Connect with us

ព័ត៌មានជាតិ

២ ថ្ងៃនេះ ទឹកប្រាក់ជាង ១៣ ម៉ឺនដុល្លារ និងជាង ៥០០ លានរៀល សប្បុរសជនបានប្រគល់អំណោយជូនរដ្ឋបាលរាជធានី ដើម្បីសមរភូមិមុខ

បានផុស

នៅ

ទឹកប្រាក់​សុទ្ធ​ជាង​ ១៣ ​ម៉ឺន​ដុល្លារ ប្រាក់រៀល​ជាង ​៥០០​ លាន​ និង​ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ព្រមទាំង​ថ្នាំពេទ្យ ត្រូវបាន​សប្បុរសជន​ប្រគល់​អំណោយ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ចែកជូន​ដល់​វីរ​កងទ័ព​ជួរមុខ​ និង​ពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន បន្ទាប់ពី​មាន​ជម្លោះ​ប្រដាប់អាវុធដែល​បង្កឡើងដោយ​ទាហាន​ថៃ​ឈ្លានពាន​មកលើ​ដែន អធិបតេយ្យ​ភាព​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ថ្ងៃទី ២ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ២៧ កក្កដា ​នេះ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ នៅតែ​បង្ហាញ ក្រោម​វត្តមាន​ទទួល​អំណោយ​នានា នៅ​សាលា​រាជធានី​ភ្នំពេញ។

លោកស្រី ​ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​ ២៧ កក្កដា​ នេះ​ថា គិត​ត្រឹម​ម៉ោង​ ១១ ​និង​ ២៥​ នាទី​ព្រឹក​ ថ្ងៃទី ​២៧ កក្កដា ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានទទួល​បាន​ថវិកា​ពី​សប្បុរសជន​ជា​ប្រាក់​ដុល្លារ​សរុប​ចំនួន ១៣០៧០១ ដុល្លារ និង​ប្រាក់រៀល​សរុប​ចំនួន​ ៥៣២៨៩២៦២៥ រៀល រួមទាំង​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ថ្នាំពេទ្យ និង​សម្ភារៈ​ផ្សេងៗ​ មួយចំនួនធំ​ទៀត។

សកម្មភាព​នេះ ​បាន​បង្ហាញឱ្យឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ​ជា​ធ្លុង​មួយ របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ នៅ​សមរភូមិ​ក្រោយ គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ជួរមុខ ដែល​បាន​និង​កំពុង​ខិតខំ​តស៊ូ​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ប្រកបដោយ​ភាពក្លាហាន មោះមុត ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន ក្រោម​ការដឹកនាំ​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ និង​បន្ត​មក​សម្តេច​មហា​​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នា​ពេល​បច្ចុប្បន្ន។

លោកស្រី ​ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឱ្យដឹង​ថា សម្រាប់​ខឿន​ការពារជាតិ ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជា​កិច្ច​ឆ្លើយតប​ជាមួយនឹង​ការ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ របស់​វីរ​កងទ័ព​ជួរមុខ ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​កម្ពុជា​ពី​ចោរ​ឈ្លានពាន​ថៃ ជាមួយ​នឹង​ការ​ចូលរួម​រំលែក​ការ​លំបាក​របស់​​ប្រជាពលរដ្ឋ​ដែលជា​ជនភៀសសឹក ដែល​កំពុងតែ​ជ្រកកោន​នៅតាម​ទីតាំង​សុវត្ថិភាព​នានា​។ ទាំងអស់នេះ​គឺជា​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ស្មារតី​សមរភូមិ​ក្រោយ ជួយ​សមរភូមិ​មុខ ​,​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ។

លោកស្រី​ សូម​ជម្រាប​​សប្បុរសជន​នានា​ អាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បាន​ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចាត់តាំង​ក្រុមការងារ​ចាំ​ទទួល​សម្ភារៈ ​និង​ថវិកា​ តាមរយៈ ​QR Code។

លោក ឃួង ស្រេង ក្នុង​ឱកាស​នោះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ប្រជាពលរដ្ឋ​កំពុង​ផុសផុល​មក​ចូលរួម​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរមុខ និង​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញមក​ទីកន្លែង​សុវត្ថិភាព ដែល​នេះ​ពិតជា​បាន​បង្ហាញ​ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ ខ្មែរ​ស្រលាញ់​ខ្មែរ។ ពលរដ្ឋ​អាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បាន​។ សូម​គោរព​អរគុណ​នូវ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម