ព័ត៌មានជាតិ
តើក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិអំណាច និងសមត្ថកិច្ចយ៉ាងណាខ្លះ?
ក្រោយការពិនិត្យដោយផ្អែកលើគតិច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីពេលថ្មីៗនេះ បានសម្រេចបដិសេធចោលលើការទាមទាររបស់គណបក្សចំនួនពីរក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចចុងក្រោយបិទផ្លូវតវ៉ា ដោយមិនអនុញ្ញាតឲ្យគណបក្សទាំងពីរនេះចូលរួមការបោះឆ្នោតថ្នាក់ជាតិ នៅពេលខាងមុខឡើយ។

នៅថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមលើកបង្ហាញអំពីសាវតាខ្លះៗរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថាតើស្ថាប័ននេះមានសិទ្ធិអំណាច និងសមត្ថកិច្ចយ៉ាងណាខ្លះ?
ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នកំពូលមួយមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ដែលមានសមត្ថកិច្ចធានាការពារ ការគោរព និងបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលស្ថាប័នសភាបានពិនិត្យ-អនុម័តរួចរាល់។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិអំណាចពិនិត្យ និងសម្រេចលើករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ជាគោលការណ៍ គឺក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយមកពិនិត្យដោយខ្លួនឯងបានឡើយ។ ក្នុងនោះមានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ ឬស្ថាប័នតុលាការប៉ុណ្ណោះដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន។ ប្រជាពលរដ្ឋ និងគណបក្សអាចលើកសំណើ ឬប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបានតាមលក្ខខណ្ឌ និងនីតិវិធីដែលច្បាប់បានកំណត់។

ទន្ទឹមនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចមោឃភាពនៃការអនុម័តទាំងឡាយរបស់រដ្ឋសភាក្នុងករណីផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជា ជាពិសេសដែលនាំឲ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អាចចាត់ទុកជាបានការលុះត្រាតែមានសមាជិកចំនួន៥រូបយ៉ាងតិចចូលរួមប្រជុំតាមការ កោះអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឬដោយសមាជិកដែលមានអាយុច្រើនជាងគេ ក្នុងករណីប្រធានមានធុរៈមិនអាចធ្វើបាន។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចសេចក្ដីតាមមតិភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល ពោលគឺសម្រេចសេចក្ដីតាមមតិយ៉ាងតិច៥សំឡេង។
បើនិយាយអំពីសមាសភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានចំនួន៩រូប គឺប្រធាន១រូប និងសមាជិកចំនួន៨រូប ហើយមានអាណត្តិការងាររយៈពេល៩ឆ្នាំ។ ប៉ុន្តែ សមាជិកចំនួន៣រូប ត្រូវជ្រើសតាំង ឬតែងតាំង រាល់រយៈពេល៣ឆ្នាំម្ដង។ ក្នុងចំណោមសមាសភាពក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប គឺចំនួន៣រូប តែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ចំនួន៣រូប ជ្រើសតាំងដោយរដ្ឋសភា និងចំនួន៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។

ចំពោះការជ្រើសតាំងប្រធាន គឺត្រូវធ្វើតាមរយៈការបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងសំឡេងភាគច្រើនដាច់ខាតរៀងរាល់បីឆ្នាំម្តងក្រោយពីសមាជិកថ្មី៣រូបចូលកាន់តំណែង។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និងបុព្វសិទ្ធិស្មើប្រធានរដ្ឋសភា ខណៈសមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើអនុប្រធានរដ្ឋសភា។ សមាសភាពក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានតែងតាំង ឬជ្រើសតាំងក្នុងចំណោមឥស្សរជនដែលមានសញ្ជាតិខ្មែរពីកំណើត (ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ) មានអាយុយ៉ាងតិច៤៥ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងតិច១៥ឆ្នាំ និងមានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និងសេដ្ឋកិច្ច៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


