ព័ត៌មានអន្ដរជាតិ
ទីហ្វុងយ៉ាកជី បង្កការខាតបង់ ១,៦ ប៊ីលានដុល្លារនៅវៀតណាម និងអាចទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសនេះ
ទីហ្វុងដ៏កំណាច យ៉ាកជី និងចំហាយព្យុះនេះ បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់នានារបស់វៀតណាម ដែលលាតសន្ធឹងចន្លោះពីខេត្ត Thanh Hoa និងតំបន់ភាគខាងជើង ដោយវាត្រូវបានគេប៉ាន់ស្មានថា បង្កការខាតបង់ទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ ទ្រីលានដុង (១,៦ ប៊ីលានដុល្លារ) រហូតមកទល់ពេលនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
តួលេខនេះ ត្រូវបានវាយតម្លៃជាបឋមដោយក្រសួងផែនការ និងវិនិយោគវៀតណាម ហើយត្រូវបានលើកយកមកបង្ហាញក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីដោះស្រាយផលវិបាកក្រោយព្យុះទីហ្វុង ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃអាទិត្យ។
ខេត្ត-ក្រុងចំនួន ២៦ នៅតំបន់ភាគខាងជើង និងខេត្ត Thanh Hoa ដែលរងផលប៉ះពាល់ដោយទីហ្វុង យ៉ាកជី រួមចំណែកជាង ៤១ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម និង ៤០ ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេស។ រហូតមកដល់ពេលនេះ តំបន់មួយចំនួននៅតែជួបប្រទះនឹងគ្រោះទឹកជំនន់ ឬប្រឈមមុខនឹងហានិភ័យខ្ពស់នៃការខូចខាតបន្ថែមទៀត ដែលអាចធ្វើឱ្យការខាតបង់ទាំងមូលកាន់តែធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី រំពឹងថានឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចវៀតណាម និងតំបន់ជាច្រើនរបស់ប្រទេស ធ្លាក់ចុះនៅក្នុងឆមាសទី២នៃឆ្នាំនេះ។
លោក Dung បានគូសបញ្ជាក់ជាលម្អិតថា កំណើន GDP របស់ប្រទេស អាចនឹងធ្លាក់ចុះ ០,៣៥ ភាគរយ នៅត្រីមាសទី៣ និង ០,២២ ភាគរយ នៅត្រីមាសទី៤។ សម្រាប់រយៈពេលពេញមួយឆ្នាំ GDP វៀតណាម អាចធ្លាក់ចុះ ០,១៥ ភាគរយ បើប្រៀបធៀបទៅនឹងសេណារីយ៉ូគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៦,៨ ទៅ ៧ ភាគរយ។ ទិន្នាការនេះ នឹងអាក្រក់ជាងគេនៅតំបន់រងគ្រោះខ្លាំងបំផុត ដូចជា ក្រុង Hai Phong ខេត្ត Quang Ninh ខេត្ត Thai Nguyen និងខេត្ត Lao Cai ដោយរំពឹងការធ្លាក់ចុះនៃកំណើនប្រមាណ ០,៥ ភាគរយ។
គួរគូសបញ្ជាក់ថា យ៉ាកជី គឺជាព្យុះទីហ្វុងដែលមានកម្លាំងខ្លាំងបំផុតនៅសមុទ្រចិនខាងត្បូងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយក៏ជាព្យុះដ៏កំណាចសាហាវបំផុត ដែលវាយលុកវៀតណាមក្នុងរយៈពេល ៧០ ឆ្នាំ។ វាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងយ៉ាងដំណំ និងធ្វើឱ្យមនុស្សប្រមាណ ៣៥០ នាក់ ស្លាប់ និងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


