ព័ត៌មានជាតិ
ស្ដាប់អ្នកនាំពាក្យអគ្គនគរបាលជាតិបញ្ជាក់ ក្រោយការបែកធ្លាយសំឡេង ស្តីពីការអនុវត្តច្បាប់ចរាចរណ៍
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះ បានបែកធ្លាយសារសម្លេង ក៏ដូចជាលិខិតស្តីពីការបន្ធូរបន្ថយ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយបញ្ហានេះ បាននាំឱ្យមានការជជែកគ្នានៅតាមបណ្ដាញព័ត៌មាន ក៏ដូចជាបណ្ដាញសង្គមផ្សេងៗ នាំឲ្យមានការយល់ច្រឡំ ចំពោះការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គនគរបាលជាតិបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលនេះថា គេមិនដែលឱ្យអនុវត្ត ឬកាត់បន្ថយការអនុវត្តលិខិតបទដ្ឋានដោយមាត់ទទេនោះទេ យើងអនុវត្តអនុក្រឹត្យ។ អញ្ចឹងប្រសិនបើមានការលើកលែង ត្រូវមានលិខិតណែនាំផ្សេងៗ និងមានក្រដាសស្នាមនាំជាផ្លូវការ។ លោកបញ្ជាក់ថា “អត់មានគោលការណ៍ឲ្យកាត់បន្ថយអី ចំណុចណាមួយនៅក្នុងអនុក្រឹត្យលេខ៣៩នោះទេ យើងអនុវត្តពីមុនមកយ៉ាងម៉េច គ្រាន់តែមានការណែនាំឱ្យអនុវត្តវិធានការច្បាប់ស្របទៅជាមួយនឹងការអប់រំដោយទន់ភ្លន់ អត់មានកំណត់ថា ចំណុចណាត្រូវលើកលែង ចំណុចណាត្រូវអនុវត្ត ដូចជាអត់មានគោលការណ៍ដែលនាំជាផ្លូវការឮរឿងហ្នឹងទេ”។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ទៀតថា “គេមិនដែលលុបការអនុវត្ត ដែលមានលិខិតស្នាមគតិយុត្តិហើយ ដោយនិយាយតែនឹងមាត់នោះទេ មិនដែលទេ បើចង់លុប គឺត្រូវចេញលិខិតស្នាមលិខិតបទដ្ឋានមួយទៀតដើម្បីលុប ឬដើម្បីនាំការអនុវត្ត”។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះ មានការបែកធ្លាយសារសម្លេងរបស់លោកវរសេនីយ៍ទោស ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលបាននិយាយពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យលេខ៣៩ និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយយោងតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ហើយសារសំលេង ក៏ដូចជាលិខិតនោះ ធ្វើការណែនាំដល់លោកនាយការិយាល័យទាំង២៥ រាជធានី-ខេត្ត ស្តីពីការកែសម្រួលចំពោះរថយន្ត៩ ចំណុច និងម៉ូតូ៧ ចំណុចរួមមាន៖
ទី១. រថយន្តពិន័យ៩ចំណុច ត្រូវកែសម្រួលមក ការអប់រំ៥ ចំណុច និងពិន័យ៤ចំណុច៖
ការអប់រំ៥ ចំណុចរួមមាន៖ ១. មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា ២. ការល្មើសបទ និងជែង ៣. ការមិនពាក់ខ្សែក្រវាត់ ៤. ការដឹកលើសចំណុះ (អប់រំណែនាំ និងរើទម្លាក់ចុះ តាមច្បាប់កំណត់) ៥. ការប្រើប្រាស់ទូរសព្ទ។
ការពិន័យ៤ ចំណុចរួមមាន៖ ១. ល្មើសល្បឿនកំណត់ ២. បើកបរក្នុងស្ថានភាពស្រវឹង ៣. គ្មានប័ណ្ណបើកបរ ៤. អត់ផ្លាកលេខ និងប័ណ្ណសម្គាល់រថយន្ត។
ទី២. ម៉ូតូពិន័យ០៧ ចំណុច ត្រូវកែសម្រួលមក ការអប់រំ៤ចំណុច និងពិន័យ៣ចំណុច៖
ការអប់រំ៤ ចំណុចរួមមាន៖ ១. មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា ២. ការល្មើសបទ និងជែង ៣. ការប្រើប្រាស់ទូរសព្ទ ៤. គ្មានកញ្ចក់ឆ្លុះត្រឡប់ក្រោយ។
ការពិន័យ០៣ចំណុចរួមមាន៖ ១. មិនពាក់មួកសុវត្ថិភាព (តែត្រូវចេះបត់បែនតាមកាលៈទេសៈ បើមិនអាចទេ ត្រឹមធ្វើការអប់រំ) ២. បើកបរក្នុងស្ថានភាពស្រវឹង ៣. គ្មានផ្លាកលេខ។
ជាការកត់សម្គាល់ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវកន្លងមក តែងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ ជាពិសេសការចាប់ផាកពិន័យ រហូតមានការប្រទូស្តរាយគ្នាទៀតផង។ ទន្ទឹមនោះ ក៏មានអ្នកដំណើរខ្លះ មិនបានចូលរួមអនុវត្តឲ្យបានត្រឹមត្រូវនៅឡើយទេ ដូចជាការបើកបរមិនគោរពភ្លើងក្រហម ការជែងមិនមើលគន្លងផ្លូវ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម៕
ដោយ ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


