ព័ត៌មានជាតិ
អ្នកជំនាញ៖ អតិផរណាខ្ពស់ក្នុងខែមករានឹងប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញការយល់ឃើញថា តួលេខនៃការកើនឡើងអតិផរណារួម ៦ % ដែលបានឆ្លុះបញ្ចាំងនៅក្នុងខែមករា ឆ្នាំ២០២៥ នេះ គឺជាសញ្ញាបង្ហាញពីការជះឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមរបាយការណ៍ដែលចេញដោយក្រសួងផែនការបានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៥ អតិផរណារួមមានកម្រិត ៦% ជាចម្បងបណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែងមកកាន់កម្ពុជាថ្មីថា តាមរយៈតួលេខដែលឆ្លុះបញ្ចាំងនៅក្នុងខែមករា បើគិតពីគម្លាតតួលេខវាហាក់បីជាមានគម្លាតឆ្ងាយពេក រីឯគម្លាតឆ្នាំវាដូចជាមិនឆ្ងាយពេក រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ឆ្នាំ២០២៤ អតិផរណានៅកម្ពុជាសរុបមាន ០.៨% ដូច្នេះតាមការយល់ឃើញរបស់លោកតួលេខ ៦% នេះជារឿងមួយដែលអាចបង្ករហានិភ័យនៅក្នុងវិស័យសេដ្ឋកិច្ច ព្រោះជាតួលេខមួយដែលធំខ្លាំង។
លោកបណ្ឌិតបានលើកឡើងថា «ប្រសិនបើយើងមើលតាមតួលេខ កាលណាអតិផរណាកើនឡើងខ្ពស់បែបនេះ វាបានបង្ហាញពីអស្ថិរភាពនៅក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច។ ព្រោះនៅក្នុងសុវត្ថិភាពនៃអតិផរណាដែលធំខ្ពស់បំផុតត្រឹមតែ ១.៥% គេមានការព្រួយបារម្ភទៅហើយ ទាំងនៅក្នុងប្រទេសដែលបានរីកចម្រើន និងបានអភិវឌ្ឍន៍ ហើយប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកម្ពុជាយើងកាន់តែព្រួយបារម្ភថែមទៀត ព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងគំហុកដល់ចំណូល និងចំណាយរបស់ប្រជាពលរដ្ឋ ទាំងអ្នកមានចំណូលថេរ ចំណូលមិនកើន ហើយនិងអ្នកចំណាយខ្ពស់»។

លោកបណ្ឌិត បានពន្យល់ថា ប្រសិនបើតម្លៃទំនិញកើនឡើងកាន់តែខ្ពស់ ហើយប្រាក់ខែពលរដ្ឋមានការឡើងតិចតួច នោះច្បាស់ណាស់ថា ពលរដ្ឋមិនអាចទប់ទល់និងតម្លៃទំនិញដែលកើនឡើងខ្ពស់បានទេ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទាំងអ្នកដែលមានចំណូលប្រាក់រៀល ចំណូលថេរ និងអ្នកដែលមានចំណូលទាប។ ជាក់ស្ដែងអ្នកដែលមានចំណូលខ្ពស់ក៏ប៉ះពាល់ដែរ ប៉ុន្តែដោយសារតែគេមានប្រាក់ចំណូលខ្ពស់សម្រាប់ការចាយវាយ ដូច្នេះគេនៅតែអាចទប់ទល់ទៅនិងអតិផរណាខ្ពស់។
លោកថា៖«ជាក់ស្តែង ដើម្បីដោះស្រាយលើបញ្ហានេះ យើងគួរតែជំរុញគោលនយោបាយសហគ្រាសធនតូច និងមធ្យម (SME) ដោយត្រូវបង្កើនផលិតកម្មនៅក្នុងស្រុកឱ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីអាចទប់ស្កាត់ការនាំចូល ពីព្រោះការកើនឡើងនេះយើងផ្អែកលើការនាំចូលច្រើន ប្រទេសដែលពឹងផ្អែកលើការនាំចូលច្រើននៅពេលដែលចង្វាក់ផ្គត់ផ្គង់សកលមានការប្រែប្រួលទំនិញត្រូវការចំណាយច្រើន ហើយថ្លៃភស្តុភារកម្មកើនឡើងខ្ពស់ គួបផ្សំការចែកវិន័យពិភពលោកបែកខ្ញែកគ្នា វាជាហេតុជំរុញឱ្យទំនិញឡើងថ្លៃដោយស្វ័យប្រវត្តិ»។
មួយវិញទៀតពាក់ព័ន្ធទៅនិងការដំឡើងពន្ធផ្សេងៗក៏ជាបុព្វហេតុដែលធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃទៅតាមនេះផងដែរ។ ហេតុដូចនេះហើយ ត្រូវជំរុញគោលនយោបាយ SME ឱ្យបានច្រើន ជាពិសេសទំនិញណាដែលអាចផលិតកើត យើងខិតខំផលិតបន្តទៀត ជាពិសេសទៅលើទំនិញចាំបាច់ ដូចជាស្បៀងអាហារ របស់របរប្រើប្រាស់ជុំផ្ទះបាយ និងគ្រឿងសំណង់ជាដើម ដោយយើងនាំចូលតែរបស់កម្រ ឬក៏វត្ថុធាតុដើមមួយចំនួន។ លោកបណ្ឌិត បន្ថែមបែបនេះ។

យ៉ាងណាមិញ លោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា៖«ការយល់ឃើញបែបនេះមិនមែនមានន័យថា យើងចង់ទប់ការនាំចូលពីខាងក្រៅបានទេ ព្រោះជាទីផ្សារសេរី ប៉ុន្តែប្រសិនបើយើងមានផលិតជំនួសនោះយើងនិងល្អប្រសើរ ហើយបើប្រជាជនខ្មែរបើកចិត្តប្រើប្រាស់ផលិតផលខ្មែរ ដូច្នេះបើទោះបីជាផលិតផលបរទេសនាំចូលក្នុងកម្រិតណាក៏ដោយ តែបើគ្មានអ្នកប្រើប្រាស់នោះយូរៗទៅគេនិងលែងនាំចូល»។
រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគ រយនៅឆ្នាំ២០២៥ខណៈតម្លៃផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានរំពឹងថានឹងឈានដល់៥១,៣៩ប៊ីលលានដុល្លារនៅឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ អត្រាអតិផរណានឹងកើនឡើងក្នុងរង្វង់ ២ ភាគរយ។
លោកបណ្ឌិត ហុង វណ្ណក៏បានផ្តល់អនុសាសន៍ផងដែរថា ពាក់ព័ន្ធនឹងការកើនឡើងខ្ពស់នៃអតិផរណានេះដែរ រាជរដ្ឋាភិបាលត្រូវមានគោលនយោបាយកំណត់ដើម្បីកំណត់ទៅលើពន្ធប្រាក់ចំណេញ វាខ្ពស់ដើម្បីដោះស្រាយលើបញ្ហាមួយចំនួន ដោយក្រុមហ៊ុនខ្លះកំណត់លើប្រាក់ចំណេញខ្ពស់ ដូច្នេះរដ្ឋត្រូវកំណត់ទៅលើមុខទំនិញតែម្តង កុំឱ្យម្ចាស់អាជីវកម្មមួយចំនួនយកចំណេញច្រើនពេកដើម្បីកាត់បន្ថយអតិផរណានេះ។ ចំណុចមួយទៀត រដ្ឋក៏គួរកាត់បន្ថយពន្ធដើម្បីឱ្យថ្លៃដើមចុះទាបបន្តិច ដូច្នេះលក់នៅលើទីផ្សារទំនិញមានភាពធូថ្លៃដែលពលរដ្ឋមានលទ្ធភាពទិញស្ថិតនៅក្នុងតម្លៃមួយដែលយើងមើលទៅមានការប្រែប្រួលតិចតួចដែលពលរដ្ឋអាចទិញបាន៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


