ព័ត៌មានជាតិ
ស្អែកនេះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត បើកជើងហោះហើរមកអាកាសយានដ្ឋានតារាសាគរ
នៅថ្ងៃទី ១១ ខែមេសា ស្អែកនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវេ នឹងបើកប្រតិបត្តិការជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង។
ការតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវេ ក្រោយអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានដាក់ឲ្យប្រតិបត្តិការទទួលជើងហោះហើរក្នុងស្រុកជាលើកដំបូងកាលពីចុងឆ្នាំ ២០២៤។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានឲ្យដឹងថា នេះជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទីពីរ ដែលបានបើកប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ក្រោយអាកាសយានដ្ឋានទី ៤ របស់ប្រទេសកម្ពុជានេះ បានបើកសម្ពោធដាក់ឲ្យដំណើរការទទួលអ្នកដំណើរក្នុងស្រុកកាលពីចុងឆ្នាំ២០២៤។
«កាលពីមុនយើងមានក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ (អាកាសចរណ៍អ៊ែរ ខេមបូឌា) មកជាលើកទី ១។ ហើយនេះជាក្រុមហ៊ុនក្នុងស្រុកទី ២ ដែលបានហោះហើរមក។ សម្រាប់ការសម្ពោធ យើងមិនមានជាពិធីធំដូចមុនទេ។ គ្រាន់ជាការទទួលជើងហោះហើរតែប៉ុណ្ណោះ»។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានប្រាប់កម្ពុជាថ្មីថា ប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្រុមហ៊ុនខេមបូឌា អ៊ែរវែ នឹងធ្វើឡើងជាប្រចាំរៀងរាល់ថ្ងៃសុក្រចាប់ថ្ងៃទី ១១ ខែមេសានេះតទៅលើគោលដៅពីភ្នំពេញ-តារាសាគរ-ភ្នំពេញ។

ក្រោមការវិនិយោគដោយក្រុមហ៊ុន Union Development Group (UDG) អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានពន្យារពេលបើកប្រតិបត្តិការ ដែលដំបូងឡើយគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១។
ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាល វិនិយោគសាងសង់អាកាសយានដ្ឋានតារាសាគរតម្លៃជាង ២០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះមានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម។
កម្ពុជាថ្មីបានទាក់ទងទៅលោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដើម្បីសាកសួរបន្ថែមតែនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
ថ្លែងក្នុងឱកាសចូលរួមពិធីសម្ពោធបើកទទួលការហោះហើរក្នុងស្រុកលើកដំបូងជាលក្ខណៈជួល មកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានដើរតួនាទីជាហេដ្ឋារចនាសម្ពន្ធតភ្ជាប់ខេត្តកោះកុង ទៅកាន់អាកាសយានដ្ឋានដទៃទៀតទាំងក្នុងស្រុក និងអន្តរជាតិ ដែលនឹងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការជំរុញកំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ខេត្តឆ្នេរសមុទ្រមួយនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន