដើម, សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតច្បាប់ដើម, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លង, លេខគណនីធនាគារផ្ទាល់ខ្លួននៅកម្ពុជា, អត្តសញ្ញាណប័ណ្ណច្បាប់ដើម, បង្កាន់ដៃសុំសិទ្ធិប្រឡង, រូបថត (ផ្ទៃខាងក្រោយពណ៌ស), ឆ្លងកាត់ស្កេនក្រយៅដៃ។ ទី៣.ការទទួលកិច្ចសន្យាការងារពីនិយោជកកូរ៉េ ៖ និយោជកកូរ៉េជ្រើសរើសពលករបរទេសតាមប្រព័ន្ធកុំព្យូទ័រមិនអាចបញ្ជាក់ចំឈ្មោះពលករណាមួយឡើយ។ ការជ្រើសរើសធ្វើឡើងដោយតម្លាភាព ពុំមានបុគ្គល ឬអង្គភាពណាមួយជួយឱ្យធ្លាក់ឈ្មោះបានឡើយ។ និយោជកកូរ៉េជ្រើសរើសពលកររួច ប៉ុន្តែនិយោជកកូរ៉េមិនបានរៀបចំឯកសារគ្រប់គ្រាន់ ឈ្មោះនឹងត្រូវដាក់ចូលក្នុងបញ្ជីស្វែងរកការងារធ្វើឡើងវិញ។ ពលករត្រូវមកចុះកិច្ចសន្យាការងារក្នុងរយៈពេល ០១ សប្ដាហ៍ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងស្ដីពីកិច្ចសន្យាការងារពី គ.ប.ប.ព.ប។ ពេលមកពិនិត្យលក្ខខណ្ឌការងារ និងចុះកិច្ចសន្យាការងារ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែនច្បាប់ដើម និងថតចម្លងពណ៌ធម្មជាតិ ០៨ ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,សេចក្តីចម្លងសំបុត្រកំណើតច្បាប់ដើម, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លង, រូបថត (ផ្ទៃខាងក្រោយពណ៌ស)។ ទី៤.ការចេញដំណើររបស់បេក្ខជន ៖ ក្រោយចុះកិច្ចសន្យា និងរៀបចំឯកសាររយៈពេល ៤៥ ថ្ងៃ ទៅ ៦០ ថ្ងៃ គ.ប.ប.ព.ប សហការជាមួយ HRD-Korea នឹងរៀបចំសម្របសម្រួលការចេញដំណើររបស់ពលករ។ បេក្ខជនត្រូវភ្ជាប់មកជាមួយវិញ្ញាបនបត្របញ្ជាក់វគ្គបណ្ដុះបណ្ដាល, ព្រឹត្តិបត្រថ្កោលទោស, ទិដ្ឋាការ(E-9) ពីស្ថានទូតកូរ៉េ, វិញ្ញាបនបត្រពិនិត្យសុខភាព, គណនីធនាគារផ្ទាល់ខ្លួន(ថតចម្លង)។ ទី៥.ការគាំពារ និងការធ្វើមាតុភូមិនិវត្តន៍ ៖ បេក្ខជនទទួលលិខិតបញ្ជាក់ការងារពីនិយោជក, ទូទាត់ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗ។ ពលករវិលត្រលប់មកប្រទេសកម្ពុជាវិញ ត្រូវរាយការណ៍អំពីការវិលត្រឡប់មកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែមពីនីតិវិធីនេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ ០១១ ៣៨៣ ៧៣៥ ឬ ០១២ ៤៦៦ ២២២ ឬទៅកាន់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ តាមរយៈលេខ +៨២-១០-៥១២៩-១៩៧៥។
គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៤ កម្ពុជា បានបញ្ជូនពលករទៅធ្វើការសាធារណរដ្ឋកូរ៉េ មានចំនួនជាង ៤៥ ០០០ នាក់ (ស្រីជាង ១០ ០០០ នាក់)។ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ ពលករទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ។ ជារៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យមមានចំនួនសរុបប្រមាណជាង ២,៩ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស