Connect with us

សេដ្ឋកិច្ច

ស្រូវ អូអឹម ឡើងថ្លៃបន្តិច ខណៈកសិករថា ចំណេញតិចតួច

បានផុស

នៅ

តម្លៃស្រូវប្រភេទ អូអឹម (OM) បានកើឡើងបន្តិចដល់ ៨៥០ រៀល ក្នុងមួយគីឡូក្រាម នៅ​សប្ដា​ហ៍​​​នេះ បន្ទាប់ពីធ្លាក់ចុះដល់​ជាង ៧០០ រៀល ក្នុងមួយគីឡូក្រាមកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករនៅស្រុកពាមជរ ខេត្តព្រៃវែង លោក បឿន បូណា បានប្រាប់ឱ្យដឹងថា តម្លៃស្រូវ អូអឹម បាន​ឡើងថ្លៃបន្តិចដល់ ៨៥០ រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីសប្ដាហ៍មុនបានតែជាង ៧០០ រៀល ក្នុងមួយគីឡូក្រាម។

លោក បឿន បូណា ប្រាប់ថា៖ «ក្នុងមួយហិកតាការចំណាយដើមទុនប្រមាណ ២ លានរៀល និង​បានទិន្នផលប្រមាណ ៥ តោន ដែលផ្តល់ចំណេញបានតិចតួច ព្រោះអ្វីៗយើងជួលគេ ថ្លៃ​ភ្ជួរ រាស់ ជី ប្រេង ថ្នាំ យើងផាត់ទៅ សល់បានតិច​តួច»។

ឆ្លើយសំនួរថា ក្រសួងកសិកម្មចង់ឱ្យកសិករងាកមកដាំដុះពូជយុទ្ធសាស្ត្រ ប្រភេទស្រូវសែន​ក្រអូប ដែលមានតម្លៃទីផ្សារល្អ តើលោកនឹងប្ដូរមកប្រើពូជស្រូវសែនក្រអូបទេទេ?

លោក បូណា ប្រាប់ថា៖ «ដីស្រុកយើង​អត់ដែលធ្លាប់​ធ្វើស្រូវ​សែន​​ក្រអូប យើងយក​ពូជ​មកតែពីវៀតណាម បើសិនជាធ្វើទាល់តែក្នុង​ភូមិគាត់​​​ស្រុះស្រួល​គ្នាធ្វើ​ទាំង​អស់គ្នា ហើយបើយើងធ្វើតែម្នាក់ឯងក៏ពិបាកដែរ ព្រោះពូជយើងយក​មកពីវៀត​ណាម​ទាំង​អស់​​នៅក្នុងឃុំកោះសំពៅ ហើយនៅស្រុកនេះ អត់ដែលឃើញមានក្រសួង​ចុះ​មក​អនុវត្តផ្ទាល់​ឱ្យ​យើងឃើញ ឃើញតែនៅលើបណ្ដាញសង្គម»។

លោក ឃឹម​ ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាស​ន៍​ថា៖ «ថ្លៃស្រូវជាទូទៅ ជាពិសេសទីផ្សារអង្ករស ធ្លាក់ចុះតាំងពីឆ្នាំមុនមកម្លេះ ហើយមែនទែនទៅ តម្លៃធ្លាក់ខ្លាំងគឺយើង​ធៀប​​នៅឆ្នាំ ២០២៣ និង២០២៤ ម៉ែនទែនបើយើងធៀបនឹងឆ្នាំមុន វាមិនឆ្ងាយកាលពី ២០២០ ២០២១ ២០២២ ទេ បើធៀប ២០២៣-២០២៤ គឺវាធ្លាក់ខ្លាំងដោយសារតែឆ្នាំ ២០២៣-២០២៤ យើងមានព្រឹត្តិការណ៍មួយគឺមានការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប្រទេសមួយចំនួនធំ ដែលមានឥណ្ឌាដែរ បានធ្វើការបិទការនាំចេញអង្កររបស់ខ្លួន កត្តានេះ បានទាញឱ្យថ្លៃកើនប្រមាណ ៣០% ឆ្នាំមុននេះ ថ្លៃបានធ្លាក់វិញ ៣០%»។

លោក ឃឹម ហ្វីណង់ បន្ថែមថា នៅពេលដែលតម្លៃស្រូ អង្ករកើន យើងទាំងអស់គ្នាសប្បាយចិត្ត យើងនាំគ្នាបង្កើនផលិតកម្ម តែនៅពេលដែលវាធ្លាក់ចុះមកវិញ គឺធ្វើឱ្យការរំពឹងទុក វាមិនដូច​បំណង ហើយកត្តានេះ វាធ្វើឱ្យបងប្អូនមួយចំនួន ដែលគាត់ ហាក់ប្រថុយប្រថាន ដូចជា ពីមុន​គាត់​អត់ហានជួលដីគេធ្វើទេ ឥឡូវ ដោយសារឆ្នាំដែលកន្លងមកវាចំណេញច្រើន គាត់ទៅជួលដី​គេថែម អញ្ចឹងពេលដែលវាធ្លាក់ថ្លៃគាត់កាត់កងថ្លៃជួលដីទៅវាខាត។ ម្យ៉ាងទៀត មានកសិករខ្លះនៅពេលស្រូវ អង្ករឡើងថ្លៃ គាត់ទៅធ្វើនៅតំបន់តែងរងហានិភ័យ ដូចជា ខ្វះទឹក ឬទឹកជំនន់។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «ឆ្នាំនេះ មែនទែនបើធៀបនឹងឆ្នាំមុន ថ្លៃស្រូវ អូអឹម ដូចជាមិន​ថយច្រើនពេកទេ ចុងដៃមុននេះ អូអឹមក៏ធ្លាក់មកនៅត្រឹម ៧៥០ ទៅ ៨០០ រៀល ក្នុងមួយ​គីឡូក្រាមដែរ តែសូមបញ្ជាក់ថា ទីផ្សារស្រូវដែលមានបញ្ហា គឺជាទីផ្សារស្រូវអង្ករស មិន​មែន​អង្ករ​ក្រអូប ហើយក៏មិនមែនទីផ្សារស្រូវអង្ករយុទ្ធសាស្ត្ររបស់កម្ពុជាទេ»។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា កន្លងមកក្រសួងបានអំពាវ​នាវ​ទៅប្រជាកសិករពិចារណាធ្វើពិពិធម្មពីទីផ្សារអង្ករអូអឹម ដែល​ពឹងផ្អែកលើទីផ្សារ​វៀត​ណាម ដោយក្រសួងលើកទឹកចិត្តឱ្យបងប្អូន ប្រែ ពីដាំពូជអូអឹម មកដាំពូជក្នុងស្រុករួមមាន​ផ្កា​រំដួល សែនក្រអូប ស្រងែស្រាល ចំប៉ីស៧០ ដែលកន្លងមកពូជអង្ករក្រអូបរបស់កម្ពុជា មានស្ថិរ​ភាព​ជាងអូអឹម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម