Connect with us

សន្តិសុខសង្គម

អគ្គនគរបាលជាតិបញ្ជូនក្រុមការងារ​ទៅ​ស្រាវជ្រាវ​ករណីបាត់វត្ថុតាងនៅ​ខេត្ត​កោះកុង

បានផុស

នៅ

អគ្គស្នងការ​នគរបាលជាតិ​ នាយឧត្តម​សេនីយ៍ ស ថេត កាលពី​ថ្ងៃទី១៨ ខែ​កក្កដា បាន​សម្រេច​បង្កើត​ក្រុម​ការងារចុះ​ស្រាវជ្រាវ​ករណី​បង្ក្រាប​បទ​ល្មើស​នៅ​សហគ្រាសមួយ​ស្ថិត​នៅ​ស្រុកគិរីសាគរ ខេត្ត​កោះកុង។ ការ​បង្កើត​ក្រុម​ការងារ​នេះ​គឺ​បន្ទាប់​ពី​ករណី​បាត់វត្ថុតាង​ជា​កុំ​ព្យូទ័រ និង​ទូរស័ព្ទ​ជាង​៣០​គ្រឿងបន្ទាប់​ពី​អាជ្ញាធរ​ខេត្តបាន​ចុះបង្ក្រាប​បទ​ល្មើស​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្កើត​ក្រុម​ការងារ​នេះ​គឺ​បន្ទាប់ពីលោក​បានដាក់​បទបញ្ជាដល់ស្នងការខេត្ត​កោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ត្រូវស្រាវជ្រាវបន្ទាន់លើករណីបាត់ទូរស័ព្ទ និងកុំព្យូទ័រ ទាំង៣៥គ្រឿងដែលជាវត្ថុតាង កាលពី​ថ្ងៃទី​១៧ ខែ​កក្កដាកន្លងទៅ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានក្នុង​ស្រុកបាន​ដក​ស្រង​សំដីរបស់​លោក ស ថេត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិថា៖ «យើងទៅធ្វើតែបទល្មើសបានហើយ មិចបានបាត់របស់គេ។ ឥលូវបាត់ទូរស័ព្ទ និងកុំព្យូទ័ររបស់គេទិន្នន័យនៅក្នុងណុង កុំព្យូទ័រ៣៥គ្រឿង ហើយឆ្លើយដាក់គ្នាទៅវិញទៅមក។ ស្នងការកោះកុង មើលកូនចៅបន្ដិចមើល បើមិនអ៊ីចឹងទេឲ្យក្រុមស៉ើបអង្កេតទៅ គេឃើញកម្លាំងស្លៀកឈុតយួររបស់ទាំងហ្នឹង»។

គួរឱ្យ​ដឹងផងដែរ​ថាក្រុម​ការងារ​ដែល​ត្រូវ​បាន​បង្កើត​នេះមាន​តួនាទី​ស្រាវ​ជ្រាវ​ការ​បង្ក្រាប​បទ​ល្មើសនៅ​ក្នុងសហគ្រាស LYP មានទី​តាំង​នៅឃុំព្រែក​ខ្សាច់ ស្រុកគិរីសាគរ ខេត្ត​កោះកុង ពី​ដំណើរ​រឿង សកម្មភាព​ក្រុមការងារ​ដែល​ចុះ​បង្ក្រាប ដំណើរ​ការស៊ើបអង្កេត និង​ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​មាន​វិធាន​ការ​បន្ត៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម