Connect with us

ព័ត៌មានជាតិ

មកស្គាល់តំបន់​ការពារ​ធម្មជាតិ​ទាំង​ ៩​កន្លែង​នៅខេត្ត​កោះកុង

បានផុស

នៅ

ខេត្ត​កោះកុង ជា​ខេត្ត​មួយ​ដែល​មិន​ត្រឹម​តែ​មាន​ភាព​ល្បីល្បាញ​ផ្នែក​កោះ ឆ្នេរ​ក៏​ដូច​ជា​ទី​តាំង​ទេសចរណ៍​​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ខេត្តមួយនេះ ​ក៏​មាន​នៅ​តំបន់​ការ​ពារ​ធម្មជាតិចំនួន ៩​កន្លែង​ផ្សេង​ទៀត ដែលមានភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​កោះកុង​កាន់​តែ​ច្រើន​កុះករ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ការពារ​ធម្មជាតិ​ទាំង ៩​កន្លែង​នៃ​ខេត្ត​កោះ​កុង​នោះ​ មាន​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង ១លាន​ហិកតា។

ខាង​ក្រោម​នេះ ជា​តំបន់​ការពារ​ធម្មជាតិ​ទាំង​ ៩កន្លែង​នៃ​ខេត្ត​កោះកុង៖

. ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង

ឧទ្យាន​ជាតិ​ ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៨៩.អនក្រ.បក ចុះ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ២០១៦។ គ្រប​ដណ្ដប់​លើ​ខេត្ត​ទាំង​ ៤ គឺ កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និង ព្រះសីហនុ ​ដែល​មាន​ផ្ទៃដី​សរុប ៤១០ ៣៩២ ហិតា។ ក្នុង​នោះ​​វា​បាន​គ្រប​ដណ្ដប់​លើ​ខេត្ត​កោះកុង​ទំហំ​ផ្ទៃ​ដី​ ៣៦០ ៥៩៤ ហិតា។

នៅ​ទី​នោះ​ផង​ដែរ មាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប និង​ក្រឡ មឈូស​ ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ ព្រម​ទាំង​មាន​ទេស​ភាព​សមុទ្រ​ឈើ ព្រៃ​ស្រោង ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​ទឹក​ធ្លាក់​ជា​ច្រើន​កន្លែង​ទៀត​ផង​ដែរ។

. ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល

ឧទ្យាន​ជាតិ មួយ​កន្លែង​នេះ បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៨១.អនក្រ.បក ចុះ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ២០១៦ ដែល​គ្រប​ដណ្ដប់​លើ ០៣ខេត្ត​ មាន​ខេត្ត​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ មាន​ផ្ទៃ​ដី​សរុប ៤០១៣១៣ ហិតា និង​បាន​​គ្រប​ដណ្ដប់​ខេត្ត​កោះកុង​ ផ្ទៃ​ដី​ប្រមាណ ២៣១៦០៧ ហិតា។

ជា​មួយ​គ្នា​នេះ​ បើ​តាម​ក្រសួង​បរិស្ថាន​បន្ថែម​បាន​ឱ្យ​ដឹង​ថា ទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ ជា​តំបន់​ដែល​មាន​សក្ដានុពល​មួយ​កន្លែង​ និង​សាក​សម​សម្រាប់​ទេសចរ​ដែល​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​លក្ខណៈ​ផ្សង​ព្រេង ហើយ​ក៏​នៅ​មាន​​ទឹក​ធ្លាក់ សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ​មាន​ទាំង​ក្រពើ​ភ្នំ ទេសភាព​តាម​ព្រៃភ្នំ​ដ៏​គួរ​ឱ្យ​ទាក់ទាញ និង​ក្រវាញ​ រួម​ទាំង​ការ​កែច្នៃ​ស្រា​ចេក​ជាដើម។

​​៣. ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ

ដែន​ជម្រក​ សត្វ​ព្រៃ​តា​តៃ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៨០.អន​ក្រ.បក ចុះ​ថ្ងៃ​ទី០៩ ខែ​ឧសភា ឆ្នាំ២០១៦ គ្រប​ដណ្ដប់​លើ ០៤ស្រុក និង ០១ក្រុង នៃ​ខេត្ត​កោះកុង​គឺ កោះកុង, បុទុមសាគរ, មណ្ឌលសីមា, ថ្មបាំង និង ក្រុង​ខេមរភូមិន្ទ មាន​ផ្ទៃ​ដី​សរុប ១៤៤២៧៥ ហិតា។

នៅ​ដែន​ជម្រក​សត្វព្រៃ​តាតៃ មាន​នៅ​ទី​កន្លែង​ដើម្បី​លេង​កម្សាន្ត​ជា​ច្រើន​ ដោយ​ក្នុង​នោះ​រួម​មាន​ស ទឹក​ជ្រោះ​ ទឹក​ជ្រោះ ទេសភាព​ព្រៃភ្នំ ការ​ជិះ​ទូក​កម្សាន្ត​តាម​ដង​ព្រែក សត្វ​ព្រៃ​ ក៏​ដូច​ជា​ទេសភាព​ព្រៃ​ភ្នំ​យ៉ាង​ស្រស់​ត្រកាល​ផង​ដែរ។

.របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ (ជួរ​ភ្នំ​ក្រវាញ)

របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ (ជួរ​ភ្នំ​ក្រវាញ​) បាន​បង្កើត​ឡើង​ដោយ អនុក្រឹត្យ​លេខ ០៧ អនក្រ.បក ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ មាន​ផ្ទៃ​ដី​សរុប ១៦៩៤៦៩ ហិតា និង​គ្រប​ដណ្ដប់​លើ​ខេត្ត​កោះកុង​ទំហំ​ដី ១៣១២១ហិតា ហើយ​តំបន់​នេះ​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​វា​ ជា​តំបន់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ ជីវៈ​ចម្រុះ​ទាំង ៣៥​នៅ​លើ​ផែន​ដី និង​គ្រប់​ដណ្ដប់​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ផង​ដែរ។

.​ឧទ្យាន​ជាតិ​សមុទ្រ​កោះរុង

ឧទ្យាន​ជាតិ​សមុទ្រ​កោះរុង​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែល​បាន​គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន ០២ មាន​​ខេត្ត​កោះកុង និង ខេត្ត​ព្រះសីហនុ និង​មាន​ផ្ទៃ​ដី​សរុប ៥២៤៤៨ ហិតា ហើយ​ទី​នេះ ក្រៅ​ពី​មាន​ឆ្នេរ​ខ្សាច់​ នៅ​លើ​កោះ​ក៏​មាន​កន្លែង​ទាក់ទាញ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ​មាន ទឹកជ្រោះ ព្រៃ​កោងកាង ឧទ្យាន​សមុទ្រ ផ្កាថ្ម​ជាដើម។​

.ឧទ្យាន​ជាតិ​បុទុមសាគរ

ឧទ្យាន​ជាតិ​បុទុមសាគរ បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ១៩៩៣។ យ៉ាង​ណ​មិញ​ វា​ត្រូវ​បាន​គ្រប​ដណ្ដប់​លើ​ស្រុក​ ០៣​នៃ​ខេត្ត​កោះកុង​គឺ គីរីសាគរ កោះកុង និង​បុទុមសាគរ មាន​ផ្ទៃដី សរុប ១៧១២៥០ ហិតា។ ទន្ទឹម​នេះ វា​ក៏​ជា​ដែន​ជម្រក​នៃ​សត្វ​ព្រៃ​ និង​មច្ឆា​គ្រប់​ប្រភេទ​ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង ទៅ​កាន់​ទឹក​ជ្រោះ និង​មើល​ទេស​ភាព​ព្រៃភ្នំ​ជាដើម។

. តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដងពែង

ដំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ដង​ពែង​ ដែល​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ១៩៩៣ ក្នុង​នោះ​​វា​ បាន​គ្រប​ដណ្ដប់​លើ ០២​ស្រុក​នៃ​ខេត្ត​កោះកុង​គឺ ស្រែអំបិល និង​បុទុមសាគរ ព្រម​ទាំង​មាន​ផ្ទៃ​ដី​សរុប ២៧៧០០ ហិតា។

. ដែន​ជម្រក​សត្វ​ព្រៃ​ពាមក្រសោប និង​តំបន់​រ៉ាមសារ​កោះ​ការពិ

តំបន់​នេះ បាន​បង្កើត​ឡើង​ដោយ​ព្រះ រាជក្រឹត្យ ចុះ​ថ្ងៃទី ០១ ខែ​វិច្ឆិកា ឆ្នាំ១៩៩៣។ ដែន​ជម្រក​សត្វ​​ព្រៃ​ពាម​ក្រសោប និង​តំបន់​រ៉ាមសារ​កោះ​ការពិ បាន​គ្រប​ដណ្ដប់​លើ ០២ស្រុក និង ០១ក្រុង នៃ​ខេត្ត​កោះកុង​គឺ មណ្ឌលសីមា កោះកុង និង ក្រុង​ខេមរភូមិន្ទ មាន​ផ្ទៃ​ដី​សរុប ២៣៧៥០ ហិតា។ បន្ថែម​ជា​មួយ​គ្នា​នេះ ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប ជា​តំបន់​ព្រៃ​កោងកាង​ធំ​ជាង​គេ​នៅ​កម្ពុជា គួប​ផ្សំ​ទាំង​ជា​​តួអង្គ​ដ៏​សំខាន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​សត្វ​សមុទ្រ​ច្រើន​ប្រភេទ​ដូច​ជា ត្រី​ក្តាម បង្គារ ខ្យង ងាវ​ គ្រុំ​ ជា​ដើម។

៩. ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣។ តំបន់​មួយ​នេះ​ បាន​គ្រប​ដណ្ដប់​លើ ០២ខេត្ត​គឺ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់ ដែល​បាន​គ្រប​ដណ្ដប់​ផ្ទៃ​ដី លើ​ខេត្ត​កោះកុង​សរុប​ប្រមាណ​ជា ១៦៦៧០ហិតា។ នៅ​ទី​នេះ​ វា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​តាម​រយៈ​តំបន់​ជា​ច្រើន​កន្លែង​ ដោយ​ក្នុង​នោះ​ អាច​បោះ​តង់​នៅ​ក្នុង​តំបន់​ធម្មជាតិ ដើម្បី​ចាំ​មើល​សត្វ​ព្រៃ​ ទេសភាព​ព្រៃភ្នំ​ និង​ជា​ជម្រក​សត្វ​បក្សី​ផង​ដែរ៕

អត្ថបទ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម