ព័ត៌មានជាតិ
មន្ត្រីអប់រំ ៖ ការមាក់ងាយសិស្សស្រីៗ ពេលមករដូវ ធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្ស និងជំរុញការបោះបង់ការសិក្សា
មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអះអាងថា ការមាក់ងាយ និងការរើសអើងចំពោះសិស្សស្រីៗ ពេលមករដូវ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព សុខភាពផ្លូវចិត្ត និងជំរុញការបោះបង់ការសិក្សាដែលទាមទារឱ្យយើងត្រូវរួមគ្នាបង្កើនការអប់រំសុខភាព និងអនាម័យ ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីចូលរួមលុបបំបាត់ការមាក់ងាយសិស្សស្រីៗ ពេលមករដូវ។

ថ្លែងក្នុងទិវាសុខភាពពេលមករដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ«យើងរួមគ្នាចូលរួមអំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវ ក្នុងទិវាសុខភាពមករដូវ» រៀបចំឡើងដោយអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)កម្ពុជា នៅវិទ្យាល័យ ឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ឧសភានេះ លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សា មន្ទីរអប់រំយុវជន និងកីឡា បានលើកឡើងថា បច្ចុប្បន្នសិស្សានុសិស្សស្រីតែងជួបការលំបាកមួយចំនួននៅពេលមករដូវខែ ដែលប្រការនេះមិនត្រឹមតែជះក្តីកង្វល់សម្រាប់សិស្សខ្លួនឯងផ្ទាល់ទេ តែក៏មួយចំនួនបានទទួលរងនូវការមាក់ងាយ ការខ្ពើមរអើម ហើយមួយចំនួនទៀតបានឈប់សម្រាករៀនសូត្រថែមទៀតនៅពេលមករដូវខែម្តងៗ។ ហេតុនេះចាំបាច់ណាស់ត្រូវអប់រំផ្សព្វផ្សាយសំដៅធ្វើយ៉ាងណាជួយគាត់ឱ្យបានចូលរៀន កាត់បន្ថយការមាក់ងាយ និងការរើសអើងជាដើម។

លោកបានបន្តថា «យើងត្រូវរួមគ្នា ក្នុងការលុបបំបាត់ការមាក់ងាយ បង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំសុខភាពពេលមករដូវ និងការគ្រប់គ្រងអនាម័យពេលមករដូវ ដូចជាសំឡីអនាម័យ ទីកន្លែងសុវត្ថិភាព សម្រាប់សិស្សស្រីៗ»។
លោកបានបន្តទៀតថា នៅទូទាំងពិភពលោក ស្ត្រីប្រមាណ ៥០០ លាននាក់ តែងជួបប្រទះនឹងភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព កង្វះអនាម័យ និងការទទួលយករបស់សហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងថា ការរៀបចំទិវាសុខភាពពេលមករដូវនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ ហើយ ទិវាសុខភាពពេលមករដូវ កំពុងត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភា។

លោកវេជ្ជបណ្ឌិត បានបន្តថា នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេសក្នុងអនុតំបន់អាហ្វ្រិកសាហារ៉ា ប្រឈមមុខនឹងការឆ្លង មេរោគអេដស៍ខ្លាំង។ កង្វះការទទួលបានសំឡីអនាម័យ បង្ខំឱ្យក្មេងស្រីជាច្រើន ខកខានមិនបានចូលរៀន និង បោះបង់ចោលការសិក្សា បោះបង់ការងារ។ ទាំងនេះហើយដែលនាំមានកើនឡើងនូវទំនាក់ទំនងមានការរួមភេទ ជាមួយការខ្វះខាតជំនាញក្នុងការចរចាការរួមភេទប្រកបដោយសុវត្ថិភាព និងមិនមានហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង ២.២ លាននាក់ ក្នុង ៤៨ ប្រទេស នៅទូទាំងពិភពលោក ក្នុងទ្វីបអាហ្វ្រិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នអង្គការគឺជាអ្នកផ្តល់សេវាថែទាំសុខភាពនៅលើពិភពលោក ពីមេរោគអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


