ព័ត៌មានជាតិ
ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងនាំពលរដ្ឋចេញពីរបរកាប់ឈើ បរបាញ់សត្វខុសច្បាប់
ផ្ទះស្នាក់នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ដែលនៅមិនឆ្ងាយប៉ុន្មានពីឧទ្យានជាតិ គិរីរម្យ ខេត្ត កំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសចរទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស។ផ្ទះស្នាក់សហគមន៍គឺសំដៅផ្ទះរបស់ពលរដ្ឋតាមស្រុកស្រែចំការ ដែលបានរៀបចំឡើងក្នុងគោលបំណងដាក់បម្រើភ្ញៀវទេសចរក្នុងការស្នាក់នៅក្នុងអំឡុងភ្ញៀវបរទេសចរមកទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍។

អ្នកស្រី ហួត ខេម រស់នៅ ភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យដឹងថាគិតចាប់តាំងតែពីចាប់ផ្តើមបង្កើតផ្ទះស្នាក់ អំឡុងឆ្នាំ ២០០៣មក ផ្ទះស្នាក់របស់អ្នកស្រី ដំណើរការរលូនល្អ បើទោះបីពេលខ្លះខ្សត់ខ្សោយភ្ញៀវក៏ដោយ ប៉ុន្តែក៏អាចរកចំណូលជារៀងរាល់ខែដែរ។

ក្នុងវ័យ ៤២ឆ្នាំ ដែលរស់នៅជាមួយម្តាយចាស់ម្នាក់ និងមានផ្ទះមួយខ្នងសង់ពីឈើអាចផ្តល់កន្លែងស្នាក់នៅរបស់អ្នកទេសចរបានចំនួន៥នាក់ អ្នកស្រី ហួត ខេម ប្រាប់ក្រុមអ្នកយកព័ត៌មានថា៖«ក្រោយការបង្កើតផ្ទះស្នាក់បានជួយច្រើនដល់ប្រជាសហគមន៍ក្នុងនេះ ដែលកាលពីមុនធ្លាប់តែបរបាញ់សត្វ កាប់ព្រៃឈើ តែនៅពេលដែលបង្កើតតំបន់ទេសចរណ៍ចំបក់ និងពិសេសមានការបង្កើត ផ្ទះស្នាក់ មកធ្វើឱ្យពលរដ្ឋមានចំណូលពីផ្ទះស្នាក់ លក់របស់របរហូបចុក នាំភ្ញៀវទេសចរ ធ្វើឱ្យម្នាក់ៗមានចំណូលប្រចាំថ្ងៃ ហើយព្រមជាមួយគ្នាជីវភាពបានលើកកម្ពស់។ហេតុនេះការដែលពួកអ្នកស្រុកធ្លាប់ តែចូលព្រៃកាប់ឈើ បរបាញ់សត្វ ពេលនេះត្រឡប់មកចូលរួមអភិរក្សជំនួសវិញទៀតផង»។

ស្រដៀងគ្នានេះ អ្នកស្រី ហង្ស ភឿន ដែលមានផ្ទះស្នាក់នៅក្នុងភូមិនេះដែរ ប្រាប់ថា៖«ក្នុងការបើកបម្រើផ្ទះស្នាក់នេះពិតជាបានជួយច្រើនក្នុងការផ្តល់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ក្នុងនេះអ្នកស្រីបានយកប្រាក់ឈ្នួលស្នាក់នៅមួយយប់តម្លៃ ៤ដុល្លារសម្រាប់ភ្ញៀវម្នាក់។បើភ្ញៀវចង់ឱ្យធ្វើម្ហូបឱ្យ ឬក៏ចង់បរិភោគជាមួយពួកគាត់គឺគិតលុយបញ្ចូលបន្ថែមទៀត»។

ស្រ្តីរូបនេះ រៀបរាប់ថា៖«ពេលបើកដំបូងៗខ្ញុំមានការអៀនភ្ញៀវ តែពេលនេះលែងហើយ។ពួកយើងស្និទ្ធស្នាលគ្នា ហើយភ្ញៀវបរទេសខ្លះមកស្នាក់នៅរាប់ខែប្រៀបដូចបងប្អូន។ ពួកគេមកទេសចរ និងមកស្រាវជ្រាវ។ ថ្ងៃខ្លះភ្ញៀវបរទេសមកចូលរួមធ្វើចំការ ធ្វើស្រែ ជួយធ្វើនំលក់ក៏មានដែរ។គិតទៅសប្បាយ និងមានអនុស្សាវរីយ៍ល្អៗជាមួយពួកគាត់។ ថ្ងៃខ្លះពួកខ្ញុំ ក៏នឹកពួកគាត់»។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ លោក ទូច ម៉ន ប្រាប់ក្រុមអ្នកសារព័ត៌មានថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ នៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៣៨២ ហិចតា។ទីនេះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលគ្មានគូប្រៀប។នៅទីនេះទទួលបានភ្ញៀវទេសចរបរទេសពិសេសអឺរ៉ុបច្រើនបំផុតដោយក្នុងមួយខែអាចទទួលបានចំនួនប្រមាណ៥០០នាក់។ហើយបើគិតជាភ្ញៀវមួយខែគិតជាមធ្យម១ម៉ឺននាក់។

លោកបានប្រៀបធៀបពលរដ្ឋក្នុងសហគមន៍នេះដែលកាលពីមិនទាន់ចងក្រងជាសហគមន៍ប្រៀបដូចជនជាតិភាគតិចពោលគឺរស់នៅដាច់ដោយឡែកពីគេ តែបច្ចុប្បន្នស្ថានភាពគ្រួសាររបស់ប្រជាសហគមន៍ល្អប្រសើរមិនចាញ់ពីតំបន់ដទៃទៀតឡើយ។

ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) លោក ឃិន ម៉េងឃាង ឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិ បច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគមន៍ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរគឺមានចំនួន១៥សហគមន៍ដែលទទួលបានការគាំទ្រទាំង ទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវ៉ាញ ។គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន២០២៣-២០២៨។

ដោយឡែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ឱ្យដឹងថាពេលបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះហើយតំបន់ការពារធនធានធម្មជាតិរបស់យើងមានសក្តានុពលច្រើនសំរាប់ពង្រីកគោលដៅលំហែបៃតង។ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹកស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាកកម្សាន្តនៅតាមតំបន់សហគមន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទីលំហែបៃតង។តាមរយៈការជំរុញនេះដែរប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាផ្ទះស្នាក់ នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់មានចំនួនជាង៣០ផ្ទះ ដោយក្នុងនេះថ្លៃឈ្នួលស្នាក់នៅភ្ញៀវម្នាក់ត្រូវបង់ប្រាក់៤ដុល្លារ ដើម្បីស្នាក់នៅក្នុងរយៈពេលមួយថ្ងៃ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


