Connect with us

សុខភាព

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះ ឲ្យកូនស្រីដឹងពីរឿងមករដូវដំបូង?

បានផុស

នៅ

ជា​ទូទៅ​ ក្មេង​ស្រី​​​ភាគ​ច្រើន​នឹង​ចាប់ផ្ដើម​មាន​រដូវ​ជា​លើក​ដំបូង​នៅ​អាយុ​១២​ឆ្នាំ​ ​ប៉ុន្តែ​មាន​​ក្មេង​ស្រី​មួយ​ចំនួន​អាច​មក​រដូវ​​លឿន​ជាង​នេះ​ ឬ​យូរ​ជាង​នេះ​ ដោយ​អាស្រ័យ​ទៅ​លើ​​លក្ខខណ្ឌ​​សុខភាព​របស់​ពួកគេ​។​ ​យ៉ាង​ណា​មិញ​ តើ​​ម៉ាក់​ៗ​គួរ​និយាយ​អ្វី​ខ្លះ​ប្រាប់​កូន​​​ ដែល​ទាក់ទង​អំពី​ការ​មក​រដូវ​ដំបូង​ ​​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ពេលវេលា​ត្រូវ​និយាយ​អំពី​រឿង​មក​រដូវ

​ជាក់​ស្ដែង​ ក្មេង​ស្រី​មាន​ការ​អៀនខ្មាស​ច្រើន​ ដូច្នេះ​ហើយ​​​ម៉ាក់​ៗ​ត្រូវ​ស្វែងរក​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រាប់​កូន​អំពី​រឿង​​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​មុន​ចំពោះ​ការ​​​មក​រដូវ​ដំបូង​ ចៀសវាង​​មាន​ការតក់ស្លុត​ ឬ​ភិតភ័យ​។

​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ម៉ាក់​ៗ​គួរ​ចាប់ផ្ដើម​ការ​សន្ទនា​​សាមញ្ញ​ធម្មតា​ ​ជាជាង​ការ​ពិភាក្សា​លក្ខណៈ​ប្រៀនប្រដៅ​។​ ការ​ដែល​ម៉ាក់ៗ​ប្រាប់​ឲ្យ​កូន​ស្រី​​ដោយ​ត្រង់ៗ​អំពី​រឿង​​មក​រដូវ​ប្រចាំ​ខែ​ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​​។​ ដូចនេះ​ យើង​គប្បី​ប្រាប់​ពួកគេ​បន្តិច​ម្ដង​ៗ​​អំពី​ព័ត៌មាន​ចាំបាច់​ នៅ​ពេល​ដែល​មាន​ឱកាស​។​ ​​នៅ​ពេល​ដែល​ពួកគេ​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​ ​ម៉ាក់​ៗ​អាច​ធ្វើការ​ពន្យល់​លម្អិត​​អំពី​រឿងរ៉ាវ​ជាក់លាក់​​មួយ​ចំនួន​ដូចជា​ ការ​តាមដាន​រយៈពេល​ និង​រោគ​សញ្ញា​មុន​ពេល​មាន​រដូវ​(PMS) ជាដើម​។

២.​ ប្រាប់​អំពី​ព័ត៌មាន​​មូលដ្ឋាន​ជា​មុន

​​​​​​​​មុន​ពេល​ដែល​កូន​ស្រី​​យើង​មក​រដូវ​ជា​លើក​ដំបូង​ ​យើង​អាច​ពិភាក្សា​អំពី​ចំណេះ​ដឹង​​មូលដ្ឋានមួយ​ចំនួន​​ នៅ​ពេល​​មាន​ឱកាស​ល្អ​។​ ឧទាហរណ៍​ បើ​ឃើញ​មា​នការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​​អំពីសំឡីអនាម័យ​យើងអាចចាប់​ផ្ដើម​​និយាយ​ធម្មតា​អំពី​ការ​មក​រដូវ​ជាមួយ​កូ​ន​។​ ​

តើ​ក្មេង​ស្រី​​អាច​ដឹង​ដោយ​របៀប​ណា​ នៅ​ពេល​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​?

ម៉ាក់​ៗ​គួរ​ប្រាប់​កូន​​ថា​ ពួក​គេ​អាច​មក​រដូវ​ដំបូង​ បន្ទាប់​ពី​ពួកគេ​​ដុះ​រោម​ក្លៀក​ និង​រោម​​ប្រដាប់​ភេទ​។​ បន្ថែម​ពី​នេះ​ ការ​មក​រដូវ​​​ដំបូង​អាច​ចាប់ផ្ដើម​រយៈពេល​២​ឆ្នាំ​ បន្ទាប់​ពី​​សុដន់ពួកគេ​ចាប់​ផ្ដើម​ឡើង​ធំ​។​

តើ​វា​មាន​ការ​ឈឺចាប់​ទេ?​​​​​

​យើង​​អាច​ប្រាប់​កូន​ស្រី​ថា​ វា​មាន​ការ​ឈឺចាប់​ខ្លះ​ៗ​នៅ​​​ពេល​មក​រដូវ​​។​ ប៉ុន្តែ​ បញ្ហា​នេះ​​យើង​អាច​ដោះស្រាយ​បាន​​ដោយ​ការ​​ស្អំ​ទឹក​ក្ដៅ​ ​​ឬ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។​ ចំពោះ​ការ​ធ្លាក់​ឈាម​តិច​ៗ​មុន​មក​រដូវ​ដែល​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ គឺ​មិន​មែន​ជា​រឿង​​ធម្មតា​នោះ​ទេ​ ដូច្នេះ​ហើយ​​កូន​ស្រី​​ត្រូវ​តែ​ប្រាប់​ដល់​យើង​ភ្លាម​ៗ​ បើសិនជា​​មាន​បញ្ហា​នេះ​កើត​ឡើង​។

តើ​ពួកគេ​​នឹង​បាត់បង់​ឈាម​ប៉ុន្មាន​?

​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​គួរ​លួងលោម​កូន​ៗ​ ​ដោយ​និយាយ​ថា​ ទោះ​បី​ជា​​​ការ​ធ្លាក់​ឈាម​​មើល​ទៅ​ដូចជា​ច្រើន​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​ជា​ទូទៅ​ ពួកគេ​បាត់បង់​ឈាម​ប្រហែល​ជា​៣​ ទៅ​៥​មិល្លីលីត្រ​តែ​ប៉ុណ្ណោះ​។​

តើ​ការ​មក​រដូវ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​?

​ម៉ាក់ៗ​គួរ​ពន្យល់​ប្រាប់​​កូន​ថា​ កត្តា​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ក្មេង​ស្រី​ម្នាក់​ៗ​ ប៉ុន្តែ​​វា​អាច​មាន​រយៈ​ពេល​ប្រហែល​ជា​៣​ ទៅ​៧​ថ្ងៃ​។

៣. ពន្យល់​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ

ក្រោយ​ពី​ពន្យល់​អំពី​ចំណុច​មូលដ្ឋាន​រួច​ យើង​អាច​ចាប់ផ្ដើម​ប្រាប់​កូន​អំពី​រឿងរ៉ាវ​លម្អិត​ដែល​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ដូចជា​ការ​តាម​ដាន​វដ្ដ​រដូវ​ ដែល​វដ្ត​រដូវ​​ធម្មតា​ គឺ​មាន​រយៈ​ពេល​២៨​ថ្ងៃ និង​​​ប្រាប់​ពួកគេ​អំពី​សញ្ញា​មួយ​ចំនួន​ដែល​កើត​ឡើង​មុន​ពេល​មក​រដូវ ដូចជា​ហើម​ពោះ​ កើត​មុន​ ចុកពោះ​ ឈឺ​ដើមទ្រូង​ ហត់​នឿយ​ ឬ​ប្រែប្រួល​អារម្មណ៍​ជាដើម​។

មួយ​វិញ​ទៀត​ នៅ​អំឡុង​ពេល​មក​រដូវ​ ក្មេង​ស្រី​ជំទង់​នៅ​តែ​អាច​បន្ត​​សកម្មភាព​កីឡា​ ឬ​លំហាត់​ប្រាណ​​របស់​ខ្លួន​បាន​​ដូច​ធម្មតា​ ដោយ​ពុំ​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ​។​ លើស​ពី​នេះ​ ម៉ាក់​ៗ​គួរ​ប្រាប់​កូន​ឲ្យ​ចៀសវាង​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ប្រដាប់​ភេទ​ នៅ​អំឡុង​ពេល​មក​រដូវ​ ពីព្រោះ​​ទ្វារមាស​របស់​ស្រីៗ​យើង​ គឺ​ជា​សរីរាង្គ​ដែល​សម្អាត​ដោយ​ខ្លួន​ឯង​ ហើយ​ការ​ប្រើ​ប្រាស់​ផលិតផល​ទាំង​នោះ ​ជា​ពិសេស​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ គឺ​អាច​​​បង្ក​​គ្រោះថ្នាក់​ដល់​​ស្រីៗ​យើង​​ថែម​ទៀត​ផង​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទើបពេញវ័យ ក្មេងជំទង់គួរថែទាំស្បែកបែបណា កុំឲ្យឡើងមុន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម